អ្នកភូមិ​ឡពាង​ស្វែងរក​មេធាវី​តតាំងក្ដី​ជាមួយ​ប្រពន្ធ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី

ពលរដ្ឋមានជម្លោះដីធ្លីជាមួយលោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ ស្ថិតនៅភូមិឡពាង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មកដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

អ្នកភូមិឡពាង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្វែងរកមេធាវី ដើម្បីតតាំងក្ដីជាមួយប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ដែលជា​ភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងរឿងជម្លោះដីធ្លី​ ក្រោយ​ពីតុលាការ​បាន​ចេញដីកា​កោះហៅពលរដ្ឋ៧នាក់ឱ្យចូលបំភ្លឺ​។

កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានចេញដីកាកោះហៅពលរដ្ឋ៧នាក់ នៅ​ភូមិឡពាង ឃុំ​តាជេស ស្រុកកំពង់ត្រឡាច ឱ្យចូលទៅបំភ្លឺ​នៅ​​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីទាញហេតុផលផ្ទាល់មាត់ ជុំវិញបណ្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយម្ចាស់ក្រុមហ៊ុន ខេឌីស៊ី របស់​លោកស្រី ជា ខេង ប៉ុន្តែត្រូវបានអ្នកភូមិ៧នាក់នោះដាក់ពាក្យសុំ​ពន្យារពេលចូលបំភ្លឺវិញ។

អ្នកភូមិឡពាង អ្នកស្រី កែវ សុវណ្ណ អាយុ​៥៩​​ឆ្នាំ ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍​នេះថា ពួក​គាត់​បាន​​ដាក់​ពាក្យសុំពន្យារពេលចូល​បំភ្លឺ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន ដោយ​សារ​ពួកគាត់​រ​កមេធាវីមកការពារក្ដីមិនទាន់បាន និងម្យ៉ាងទៀតតំណាងរបស់ពួកគេម្នាក់កំពុងជាប់ឃុំនៅឡើយ។

អ្នកស្រីបន្តថា អ្នកភូមិ​បាន​ស្វែងរកមេធាវី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយតតាំងក្ដីជាមួយលោកស្រី ជា ខេង ដែរ ​ប៉ុន្តែខាងមេធាវីលោកនាយកមន្ត្រី​មិនទទួលការស្នើ​សុំរបស់ពួកគាត់ឡើយ​​ ក្រោមហេតុផលថាជាប់​រវល់ ខណៈការស្វែងរកមេធាវីពី​ខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មិនទាន់មានការឆ្លើយតបនៅ​ឡើយ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំទៅរកមេធាវីសម្ដេចឱ្យជួយដែរ ប៉ុន្តែមេធាវីសម្ដេចមិនទទួលទេ គេថាចៅក្រមហ្នឹងសុទ្ធតែបងប្អូន សុទ្ធតែមិត្តភក្តិ គេមិនអាចកាន់ក្ដីឱ្យពួកខ្ញុំបានទេ។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​ខ្ញុំ​នាំ​គ្នា​ទៅរកមេធាវី​កន្លែង​ផ្សេង​ទៀត»

អ្នកស្រី កែវ សុវណ្ណ ឱ្យដឹងទៀត​​ថា អ្នកភូមិឡពាង ៣១គ្រួសារ បានប្ដឹងទៅតុលាការឱ្យមោឃ​ភាព​ចោលកិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ ខេឌីស៊ី ក្រោយ​ពីម្ចាស់ក្រុមហ៊ុន​មួយ​នេះផ្ដល់សំណងដីធ្លីឱ្យពួកគាត់៣៥គ្រួសារ​ទាំង​បង្ខិ​ត​បង្ខំ និងមានចំនួនតិចតួច និងបានរៀបចំគម្រោងភូតកុហក និងចាប់បង្ខំឱ្យពលរដ្ឋ​ផ្ដិត​មេដៃលើ​ឯកសារ ដើម្បីបញ្ជាក់​ថា ពួ​ក​គាត់​បាន​ទទួល​យក​សំណង។ 

ពលរដ្ឋឡពាងរូបនេះ​ឱ្យដឹងថា លោកស្រី ជា ខេង ផ្ដល់លុយឱ្យគាត់ត្រឹមតែ៤លានរៀលសម្រាប់ដី​៣ហិក​តា​កន្លះ ខណៈរូបគាត់និងពលរដ្ឋផ្សេងទៀតទាមទារសំណងតាមតម្លៃទីផ្សារ ដោយមួយ​ហិកតាប្រហែល​១០ ០០០​ ទៅ២០ ០០០​​ដុល្លារ។

តំណាងពលរដ្ឋឡពាង អ្នកស្រី អ៊ុំ សុភី ឱ្យដឹងថា បច្ចុប្បន្ននៅ​មានពលរដ្ឋ​ឡពាង ៥២គ្រួសារទៀត ដែលមាន​​ទំហំដី១១០ហិកតា កំពុងតវ៉ា​ជាមួយ​ក្រុមហ៊ុន​ ខេឌីស៊ី ខណៈជម្លោះដីធ្លីនោះអូសបន្លាយជិត២០ឆ្នាំមកហើយ​។ ករណីនេះបានស្នើដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះស្រាយ ជាពិសេសស្នើ​ដល់​តុលាការកាត់ក្ដីដោយផ្ដល់យុត្តិធម៌ដល់ពួកគាត់ផងដែរ។

អ្នកស្រីបន្ថែមថា៖ «ពាក់ព័ន្ធរឿងនេះ តុលាការលោកគួរតែរកយុត្តិធម៌ដល់ពួកខ្ញុំ។ កាត់ក្ដីដោយឈរលើគោលការណ៍ឯករាជ្យ​ យុត្តិធម៌សម្រាប់ពួកខ្ញុំ។ ហើយអាជ្ញាធរត្រូវដោះស្រាយរឿងនេះជូនពួកខ្ញុំឱ្យបានសមរម្យទៅតាមតម្លៃទីផ្សារ»

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីលោក គី តិច ប្រធានក្រុមមេធាវីរបស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានទេ នៅថ្ងៃនេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មិនទាន់អាចឆ្លើយបានទេ ពាក់ព័ន្ធអ្នកភូមិឡពាងស្នើមេធាវីពីខាងអង្គការរបស់លោកឱ្យជួយការពារក្ដីនេះ ដោយថា​ បញ្ហានោះកំពុងស្ថិតក្នុងការពិភាក្សាក្នុងក្រុមការងារនៅឡើយ។

លោកបន្តថា ករណីវិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ឡពាង និង​ភរិយា​រដ្ឋមន្ត្រី​នេះ ដែលបន្តអូសបន្លាយយូរឆ្នាំនេះ ដោយ​សារ​អាជ្ញាធរឬរដ្ឋាភិបាល​គ្មានឆន្ទៈក្នុងការដោះស្រាយបញ្ចប់។ លោកថា ការ​បណ្ដែត​បណ្ដោយ​ឱ្យជម្លោះដីធ្លី​បន្តអូសបន្លាយបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្សធ្ងន់ធ្ងរ ដោយសារ​អ្នកភូមិបានខ្លះបានបាត់បង់មុខរបរ ប្រាក់ចំណូល កូនៗបាត់បង់ការសិក្សា និងខ្វះខាតក្នុងជីវភាពគ្រួសារ។

លោកបន្ថែមថា៖ «មួយទៀត ទាក់ទងទៅនឹងជីវភាពរបស់ពួកគាត់នាពេលបច្ចុប្បន្ននេះ គឺវេទនាណាស់ កូនៗអត់បានទៅរៀនសូត្រដូចកូនប្រជាពលរដ្ឋដទៃទៀតទេ ដោយសាររវល់ដើរតស៊ូមតិដើម្បីទាមទារឱ្យ​មាន​​​​ដំណោះស្រាយដីធ្លី។ រហូតមកដល់បច្ចុប្បន្ននេះ ឃើញថា ជីវភាពរបស់ពួកគាត់កាន់តែលំបាកធ្ងន់ធ្ងរទៅ។ អ៊ីចឹង​វារំលោភសិទ្ធិមនុស្សទាំងអស់រ​បស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីហ្នឹង ហើយមិនត្រូវបាន​អើពើដោយរដ្ឋាភិបាលនិងអាជ្ញាធរជាដើមហ្នឹង»

គួររម្លឹកថា ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋឡពាង និង​ក្រុមហ៊ុន ខេឌីស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បាន​អូស​បន្លាយ​ជិត២០ឆ្នាំមកនេះ ​បាន​​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​​ពន្ធនាគារ និង​ប្រើ​ហិង្សា​បណ្ដាល​ឱ្យ​របួស​ជាច្រើន​នាក់ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ