សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថាខេមបូចា បានឱ្យដឹងថា យ៉ាងហោចណាស់អ្នកសារព័ត៌មានជាង ១០នាក់កំពុងជាប់បណ្តឹងព្រហ្មទណ្ឌនៅតុលាការរយៈពេល ៣ខែ ចុងក្រោយកាលពីឆ្នាំមុន ខណៈវប្បធម៌និទណ្ឌភាពលើអ្នកសារព័ត៌មាននៅតែបន្តកើតមាន។
ក្នុងរបាយកាណ៍កម្រាស់ជាង ១០ទំព័រ របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា នាអំឡុងពេល៣ខែចុងឆ្នាំមុន អ្នកសារព័ត៌មានចំនួន ១២នាក់នៅតាមបណ្តា រាជធានី-ខេត្តមួយចំនួនរួមមាន នៅរាជធានីភ្នំពេញ ខេត្តព្រះវិហារ កោះកុង និងខេត្តកំពត ត្រូវបានតុលាការចោទប្រកាន់ពី «បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារបង្កាច់កេរ្តិ៍» ។
របាយការណ៍ដដែលចាត់ទុកការចោទប្រកាន់របស់តុលាការមកលើអ្នកសារព័ត៌មានថា សិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់អ្នកសារព័ត៌មាននៅតែបន្តរំលោភបំពាន ពីសំណាក់អ្នកមានលុយ និងមានអំណាច ស្របពេលវប្បធម៌និទណ្ឌភាពនៅតែបន្តកើតមាន។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោកណុប វី មានប្រសាសន៍ថា របាយការណ៍នេះ បង្ហាញទៅរដ្ឋាភិបាលឱ្យដឹងពីស្ថានភាពអ្នកសារព័ត៌មានឯករាជ្យក្នុងការចុះបំពេញការងារ និងការប្រមូលព័ត៌មានសម្រាប់ផ្សព្វផ្សាយពីរឿងអយុត្តិធម៌ក្នុងសង្គម រឿងពុករលួយ និងរឿងរសើបរបស់អ្នកមានអំណាច នៅតែបន្តរងការរឹតត្បិតសេរីភាព និងការគំរាមកំហែងពីសំណាក់អាជ្ញាធរ អ្នកមានអំណាច និងអ្នកមានលុយជាដើម។
នាយកប្រតិបត្តិរូបនោះ ជំរុញទៅរដ្ឋាភិបាលយកចិត្តទុកដាក់ជួយអន្តរាគមន៍ ដើម្បីការពារសុវត្ថិភាពពេញលេញដល់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ និងបញ្ចប់វប្បធម៌និទណ្ឌភាពនៅកម្ពុជា ទើបទទួលបានផលវិជ្ជមានខ្ពស់។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវមានការធានានូវសន្តិសុខ សុវត្ថិភាពរបស់អ្នកសារព័ត៌មានឱ្យបានពេញលេញ ពីសំណាក់សមត្ថកិច្ច អាជ្ញាធររដ្ឋាភិបាល ទីពីរបញ្ចប់វប្បធម៌និទណ្ឌភាពលើករណីទាំងឡាយណាដែលកើតឡើងទៅលើអ្នកសារព័ត៌មាន»។
លោកបន្ថែមថា៖ «មួយទៀតត្រូវធានាមិនមានករណីប្តឹងអ្នកសារព័ត៌មានបន្តទៅទៀត នៅពេលគាត់បំពេញការងារតាមវិជ្ជាជីវៈរបស់គាត់ក្នុងការធ្វើសេចក្តីរាយការណ៍ផ្សេងៗ ដូចជារឿងអំពើពុករលួយ និងរឿងអយុត្តិធម៌ក្នុងសង្គម រឿងដីធ្លី រឿងនយោបាយ ដែលកើតឡើងក្នុងប្រទេសយើងជាដើម»។
បន្ថែមពីនេះ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី លើកទឹកចិត្តដល់អ្នកសារព័ត៌មានគ្រប់រូបត្រូវបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ ដើម្បីការពារកុំឱ្យមានការចោទប្រកាន់ពីសំណាក់អាជ្ញាធរ អ្នកមានលុយនិងមានអំណាចផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក ផុស សុវណ្ណ មានប្រសាសន៍ថា លោកពិបាកវាយតម្លៃ ឬសន្និដ្ឋានលើរបាយការណ៍របស់ខេមបូចា ថារឿងចោទប្រកាន់លើអ្នកសារព័ត៌មានកន្លងមកខុសច្បាប់ ឬត្រូវតាមច្បាប់ ។
ប៉ុន្តែលោក សុវណ្ណ បញ្ជាក់ថា បើសិនជាខេមបូចាមានព័ត៌មាននិងភស្តុតាងគ្រប់គ្រាន់តែអ្នកសារព័ត៌មានដែលត្រូវបានតុលាការចោទប្រកាន់នោះមិនត្រូវតាមច្បាប់ ហើយមានភស្តុតាងគ្រប់គ្រាន់ អាចរាយការណ៍មកក្រសួងគឺក្រសួង និងរកវិធីជួយដោះស្រាយ ឬផ្តល់ប្រឹក្សាផ្នែកច្បាប់ ឬផ្តល់មេធាវីជួយការពារក្តី ដើម្បីជួយរកយុត្តិធម៌ជូនពួកគេផងដែរ។
លោកមានប្រសាសន៍ថា៖ «បើសំណើ និងមានភស្តុតាងគ្រប់គ្រាន់ ក្រសួងនិងពិនិត្យមើលតាមផ្លូវច្បាប់ ព្រោះយើងមាននាយកដ្ឋាននីតិកម្មមួយចំណុះនៅក្នុងក្រសួងដើម្បីជួយ ព្រោះបើមានភស្តុតាងគ្រប់គ្រាន់ថាអាជ្ញាធរ អ្នកមានលុយ មានអំណាច ចោទប្រកាន់ខុស យើងនឹងធ្វើសំណើរទៅសម្តេចនាយក [នាយករដ្ឋមន្ត្រីហ៊ុន សែន] ឱ្យគាត់ជួយបាន»។
យ៉ាងណាក្តី កាលពីខែមេសា ឆ្នាំ២០២១នេះ អង្គការអ្នកកាសែតគ្មានព្រំដែន បានបន្តផ្តល់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតនៅលេខរៀងទី១៤៤ ក្នុងចំណោម ១៨០ប្រទេសនិងដែនដីនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០១៧មក៕