ព្រះមហាក្សត្រប្រទានសញ្ជាតិខ្មែរដល់គ្រួសារលោក បេន ដែលជាសកម្មជនការពារព្រៃឈើជនជាតិអាមេរិក

រូបជុំគ្រួសារលោក បេន(ប្រភព៖ ហ្វេសប៊ុកNeth Pheaktra)

ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដល់សកម្មជន​ការ​ពារ​ព្រៃឈើ លោក ដាវិស​ បេន និងសមាជិក​គ្រួសារ​របស់​លោក ដែលជាជន​ជាតិអាមេរិក ក្រោយមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន។

ក្នុងព្រះរាជក្រឹត្យមួយចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដែលវីអូឌីទើបទទួលបាននៅថ្ងៃចន្ទនេះ ឱ្យដឹងថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានត្រាស់បង្គាប់​ផ្តល់សញ្ជាតិខ្មែរ​ដល់ លោក ដាវិស បេន យ៉ូសែប(DAVIS BENJAMIN JOSEPH) ជាជនជាតិអាមេរិក និង​​​សមា​ជិក​​​គ្រួសារ​របស់​លោក សរុប​ចំនួន​៤នាក់ ដែល​កំពុងធ្វើ​សកម្មភាពការពារព្រៃឈើនៅ​​ក្នុង​​ខេត្តព្រះវិហារ នាពេល​បច្ចុប្បន្ន។

បើតាមព្រះរាជក្រឹត្យដដែល ជនបទេស និងជាសកម្មជនការពារព្រៃឈើដែលត្រូវទទួលបានសញ្ជាតិខ្មែរនោះ រួម​មាន លោក ដាវិស បេន យ៉ូសែប (DAVIS BENJAMIN JOSEPH) ជនជាតិអាមេរិក សញ្ជាតិអាមេរិក ត្រូវជា​ប្តី និង​អ្នកស្រី ដាវិស សារិន ប៉ាទ្រីសា (LWIN SHARYN PATRICIA) ជនជាតិអូស្ត្រាលី សញ្ជាតិ​អូស្ត្រាលីជាប្រពន្ធ ខណៈ​កុមារី ដាលិស អាម៉ាលី ការីស (DAVIS AMELIE CHARIS) និងកុមារី ដាវិស ចារ៉ា កាមីល (DAVIS JARRAH CAMILLE) ជនជាតិអូស្ត្រាលី សញ្ជាតិអូស្ត្រាលី ត្រូវជាកូនៗ។

មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ បញ្ជាក់បន្ថែមថា ព្រះមហាក្សត្រសម្រេចផ្តល់សញ្ជាតិខ្មែរដល់គ្រួសារលោក ដាវិស បេន ក្រោយ​ពីមានការ​​ស្នើសុំពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកថា«ព្រះមហាក្សត្រលោកតែងតាំង ឬសម្រេចផ្តល់សញ្ជាតិទៅបុគ្គលណា គឺមិនមែនគ្មានការយល់ព្រមពីរដ្ឋាភិបាលទេ អីចឹង​បើព្រះករុណា​ ចេញព្រះរាជក្រឹត្យ មានន័យថា មានការស្នើសុំពីក្រោមហើយ»

ប្រធានអង្គភាព​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការស្នើឱ្យមានការផ្តល់សញ្ជាតិខ្មែរ​ដល់​គ្រួសារជនជាតិអាមេរិករូប​នេះ គឺដោយសារ​គ្រួសារជនបទេសមួយនេះបានលះបង់ និងចំណាយថវិកា​ផ្ទាល់ខ្លួនជាច្រើន ដើម្បីការពារព្រៃឈើនៅកម្ពុជា។

លោកបន្ថែមថា«ព្រោះគាត់ស្មោះស្ម័គ្រក្នុងការជួយអភិរក្សព្រៃឈើរបស់យើង រហូតគាត់ធ្លាក់ខ្លួនក្រមែនទែន អីចឹង​គាត់មានគុណវឌ្ឍន៍​​សម​នឹង​ទទួលបានសញ្ជាតិ​ខ្មែរ​នេះ​ហើយ ពីព្រោះគាត់បានលះបង់ច្រើនណាស់សម្រាប់ប្រយោជន៍ខ្មែរ»

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្ថែមថា លោក បេន​ និងភរិយារបស់​គាត់ បាន​ចូលរួមការពារ និងអភិរក្សព្រៃឈើ និង​សត្វព្រៃ ជា​មួយរាជរដ្ឋាភិបាលកម្ពុជារយៈពេលជាង ២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ។

លោក ដាវិស បេន យ៉ូសែប ប្រាប់វីអូឌី​នៅថ្ងៃច​ន្ទនេះថា រូបលោកក៏ដូចជាក្រុមគ្រួសារ មានក្តី​​រីករាយ​ជាខ្លាំង ដែល​​ព្រះមហាក្សត្យត្រាស់បង្គាប់​ឱ្យ​​ផ្តល់សញ្ជាតិ​ខ្មែរដល់គ្រួសាររបស់​លោក។ លោកបានប្តេជ្ញាថា នឹង​​បន្តសកម្មភាព​​​ការពារ និងអភិរក្សធនធានព្រៃឈើនៅកម្ពុជា​ រួមទាំងសត្វព្រៃ​ឱ្យខ្លាំងក្លា​ថែម​ទៀត។

លោក​បន្ថែមថា៖ «យើងអរ យើងដឹងគុណដល់រដ្ឋ​និងប្រជាជនខ្មែរ ដែលជួយគាំទ្រនិងដោះស្រាយបញ្ហានេះឱ្យ​យើង​បាន​សញ្ជាតិ​ខ្មែរ។ ពេលយើងមានសញ្ជាតិ វាល្អសម្រាប់យើង ហើយយើងអរគុណមែនទែន។ យើងនៅតែរក្សាជំហរ និងប្តេជ្ញា​ចិត្ត​ការពារព្រៃឈើបន្តទៅទៀត»។

លោក បេន ឱ្យដឹងទៀត​​ថា លោកបានចូលមកកម្ពុជា និងធ្វើសកម្មភាព ដើម្បីការពារធនធានធម្មជាតិ និងសត្វ​ព្រៃ​តាំងពីឆ្នាំ១៩៩២ ដែលគិតមកដល់ពេលនេះ មានរយៈពេលជិត៣០ឆ្នាំមកហើយ។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគម​បណ្ដាញយុវជនកម្ពុជា លោក ហេង គឹម​ហុង សាទរចំពោះ​ការផ្តល់សញ្ជាតិខ្មែរដល់គ្រួសារជនបរទេសដែលបានលះបង់ ដើម្បីការពារ​ព្រៃឈើ និងសត្វព្រៃនៅ​កម្ពុជា​នេះ។

លោក​ក៏ចង់ឃើញជនជាតិបរទេសផ្សេងទៀត ដែលបានខិតខំ​​ការពារធនធានធម្មជាតិ និងការធ្វើ​សកម្មភាពផ្សេងទៀត​ ដើម្បីការពារផលប្រយោជន៍​នៅ​កម្ពុជា ត្រូវបានលើកទឹកចិត្ត និងផ្តល់សញ្ជាតិសម្រាប់ពួកគេផងដែរ។

លោកបន្ថែមថា«ប្រសិនបើពួកគេបានចូលរួមយ៉ាងសកម្មក្នុងការការពារ លើកម្ពស់ផលប្រយោជន៍របស់កម្ពុជា គួរតែទទួលបានឱកាស ការលើកទឹក​ចិត្ត គួរតែទទួលបានការតបស្នងសងគុណវិញ ក្នុងនាមជាអ្នកពេញចិត្តក្នុងការការពារធនធានធម្មជាតិ ឬក៏សម្បត្តិរួមរបស់ខ្មែរ»

ក្នុងវីដេអូឃ្លីបមួយ​ដែលផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីឆ្នាំ២០១៩ លោក បេន​ និយាយ​ថា មូល​ហេតុ​ដែល​​រូប​​លោក និងគ្រួសារលះបង់ច្រើនដើម្បីបុព្វហេតុការពារ និង​អភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុង​ដែន​ជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកក្នុងខេត្តព្រះវិហារនោះ ដោយសារតែលោកស្រឡាញ់ព្រៃឈើ និងសត្វព្រៃទាំងនោះ។

លោកបន្ត​ថា«បច្ចុប្បន្ននេះ ខ្ញុំឃើញសត្វព្រៃ វាត្រូវបានហិនហោចដោយសារគេសម្លាប់ ហើយព្រៃឈើក៏បាត់បង់ច្រើនចាប់តាំងពីខ្ញុំមកកម្ពុជា ហើយខ្ញុំមានបំណងចង់ចាប់ដៃជាមួយអ្នកដែលស្រឡាញ់​ធនធានធម្មជាតិ​ សត្វព្រៃ ដើម្បីសហការជាមួយពួកគេ ដើម្បីការពារព្រៃឈើ ដើម្បីអនាគតខ្មែរ ព្រោះបើវាអស់វាដាច់ពូជ វាមិនអាចបង្កើតឡើងវិញងាយទេ»

យោង​តាម​​ច្បាប់ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦ ឱ្យដឹងថា ការទទួលបាន​សញ្ជាតិខ្មែរ អាច​កើតឡើង​នៅ​ក្នុង​ករណី ៣ ធំៗ​ រួមមាន ការទទួលសញ្ជាតិខ្មែរ​ពី​កំណើត ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​អាពាហ៍ពិពាហ៍ និងការទទួលសញ្ជាតិ​ខ្មែរ​តាមរយៈ​ការ​សុំចូល​សញ្ជាតិ។

មាត្រា៧ នៃច្បាប់ដដែល ចែងថា ដើម្បីទទួលបាន​សញ្ជាតិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម​ ឬ​ការស្នើសុំចូល​សញ្ជាតិ​នេះ ជនបរទេស​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ ដូចជា ត្រូវមាន​លិខិត​បញ្ជាក់ថា ជននោះ​មាន​ទីលំនៅ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ស្នាក់​ស្របច្បាប់​​ក្នុងរយៈពេល​យ៉ាងតិច ៧ឆ្នាំ ហើយ​កំពុង​បន្ត​មាន​ទីលំនៅ​​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ពេល​ដាក់ពាក្យសុំ​សញ្ជាតិ។ បន្ថែមពីនេះ ត្រូវចេះនិយាយភាសាខ្មែរ ចេះអក្សរ​ខ្មែរ និងយល់ដឹងប្រវត្តិសាស្រ្តខ្មែរខ្លះៗ ហើយបង្ហាញ​ថា ខ្លួនអាចរស់នៅក្នុងសង្គមខ្មែរ​ដោយសុខដុម ព្រមទាំង​ទទួលយកនូវទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ខ្មែរ។

លើសពីនេះ ត្រូវមាន​លិខិត​បញ្ជាក់ថា ​ជននោះ​មាន​គំនិត​មាយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេឃុំ ឬ​ចៅ​សង្កាត់​នៃ​ទីលំនៅ​របស់​ខ្លួន និងត្រូវមាន​លិខិត​ថ្កោលទោស ដែល​បញ្ជាក់ថា ពុំដែល​មាន​ទោស​ពី​បទព្រហ្មទណ្ឌ​​ណាមួយ ព្រមទាំងត្រូវមាន​បញ្ញា និង​កាយសម្បទា​ល្អ ដែល​មិន​នាំឱ្យ​មាន​គ្រោះថ្នាក់ ឬ​ជា​បន្ទុក​ដល់​ជាតិជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ