កម្ពុជា​ប្ដេជ្ញា​ស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ាន ពាក់ព័ន្ធបញ្ហាប្រឈមមួយចំនួនរបស់អាស៊ាន ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កម្ពុជាក្នុងនាមជាប្រធានអាស៊ាន បាន​ប្ដេជ្ញាចិត្តជាថ្មីក្នុងការ​​ស្វែងរកដំណោះស្រាយ​វិបត្តិនយោ​បាយ​​នៅ​មីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) ដើម្បី​ធ្វើឱ្យស្ថានភាពនយោបាយនៅប្រទេសនេះត្រលប់ទៅរកប្រក្រតីភាព និងទប់ស្កាត់ការអូស​បន្លាយ​ទុក្ខវេទនារបស់ប្រជាជន។

ការប្ដេជ្ញាជាថ្មីនេះធ្វើឡើង​បន្ទាប់ពីអគ្គលេខាធិការអាស៊ាន លោក លឹម ចុកហ៊ុយ បាន​មក​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់​ប្រមុខការទូតកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍របស់កម្ពុជា​ក្នុងនាមប្រធានអាស៊ាន ស្ដីពី​ស្ថានភាពមីយ៉ាន់ម៉ា ឬ​ភូមា កាល​ពីថ្ងៃ​ម្សិលមិញ បានឱ្យដឹងថា អស់រយៈពេលជាងមួយឆ្នាំមក​ហើយ ប្រទេស​ជាសមា​ជិក​អាស៊ាន​នៅតែ​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវត្តនានានៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងរបាយ​ការណ៍​នៃ​ការ​បន្ត​កើត​មាន​នូវ​អំពើហិង្សា និងការធ្លាក់ចុះនៃស្ថានភាពមនុស្សធម៌ជាដើម។

សេចក្ដីថ្លែងការណ៍បន្តថា៖ «ប្រទេសជាសមាជិកអាស៊ាន សូមអះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន និងការត្រៀមលក្ខណៈរួចរាល់ដើម្បីជួយដល់មីយ៉ាន់ម៉ា ស្របតាមឆន្ទៈនៃប្រជាជនមីយ៉ាន់ម៉ា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច [5PC] និងធម្មនុញ្ញអាស៊ាន ជាមួយការយល់ឃើញថា សន្តិភាពនិងការបង្រួបបង្រួមជាតិយូរអង្វែងអាចសម្រេចទៅបាន លុះត្រាណាដំណោះស្រាយនយោបាយនោះប្រកបដោយបរិយាប័ន្ន ជាដំណោះស្រាយដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់និងដឹកនាំ និងដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ»។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា ប្រទេសជាសមាជិកអាស៊ានបានបញ្ជាក់ពីភាពប្រញាប់ប្រញាល់នៃការបញ្ចប់អំពើហិង្សាជាបន្ទាន់ និងសម្រាប់គ្រប់ភាគីទាំងអស់ក្នុងការប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុត។ បន្ថែមពីនេះ ត្រូវធានាបាននូវការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាទៅដល់ប្រជាជនដែលត្រូវការជំនួយបំផុត ដោយឈរលើមូលដ្ឋាន​មនុស្សធម៌ អព្យាក្រឹតភាព និងឯករាជ្យ។

ប្រធានអាស៊ានថា កិច្ចការទាំងនេះមានសារៈសំខាន់ណាស់សម្រាប់គ្រប់ភាគីទាំងអស់ក្នុងការ​​លើក​កម្ពស់​​លក្ខខណ្ឌ​អំណោយ​ផល​មួយ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយចំពោះវិបត្តិ​នាពេលបច្ចុប្បន្ន សម្រាប់ប្រយោជន៍ និងទប់ស្កាត់ការអូសបន្លាយនៃទុក្ខវេទនារបស់ប្រជាជនមីយ៉ានម៉ា។

ដើម្បីសម្រេចបំណង​នេះ ប្រទេសជាសមាជិកអាស៊ានសម្រេចតែងតាំងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងស្នើ​របបដឹកនាំដោយយោធានេះជួយសម្រួលដល់បេសកកម្មនានានៃប្រេសិតពិសេសប្រធានអាស៊ាន។ ការជួយសម្រួលនោះ ដោយចាប់ផ្ដើមជាមួយដំណើរទស្សនកិច្ចដំបូងទៅកាន់មីយ៉ាន់ម៉ានាពេលឆាប់ៗខាងមុខនេះ ដើម្បីជួបគ្រប់ភាគីទាំងអស់ឱ្យអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) អាចបោះជំហានទៅមុខ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត សេង សារី មានប្រសាសន៍នៅថ្ងៃទី០៣ ខែកុម្ភៈនេះ​ថា កម្ពុជាហាក់​មិន​សូវ​ចាប់​អារម្មណ៍​ពី​បញ្ហាវិ​បត្តិ​នៅក្នុងប្រទេសមី​យ៉ាន់ម៉ា​ដូចមុនទេ ដោយសារក្រោយពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើទស្សនកិច្ចជួបមេដឹកនាំរបបសឹក លោក មីន អ៊ុងឡាំង កន្លង​មក រងការរិះគន់និងស្ដីបន្ទោសពីប្រទេសដែលជាសមាជិកអាស៊ាន។

លោក​ថា៖ «ជាយុទ្ធសាស្ត្រ កម្ពុជាមិនព្យាយាមដោះស្រាយបញ្ហានៅភូមា ដោយមានការផ្ដួចផ្ដើមជាគំនិតយុទ្ធសាស្ត្រអ្វីថ្មីទេ គឺប្រហែលជាយុទ្ធសាស្ត្រគប់ដុំថ្មក្ដៅនេះបោះឱ្យឥណ្ឌូនេស៊ី ឆ្នាំ២០២៣។ ហើយកម្ពុជានឹងវាយបកថា អ្វីដែលកម្ពុជាខិតខំប្រឹងប្រែងកន្លងមកត្រូវបានគេស្ដីបន្ទោស។ ឥលូវដល់វេនម្ដងហើយ ថាតើឥណ្ឌូនេស៊ីនឹងដោះស្រាយបញ្ហាហ្នឹងដោយរបៀបណា។ អ៊ីចឹង​ហើយ​កម្ពុជាប្រហែលជាងាកមកគន្លងចាស់ ស្មើនឹងកម្ពុជាយកបញ្ហាវិបត្តិនៅភូមាជាអាទិភាពទៀតទេ»។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុចដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដាក់ឱ្យរបបសឹកភូមាអនុវត្តនោះ ​រួមមាន​ ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា ហើយ​គ្រប់​ភាគី​ត្រូវ​បង្កើន​ការ​អត់ធ្មត់។ លើសពីនេះ ចាប់​ផ្ដើម​ការ​សន្ទនា​ប្រកប​ដោយ​ស្ថាបនា ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ​ជាមួយគ្នានេះ ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន នឹង​សម្រួល​ដល់​ការ​សម្រុះសម្រួលនៃ​ដំណើរ​ការ​រៀបចំ​កិច្ច​សន្ទនា ដោយ​មាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន។ ចំណុចមួយទៀត អាស៊ាន​ត្រូវ​ផ្ដល់​ជំនួយ​មនុស្សធម៌ និង​ចុងក្រោយ ប្រេសិត​ពិសេសនិង​គណៈប្រតិភូ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ