លោក ហ៊ុន សែន នឹង​ធ្វើ​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​កំពូល​សនិ្តភាព​ពិភពលោក​នៅ​កូរ៉េខាងត្បូង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូរដ្ឋាភិបាលទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ និងធ្វើជាសហប្រធាន​ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ក្រោមប្រធានបទ «​ឆ្ពោះទៅកាន់សន្ដិភាពនៅឧបទី្វបកូរ៉េ» ក្នុងសប្ដាហ៍នេះ។  

នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ម្សិលមិញ បានចេញសេចក្ដីប្រការព័ត៌មានមួយឱ្យដឹងថា ដំណើរទស្សនកិច្ចនិងកិច្ចប្រជុំកំពូលពិភពលោក​នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។

ប្រភពដដែលបន្តថា កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២នេះ នឹងមានការចូលរួមពី​លោកស្រីបណ្ឌិត ហាក់ ចាហាន់មូន ជាសហស្ថាបនិកនៃសហព័ន្ធសន្ដិភាពសកល (UPF), លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងមាន​វាគ្មិនសំខាន់ៗ ព្រមទាំងអ្នកចូលរួម​ពីបណ្ដាប្រទេសចំនួន១៥៧ផ្សេងទៀត ដើម្បីស្វែងរកក្ដីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

ក្រសួងការបរទេសបន្តថា ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន នឹងមានជំនួបជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក មូន ចេអ៊ីន ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទេ្វភាគី ព្រមទាំង​បញ្ហាតំបន់និងអន្ដរជាតិ ជាដើម។  ​

ក្រសួងការបរទេសបញ្ជាក់ថា នៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់​ពានរង្វាន់សនិ្តភាព “​ស៊ុនហាក់ លើកទី៥” ជូនលោក​ ហ៊ុន សែន ជាផ្លូវការ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង៕ ​ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ