ដូចការគ្រោងទុក សមាជវិសាមញ្ញបានផ្ដល់សេចក្ដីទុកចិត្តផ្ដល់ព្រះរាជតួនាទីឱ្យបុត្រាច្បងរបស់សម្ដេចក្រុមព្រះធ្វើជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ជំនួសសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ក្រោយពីបិតារបស់ទ្រង់យាងសោយទិវង្គតកាលពីខែវិច្ឆិកា ឆ្នាំមុន។
ព្រះអង្គម្ចាស់នរោត្ដម ចក្រាវុធ ដែលជាព្រះរាជបុត្រាច្បងរបស់សម្ដេចក្រុមព្រះ ជាមួយនឹងអ្នកម្នាង ម៉ារី រណឫទ្ធិ ត្រូវបានអង្គសន្និបាតបោះឆ្នោតជាឯកច្ឆន្ទនៅក្នុងសមាជវិសាមញ្ញ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅឯព្រះរាជតំណាក់វាលស្បូវ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ព្រះអង្គម្ចាស់នរោត្ដម ចក្រាវុធ មានបន្ទូលក្រោយអង្គសមាជវិសាមញ្ញបោះឆ្នោតថ្វាយព្រះរាជតួនាទីជាព្រះប្រធានគណបក្សជំនាន់ថ្មី អះអាងដោយសុទិដ្ឋិនិយមថា ទ្រង់នឹងមិនធ្វើឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចអស់សង្ឃឹមឡើយ។ ទ្រង់មានបន្ទូលបន្តថា ដើម្បីឆ្លើយតបចំពោះការផ្ដល់ទំនុកចិត្តពីអង្គសន្និបាតនេះ ទ្រង់នឹងជួយឱ្យគណបក្សហ្វ៊ុនស៊ិនប៉ិចមានកិត្តិនាមនិងទទួលបានការគាំទ្រពីមហាជនឡើងវិញ។
ទ្រង់បន្តថា៖ «ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអង្គសមាជវិសាមញ្ញនៅពេលនេះ ដែលបានអនុម័តគាំទ្រលើរបៀបវារៈសំខាន់ៗដែលជាអាយុជីវិតសម្រាប់គណបក្ស។ ខ្ញុំក្នុងឋានៈជាព្រះប្រធានគណបក្ស ខ្ញុំសូមប្រកាសជាឱឡារិកនៅចំពោះមុខអង្គសមាជវិសាមញ្ញដោយឧត្ដុង្គគឧត្ដមថា ខ្ញុំនៅការពារគណបក្សឱ្យនៅគង់វង្សជាអមតៈ»។
សមាជវិសាមញ្ញក៏បានសម្រេចជ្រើសរើសក្បាលម៉ាស៊ីនជាអនុប្រធានបក្សចំនួន៣រូបក្នុងពេលជាមួយគ្នានោះដែរ ដូចជា លោក ពៅ អៀងគ្រី លោក ឆឹង ចំរើន និងលោក ប៉ោង ប៊ុនស្រ៊ឺ។ ក្រៅពីនេះ អង្គសមាជក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំងសមាជិកគណៈកម្មាធិការនាយកចំនួន៥៤រូប និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៥៤រូបផងដែរ។
អ្នកនាំពាក្យគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច លោក ញឿន រ៉ាដែន មានជំនឿថា តាមរយៈការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំក្នុងជំនាន់ថ្មីនេះ គណបក្សហ៊្វុនស៊ិនប៉ិចនឹងអាចឈានគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតជាតិនិងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខនេះ។
លោកបន្តថា ផ្អែកលើសមត្ថភាពរបស់ព្រះអង្គម្ចាស់នរោត្ដម ចក្រាវុធ និងកែសម្រួលលក្ខខណ្ឌគណបក្សមួយចំនួនផង ការបោះឆ្នោតទាំង២ដំណាក់ខាងមុខនេះ គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងទទួលបានគាំទ្រពីម្ចាស់ឆ្នោត។
លោកបន្តថា៖ «យើងមិនត្រឹមតែសង្ឃឹមទទួលបានអាសនៈក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ទេ យើងអាចទទួលបានសំឡេងនៅក្នុងរដ្ឋសភានៅឆ្នាំ២០២៣ខាងមុខដែរ។ ចំណែកមណ្ឌលរាជធានី-ខេត្តដែលយើងនឹងត្រូវដាក់ចេញនោះ ខ្ញុំសូមលាក់សិន។ នេះជាយុទ្ធសាស្រ្តរបស់គណបក្ស កាលណាបើខ្ញុំបង្ហាញអស់ពេក វាមានបញ្ហា។ យើងអាចថា ជាបឋម យើងបាន១០អាសនៈជាង អាសនៈនៅក្នុងរដ្ឋសភា។ ចំពោះឃុំ-សង្កាត់ យើងអាចបានច្រើនជាងអាណត្តិមុន ពីព្រោះយើងបានរៀបចំរចនាសម្ព័ន្ធរបស់យើងហើយបាទ»។
គណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ត្រូវបានបង្កើតឡើងដោយស្នាព្រះហស្ថព្រះរបស់ព្រះបាទសម្ដេច នរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ កាលពីឆ្នាំ១៩៧៨។
នៅក្នុងការបោះឆ្នោតជាតិ នីតិកាលទី១ កាលពីឆ្នាំ១៩៩៣ គណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះការបោះឆ្នោត ដោយទទួលបានសំឡេង៥៨អាសនៈ បើធៀបនឹងគណបក្សប្រជាជនកម្ពុជា ទទួលបាន៥១អាសនៈនៅក្នុងសភាពេលនោះ។ សំឡេងនៃការគាំទ្ររបស់គណបក្សរាជានិយមមួយនេះ ចេះតែបន្តធ្លាក់ចុះជាហូរហែ រហូតដល់ឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានសំឡេងត្រឹមតែ២អាសនៈ ខណៈគណបក្សប្រជាជនកម្ពុជាបានកើនឡើងរហូតដល់៩០អាសនៈនៅក្នុងរដ្ឋសភា។
ក្រោយឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិចលែងមានសំឡេងនៅក្នុងរដ្ឋសភារហូតដល់បច្ចុប្បន្ន និងមានភាពប្រេះឆាផ្ទៃក្នុងបក្សផង បានធ្វើឱ្យគណបក្សរាជានិយមមួយនេះត្រូវស្រកស្រុតចុះប្រជាប្រិយភាពជាបន្តបន្ទាប់ ទាំងនៅកម្រិតថ្នាក់ជាតិ និងមូលដ្ឋាន។
សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា គេពិតជាពិបាកធ្វើសេចក្ដីសន្និដ្ឋានទុកជាមុនណាស់ ថាតើគណបក្សរាជានិយមួយនេះអាចនឹងមានជំនឿចិត្តកម្រិតណាពីអ្នកគាំទ្ររបស់ខ្លួន។
មួយវិញទៀត អ្នកនយោបាយបន្តវេនឈាមថ្មីគឺជាបញ្ហាមួយទៅហើយ បញ្ហាមួយទៀតគឺកេរ្តិ៍ឈ្មោះគណបក្សហ៊្វុនស៊ិនប៉ិចនេះត្រូវបាត់បង់ការជឿទុកចិត្តពីមហាជនរួចទៅហើយ។ ហេតុដូច្នេះ ការព្យាយាមស្ដារកិត្តិសព្ទមកវិញនៅពេលនេះ វាហាក់មានភាពស្មុគស្មាញនិងលំបាកបន្តិច។
លោកបន្តថា៖ «អ្នកដឹកនាំជំនាន់ថ្មីមកទ្រទ្រង់បក្សនេះ លុះត្រាតែមានសក្ដានុពលនិងមានប្រជាប្រិយភាពដែលទាក់ទាញមហាជន ទើបអាចយកសំឡេងគាំទ្រពីមហាជនបាន។ ដោយឡែក គណបក្សនេះបាត់បង់សមាសភាព ឬមានភាពរង្គោះរង្គើនៅក្នុងផ្ទៃក្នុងបក្សទៅទៀត។ អ៊ីចឹងខ្ញុំថា វាពិតជាពិបាកទទួលបានសំឡេងគាំទ្រពីមហាជនណាស់»។
បើទោះបែបណា នៅមុនសមាជវិសាមញ្ញកើតឡើងនេះ គណបក្សហ៊្វុនស៊ិនប៉ិចនៅបន្តមានភាពប្រេះឆាផ្ទៃក្នុងបក្ស នៅអំឡុងពេលសម្ដេចក្រុមព្រះទ្រង់នៅមានព្រះជន្មនៅឡើយ។ ជម្លោះនេះផ្ដើមចេញពីបញ្ហាចង់បានត្រាមកគ្រប់គ្រង។
កាលពីខែកញ្ញា ឆ្នាំ២០២១ អតីតមន្រ្តីថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៣រូប រួមមាន លោក សាយ ហាក់ លោក ចាប ញ៉ាលីវុធ និងលោក ហេង ចន្ថា ចោទប្រកាន់ថា មន្រ្តីដែលស្និទ្ធនឹងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម ម៉ារី រណឫទ្ធិ ប្រើប្រាស់ត្រាខុសគោលការណ៍បក្ស និងអនុម័តស្រេចតែនឹងចិត្ត។ ប៉ុន្តែករណីនេះត្រូវបានបដិសេធពីថ្នាក់ដឹកនាំដែលឈរនៅខាងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្ដម ម៉ារី រណឫទ្ធិ ជាបន្តបន្ទាប់។
បើទោះជាបែបណា នៅមុនសមាជវិសាមញ្ញមួយថ្ងៃ ពោលកាលពីថ្ងៃទី៨ ខែកុម្ភៈ លោក ហេង ចន្ថា បានថ្វាយលិខិតសុំដង្ហែតាមព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ ខណៈលោក សាយ ហាក់ និងលោក ចាប ញ៉ាលីវុធ មិនទាន់បង្ហាញជំហរវិលមកទ្រនំចាស់វិញនៅឡើយទេ។ វីអូឌី មិនទាន់អាចសុំការបំភ្លឺបានឡើយពីអតីតមន្រ្តីជាន់ខ្ពស់ទាំងពីររូបនេះ នៅថ្ងៃទី៩ កុម្ភៈ។
យ៉ាងនេះក្ដី ព្រះអង្គម្ចាស់ នរោត្ដម ចក្រាវុធ មានព្រះបន្ទូលថា ទ្រង់បើកចំហរជានិច្ចស្វាគមន៍អ្នកនយោបាយដែលមានភក្ដីភាពចំពោះគណបក្សហ្វ៊ុនស៊ិនប៉ិច មិនថាចាស់ឬថ្មីទេ៕