ពលរដ្ឋ​បារម្ភ​ប៉ះពាល់​ជីវភាព​គ្រួសារ បើ​មាន​ការបិទខ្ទប់​ជាថ្មី​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ «អូមីក្រុង»

កងកម្លាំងប្រចាំការដាក់រនាំងយាមកាមនិងត្រួតពិនិត្យការចេញចូលនៅទីតាំងមួយកន្លែងតាមបណ្ដោយផ្លូវវេងស្រេង ជាទីតាំងដែលកំណត់ថាជាតំបន់ក្រហម ឬតំបន់ដែលមានការផ្ទុះកូវីដ-១៩ធ្ងន់ធ្ងរ ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២១។ (Michael Dickison)

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបារម្ភពីផលប៉ះពាល់ដល់ជីវភាពគ្រួសារ បើសិនជាមានការបិទខ្ទប់ក្រុងឬភូមិសាស្ត្រណាមួយជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប្រភេទថ្មី «អូមីក្រុង» ខណៈជំងឺនេះកំពុងឆ្លងរាលដាលកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

ការព្រួយបារម្ភនេះ ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេងជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពការរីករាលដាលខ្លាំងនៃមេរោគកូវីដ-១៩ ប្រភេទ អូមីក្រុង។ លើសពីនេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋកាត់បន្ថយការជួបជុំផឹកស៊ីកម្សាន្តសប្បាយ ដើម្បីធានានូវការរក្សាគម្លាតសុវត្ថិភាព រួមទាំងមង្គលការ​ និងបុណ្យសាសនា ជាដើម គួរតែមានការជួបជុំគ្នា «កាន់តែតិច កាន់តែល្អ»

អាជីវករម្នាក់លក់គ្រឿងក្លែមនៅម្ដុំសង្កាត់ទួលស្វាយព្រៃ រាជធានីភ្នំពេញ អ្នកស្រី សុខ លីនដា និយាយថា ​គាត់ឃើញព័ត៌មាននេះដោយដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកស្រីថា ព័ត៌មាននេះធ្វើឱ្យគាត់​បារម្ភខ្លាចជំងឺប្រភេទនេះឆ្លងរាលដាលដល់សហគមន៍កាន់តែខ្លាំង នឹងធ្វើឱ្យរដ្ឋាភិបាលបិទខ្ទប់ជាថ្មីទៀត ហើយអ្នក​រងគ្រោះគឺប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ​។

អ្នកស្រីបារម្ភដូច្នេះថា៖ «បើមានការបិទដូចពីមុន មានការបារម្ភដែរ ព្រោះយើងជាអាជីវកររកស៊ី។ អ៊ីចឹងវាពិបាកណាស់ វាប៉ះពាល់ដល់ចំណូល ដល់ជីវភាពគ្រួសារ អ៊ីចឹងខ្ញុំមានការបារម្ភច្រើន។ អ៊ីចឹងខ្ញុំនឹងចូលរួមទប់ស្កាត់ទាំងអស់គ្នា កុំឱ្យជំងឺហ្នឹង [កូវីដ-១៩] កើតឡើង»។

អាជីវករលក់គ្រឿងទេសនៅម្ដុំសង្កាត់ផ្សារដើមគ រាជធានីភ្នំពេញ អ្នកស្រី ស៊ុន រតនៈស្រីពៅ លើកឡើងដោយគាំទ្រ​ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឱ្យពលរដ្ឋកាត់បន្ថយការជួបជុំផឹកស៊ីកម្សាន្តសប្បាយ និងរក្សាគម្លាត ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាល​ជំងឺប្រភេទ «អូមីក្រុង»។

ទោះជាបែបនេះក្ដី អ្នកស្រីនៅតែ​ព្រួយបារម្ភថា បើជំងឺប្រភេទបំប្លែងខ្លួនថ្មីនេះ​ឆ្លងចូលក្នុងសហគមន៍កាន់តែខ្លាំង ហើយរដ្ឋាភិបាលបិទក្រុងដូចកាលពីកន្លងមក នឹងធ្វើឱ្យប្រជាពលរដ្ឋកាន់តែរងគ្រោះធ្ងន់ធ្ងរ ជាពិសេសបញ្ហាជីវភាពតែម្ដង។ ​

អ្នកស្រីមានប្រសាសន៍ថា៖ «ហាងធម្មតា គេសុទ្ធតែមានគម្លាតត្រឹមត្រូវ មានតុ​ មានអាល់កុលការពាររបស់គេហើយ ប៉ុន្តែដូចជាក្លឹប ខារ៉ាអូខេ ទទួលស្គាល់ថាគេមានជាអាល់កុលការពារ ប៉ុន្តែវាមិនមែនទាំងអស់ដូចពួកយើងទេ។ វាមានកន្លែងខ្លះក៏ទូលាយ កន្លែងខ្លះក៏ជិតទៅ និយាយរួម បិទតែក្លឹប និងខារ៉ាអូខេទៅ វាល្អហើយ ព្រោះអីមនុស្សយើងភាគច្រើនជួបជុំគ្នាតែផឹកស៊ីតែក្រៅទេ ប៉ុន្តែក្នុងក្លឹបវិញ មួយៗយប់សឹងតែទល់ភ្លឺ»។

លោក យិន តារា ដែលប្រកបអាជីវកម្មក្រៅប្រព័ន្ធមួយរូប អំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នារក្សាអនាម័យ រក្សាគម្លាត កាត់បន្ថយការជួបជុំ ស្របតាមការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ប្រភេទថ្មី ឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកអំពាវនាវដូច្នេះថា៖ «បើធម្មតាអ៊ីចឹងទៅ គ្រាន់តែយើងនៅរក្សាគម្លាត ឃ្លាតពីគ្នា កុំនៅជិតគ្នាពេក ខ្លាចវាឆ្លង។ បើឆ្លង បិទប្រទេសទៀត វាចប់ហើយ បានអីសងលុយគេ បើយើងជំពាក់លុយគេដែរ។ បើយើងមានជំងឺកូវីដ គេយកយើងទៅឃុំហើយ។ អ៊ីចឹងយើងរកចំណូលឯណាចូលក្នុងគ្រួសារ»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី មានប្រសាសន៍ថា រដ្ឋាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននិងកាត់បន្ថយការជួបជុំបែបនេះ ដោយសារថ្នាក់ដឹកនាំបាន​ដឹងពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រភេទ «អូមីក្រុង» ​មានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់នាប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោក អ៊ូច វុទ្ធី បញ្ជាក់ថា បើប្រជាពលរដ្ឋមិនគោរពតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីទេ អ្នកដែលរងគ្រោះគឺប្រជាពលរដ្ឋខ្លួនឯង មិនអាចបន្ទោសទៅថ្នាក់ដឹកនាំបានឡើយ។

លោកមានប្រសាសន៍ថា៖ «បើសិនជាបងប្អូនប្រជាពលរដ្ឋយើង គាត់អត់ស្ដាប់ការទូន្មានរបស់មន្ត្រីជំនាញសុខាភិបាល ក៏ដូចជាប្រមុខរដ្ឋាភិបាល កន្លែងហ្នឹងហើយ ហានិភ័យគឺខ្លួនគាត់ទាំងអស់ជាអ្នកទទួលខុសត្រូវ គឺខ្លួនគាត់! គ្មាននរណាជួយខ្លួនយើងជាងខ្លួនយើងជួយខ្លួនឯងទេ។ ​បើសិនជាបងប្អូននៅតែផ្គើន នៅតែមិនស្ដាប់ ហើយប្រហែស នោះហើយគេហៅថា ​វាសនាខ្លួនឯង ទទួលរងគ្រោះខ្លួនឯង»។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន២២៣នាក់​ទៀត ដែលសុទ្ធតែជាប្រភេទ​អូមីក្រុងទាំងអស់។ ក្នុងនោះមានករណី​នាំចូល​​ពី​ក្រៅប្រទេស​ចំនួន៥នាក់ និង​ឆ្លងក្នុងសហគមន៍២១៨នាក់។ ចំណែក​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួងថាមានចំនួន៥៨នាក់ ហើយអ្នកស្លាប់ថ្មីគ្មានឡើយ។

គិតត្រឹមព្រឹកថ្ងៃពុធនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១២២ ២០៦នាក់ ក្នុងនោះ អ្នកជំងឺព្យាបាលជាសះស្បើយចំនួន១១៨ ៣៤៤នាក់ និងអ្នកស្លាប់ចំនួន៣ ០១៥នាក់ ហើយករណីនាំចូលពីក្រៅប្រទេសចំនួន២០ ៤២៦នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងសហគមន៍វិញ ក្រសួងបញ្ជាក់ថា គិតមកដល់ពេលនេះមានចំនួនសរុប១ ១៩៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ