កូដករ​ណាហ្គា​៤នាក់​នឹង​ចូល​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តុលាការ

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

កុ្រមកូដករក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ អះអាង​ថា ពួកគេនឹងចូលទៅបំភ្លឺតាម​ដីកាបញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យការ​អមសាលា​ដំបូង​រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទចោទ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ឱ្យបាន​មុន​ថ្ងៃទី១៩ ខែកុម្ភៈនេះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពី​លោក សេង ហៀង ព្រះរាជអាជ្ញារង​នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ចេញ​ដីកាបញ្ជា​ឱ្យកូដករ​​ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៤នាក់ រួមមាន ឈ្មោះ ម៉េង កាក់នីកា, អេង ស្រីបូ, អ៊ុក សុភ័ក្រម៉ូលីកា និង ខេង ចិន្ដា ឱ្យ​​ចូល​​ខ្លួន​​នៅ​​ការិយាល័យ​​ប្រឆាំង​​ភេរវ​កម្ម និង​ឧក្រិដ្ឋកម្មឆ្លង​​ដែន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៩ ខែកុម្ភៈ​​​នេះ។

អ្នកស្រី អ៊ុក សុភ័ក្រម៉ូលីកា ដែល​អះអាងថាជាកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍ និយាយថា កាលពីថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ២០២២ ខាង​​ក្រសួង​​សុខាភិបាល​​បាន​ជូន​​ដំណឹង​​ឱ្យក្រុមកូដករទៅផ្ដល់សំណាករកវិជ្ជមានកូវីដ-១៩ ហើយ​​នៅថ្ងៃ​នោះ ពួក​គាត់​មិនបានរារាំង​​ដល់​​ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដូចការចោទប្រកាន់នោះទេ ដោយ​គ្រាន់តែពួកគេ​ស្នើសុំទៅ​ធ្វើតេស្តនៅ​ព្រឹក​ថ្ងៃទី៥ ខែកុម្ភៈប៉ុណ្ណោះ ប៉ុន្តែបែរជាតុលាការចោទ​ប្រកាន់​ពួក​គេថា «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ទៅវិញ។

អ្នកស្រីនិយាយថា៖ «ខ្ញុំក៏ឆ្ងល់ ខ្ញុំក៏ចង់សួរទៅអយ្យការដែរ គាត់ចោទខ្ញុំហ្នឹង គាត់មានភស្តុតាងអីដែលគាត់ថាពួកខ្ញុំរារាំង? ព្រោះលិខិត​របស់​ក្រសួង​បាន​ចេញ​មក​ហើយ ទុក​រយៈពេល៣ថ្ងៃសម្រាប់កូដករ​ទៅធ្វើ​តេស្តរកវិជ្ជមាន​កូវីដ ហើយពួកខ្ញុំក៏បានទៅធ្វើតេស្ត​រក​វិជ្ជមានកូវីដតាមអ្វីដែលក្រសួង​តម្រូវ​ដែរ។ ហើយ​ស្រាប់​តែថ្ងៃ៥កុម្ភៈ គាត់​ចាប់​ខ្លួន​គ្នាខ្ញុំ៦នាក់ ដោះលែង៣នាក់ ហើយចេញដីកា​កោះហៅពួកខ្ញុំថារារាំង។ មានរូបភាពណាថាពួកខ្ញុំរារាំង? ព្រោះពួកខ្ញុំបានទៅយកសំណាកអស់ហើយ»។

ចំណែកអ្នកស្រី ម៉េង កាក់នីកា ដែលអះអាងថាជាកូដករ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ និយាយ​ថា គាត់នឹង​ចូលបំភ្លឺតាមដីកាបញ្ជាឱ្យ​ចូលខ្លួននៅការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី​១៩ ខែ​កុម្ភៈ​​នេះ។ អ្នកស្រីស្នើទៅតុលាការទម្លាក់ការចោទប្រកាន់ទៅ​លើពួកគាត់ ដោយសារ​ពួកគាត់​មិន​បាន​ធ្វើ​ខុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

អ្នកស្រីស្នើដូច្នេះថា៖ «ខ្ញុំស្នើសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើពួកខ្ញុំហ្នឹងទៅ ព្រោះអីពួកខ្ញុំទាំងអស់គ្នា ទាំងកូដករ ក៏ដូចជាសាក្សីទាំង​អស់គ្នាដែរ គឺអត់មានពីណាគេ​បានរារាំង​ដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩​ទេ គឺបានទៅធ្វើតេស្តទាំង​អស់​គ្នា អត់មានម្នាក់ណាអត់ទៅធ្វើតេស្តទេ»។

​បន្ថែមពីនេះ ក្រុមកូដករ​បានអះអាងប្រហាក់ប្រហែលគ្នា​ថា មុន​ពេល​ពីរ​ឬ​បី​ថ្ងៃដែល​ពួកគាត់ចូលបំភ្លឺនៅ​ស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ គឺ​ពួកគាត់នឹងប្រជុំជាមួយក្រុមកូដករ​ទាំងអស់ រួចធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈប្រាប់ទៅមជ្ឈដ្ឋានជាតិនិង​អន្តរជាតិ​ ឱ្យដឹង​ថា ពួកគាត់​ជាមនុស្សស្អាតស្អំ មិនពាក់ព័ន្ធរឿងនយោបាយ និង​មិនមានសង្គមស៊ីវិល​ឬបុគ្គលណានៅពីក្រោយ ហើយ​​ការ​ធ្វើ​កូដកម្ម​នេះគឺធ្វើឡើង​ដោយសន្តិវិធីនិងអហិង្សា​ជាដើម។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍យ៉ាងខ្លី​ថា ការចូលឬមិនចូលបំភ្លឺរបស់​កូដ​ករ​​ណាហ្គាវើលដ៍នៅ​​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាសិទ្ធិរបស់ពួកគេ ហើយ​ការសម្រេចយ៉ាងណានោះ គឺ​អាស្រ័យ​ទៅ​លើស្ថាប័ន​តុលាការ ខណៈសមត្ថកិច្ចធ្វើទៅតាមតួនាទីប៉ុណ្ណោះ។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅរសៀលថ្ងៃនេះ។

អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ចាត់​ទុក​ការ​ចាប់​ខ្លួន​​ថ្នាក់​ដឹកនាំ​​សហជីព និងកូដករ រួម​ទាំងការ​ចេញដីកា​បញ្ជាឱ្យកូដករ​ចូលខ្លួន​ទៅបំភ្លឺនេះ ​ជាសារមួយដាក់សម្ពាធនិង​គំរាមកំហែង​សិទ្ធិសេរីភាពនៃការធ្វើកូដកម្មដោយសន្តិវិធីនិងអហិង្សា ផ្ទុយពី​ច្បាប់ជាតិនិងសន្ធិសញ្ញាអន្តរជាតិ។

លោក​បញ្ជាក់ថា បើរ​ដ្ឋាភិបាល​និងក្រសួងពាក់ព័ន្ធមិន​ជួយ​អន្តរាគមន៍ដោះស្រាយបញ្ចប់វិវាទការងារ និង​ដោះលែងថ្នាក់ដឹកនាំ​សហជីព​និង​កូដករ រួមទាំងទម្លាក់ការចោទប្រកាន់ទៅលើពួកគេទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា​លើឆាកអន្តរជាតិ។

លោកមាន​ប្រសាសន៍​ថា៖ «បើសិនជារឿងនៅក្រុមហ៊ុនណាហ្គាវើលដ៍​នេះមិន​ត្រូវ​បាន​ដោះ​ស្រាយ ហើយ​ក្រសួងកា​រ​ងារ​មិន​មានឥទ្ធិ​ពល មិន​មាន​អំណាច​ វាបង្ហាញថា និ​យោជក​ដែល​មាន​ឥទ្ធិពល គាត់អាចបន្តទៅការកេងប្រវ័ញ្ច រំលោភបំពាន មិនគោរពច្បាប់។ វានឹងប៉ះពាល់ដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។

កាលពី​ថ្ងៃទី៥ ខែកុម្ភៈ​ សមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦នាក់ ប៉ុន្តែ៣នាក់ត្រូវបានដោះលែងទៅវិញ ខណៈកូដករ៣នាក់ទៀតត្រូវបានតុលាការចោទប្រកាន់និងឃុំខ្លួន​​​ពួក​គាត់បណ្ដោះអាសន្ន​នៅពន្ធ​នាគារ ក្រោម​បទ​ចោទ​​​ «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩»

រហូតមកទល់ពេលនេះ មានថ្នាក់ដឹកនាំ​សហជីពនិងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន១១​នាក់​ហើយ ត្រូវ​បាន​តុលាការសម្រេច​ឃុំខ្លួន ដោយ​ចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានកូដកម្ម» និង »ល្មើសវិធានការច្បាប់ប្រឆាំងកូវីដ-១៩» ខណៈកូដករ៤នាក់ទៀតត្រូវប្រឈមការចាប់ខ្លួនក្រោមបទចោទថា «រារាំងដល់ការអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ-១៩» ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ