ស្រ្តី​ដែល​អនុវត្ត​ទោស​៤ឆ្នាំ​ចប់​ត្រូវបាន​តុលាការ​ខេត្តកំពង់ស្ពឺ​បង្ខំ​ឱ្យ​រកលុយ​បង់ថ្លៃ​ពិន័យ​១០លានរៀល

អ្នកស្រី ​សំ សុខា​ ដើរ​​ចូល​​សាលា​ដំបូង​​ខេត្តកំពង់ស្ពឺ​ ថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០១៨។ (លីកាដូ)

ស្រ្តីដែលជាប់ទាក់ទងសកម្មភាពយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជា ​អះអាងថា គាត់​ត្រូវ​​បាន​​​​តុលាការខេត្តកំពង់ស្ពឺកំណត់ជាកំហិតទុកពេល១ថ្ងៃ ដើម្បីឱ្យអ្នកស្រីយកលុយចំនួន១០​​​​​​លា​​ន​​​​​​រៀល​​​​បង់ថ្លៃ​​ពិន័យ ក្រោយពេល​អ្នកស្រីបានអនុវត្តទោសដែលជាទោសកម្រិត​អតិបរមានៅ​​ក្នុង​​ពន្ធ​នា​​គារ៤ឆ្នាំកន្លងទៅនេះ។

អ្នកស្រី សំ សុខា ជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ បាន​​ប្រាប់ ​​​វីអូឌី នៅថ្ងៃទី១០ ខែកុម្ភៈនេះថា អ្នកស្រីបានអនុវត្តទោសគ្រប់ចំនួន ដូចការចោទប្រកាន់របស់​​​តុលាការចប់សព្វគ្រប់អស់ហើយ គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ម្សិលមិញនេះ។

ប្រភពបន្តថា ប៉ុន្តែអ្វី​​ដែល​​អ្នកស្រ្តី​ខ្វល់ខ្វាយនិងលំបាកចិត្តទៀត គឺក្នុងថ្ងៃតែមួយនៃការ​​ដោះលែងឱ្យ​​មាន​​​សេរីភាព​​វិញ​​នេះ តុ​​លា​​ការទុកពេលឱ្យតែ១ថ្ងៃប៉ុណ្ណោះ ដើម្បីឱ្យអ្នកស្រីរក​លុយបង់​​ថ្លៃ​ពិន័​យ​​ឱ្យបាន​។ អ្នកស្រី សំ សុខា បន្ថែមថា ប្រសិនបើអ្នកស្រីរកលុយសម្រាប់បង់ថ្លៃពិន័យឱ្យ​​​តុលា​ការ​​នៅ​​ថ្ងៃនេះ​​មិនទាន់ពេល​​ទេ អ្នកស្រីអាចនឹង​ត្រូវ​​​ចាប់ខ្លួនបញ្ជូនទៅពន្ធនាគារសាជាថ្មីទៀត។

អ្នកស្រីបន្តថា៖ «បើប្រៀបធៀបជាមួយអ្នកទោសគេផ្សេង គឺគេមានការបង់រម្លស់ តែបើសម្រាប់ខ្ញុំ គេ​អត់ឱ្យបង់រម្លស់ ហើយគេអត់ឱ្យពេលវេលាខ្ញុំតែម្ដង។ ខ្ញុំសុំគេបានត្រឹមតែ១ថ្ងៃនៅថ្ងៃនេះ ហើយ​បើ​យើងអត់មានសមត្ថភាពបង់ទាំងមូល ហើយបើសិនខ្ញុំរកលុយ​បានត្រឹម២លាន​អីដាក់​តម្កល់​អី​សិន​បានដែរអត់ គេថាអត់! គេថាលោកស្រីអត់មានសិទ្ធិតាំងជាសំណួរទៅកាន់គេទេ​ គ្រាន់តែចាំ​ឆ្លើយ​ថាមានឬមិនមាន បានតែប៉ុណ្ណឹង»។

បើតាមអ្នកស្រី សំ សុខា នៅពេលនេះ រូបគាត់មិនដឹងមានមធ្យោបាយអ្វី ដើម្បីបានលុយដែលមាន​​ទំ​​ហំ​​ដ៏ច្រើនបែបនេះមកពីណា ក្នុងការបង់ថ្លៃពិន័យទៅតុលាការនោះ​ឡើយ។ អ្នកស្រីកំពុងពិ​​គ្រោះ​​យោបល់​​​​​​ជាមួយសាច់ញាតិ ក្នុងការរិះរកវិធីដើម្បីបានលុយបង់ថ្លៃពិន័យនេះទៅតុលាការ ប៉ុន្តែ​​ពេល​វេលាត្រឹមតែមួយថ្ងៃដែល​​ទុកឱ្យអ្នកស្រីរកលុយនេះ វាខ្លីណាស់​​ ក្រោយ​​ចេញ​ពី​​ពន្ធនា​គារ​​ភ្លាមៗ។

អ្នកស្រី សំ សុខា គឺជាអតីត​កម្មការិនីរោងចក្រមួយកន្លែង ស្ថិតក្នុងស្រុកសំរោងទង​ ខេត្ត​​កំ​ពង់​​ស្ពឺ។ ជាអ្នកស្រុកកំណើតនៅខេត្តតាកែវ និងមានផ្ទះជួលនៅភូមិ​ត្រស់​​សា​លា សង្កាត់ក្រវ៉ាន់ ក្រុង​​ច្បារមន ខេត្តកំពង់ស្ពឺ។ អ្នកស្រីក៏ជាអ្នកគាំទ្រ​​គណ​​បក្ស​​សង្រ្គោះ​​ជា​តិដែលត្រូវ​​បាន​​តុ​លា​ការ​​កំពូលរំលាយផងដែរ។

កាលពីចុងខែមិថុនា ឆ្នាំ២០១៧ សាលាដំបូងខេត្តកំពង់ស្ពឺបានផ្ដន្ទាទោសដោយកំបាំងមុខអ្នក​​ស្រី សំ សុខា ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យលុយ៥លានរៀល ក្រោមបទចោទ «ជេរប្រមាថ និង​​ញុះ​ញង់ឱ្យមានការរើសអើង»​​។ ការផ្ដន្ទាទោស​​ដោយ​​កំបាំង​មុខ​​នេះ បន្ទាប់ពីអ្នកស្រី បានយក​​ស្បែ​ក​​​​​​ជើងគប់​​ស្លាកគណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីដើមខែមេសា ឆ្នាំ២០១៧ នៅស្រុកព្រៃនប់ ខេត្តព្រះ​​សី​ហ​នុ។

ជាថ្មីទៀត តុលាការខេត្តកំពង់ស្ពឺ បានកាត់ទោសអ្នកស្រីឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និង​​ពិ​ន័យ​​លុយ៥​លាន​​រៀលបន្ថែមទៀត។ ការផ្ដន្ទាទោសលើកទី២នេះ ក្រោយពេលអ្នកស្រីត្រូវ​​បាន​​អាជ្ញា​ធ​​រ​​ថៃចាប់​​ខ្លួនមកកម្ពុជាវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ខណៈ​​អ្នកស្រី​ទទួល​បាន​​សិទ្ធិ​​ជាជន​ភៀសខ្លួនពីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក​ជន​​ភៀស​ខ្លួន​ ដែលមានការិយាល័យនៅទីក្រុងបាងកក ក្រោយពីអ្នកស្រីរត់ភៀសខ្លួន​ ទៅដល់ទីនោះ។

ការផ្ដន្ទាទោសទាំងពីរលើកនេះបានធ្វើឱ្យអ្នកស្រី សំ សុខា ត្រូវជាប់ពន្ធនាគារសរុបចំនួន៤ឆ្នាំ និង​​ពិ​ន័យជាប្រាក់ចំនួន១០លានរៀល។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ការបន្តនីតិវិធីបែបណាទៀតនោះ វាជា​​ឆន្ទា​នុ​​​សិទ្ធិរបស់តំណាងអយ្យការ ដែលជាអ្នកមានភារៈទទួលបន្ទុកក្នុងការអនុវត្តសាលក្រមរបស់​​តុលា​​កា​រ។ លោកបន្តថា ចំពោះក្រសួងយុត្តិធម៌មិនមានចំណាត់ការឬក៏​ឥទ្ធិពលណាមួយនៅ​​ក្នុង​​រឿង​​ក្ដីនេះទេ។

លោកបន្តថា៖ «បាទ! ហ្នឹងគឺអាស្រ័យលើព្រះរាជអាជ្ញា។ ព្រះរាជអាជ្ញាជាអ្នកអនុវត្តពិន័យតាម​​អំ​​ណា​ច​​សាលក្រមណាបាទ»។

ដោយឡែក ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក វ៉ិត មោឃៈ ដែល​​កាន់​​សំណុំ​​រឿង​​នេះ បដិសេធថា តុលាការមិនបានបង្ខំឱ្យអតីត​ទណ្ឌិត​រូបនេះត្រូវរកលុយ​​ក្នុង​​ពេល​​ត្រឹម​១ថ្ងៃដូច្នេះ​ឡើយ ប៉ុន្តែ​​នេះ​​ជាការស្នើឡើងពីសាម៉ីខ្លួនប៉ុណ្ណោះ។ លោកបន្តថា ការបន្ត​​នីតិវិធី​​បែប​​ណាទៀត​​នោះ គឺត្រូវរង់ចាំមើលពីភាគី​នៅក្នុងរឿងក្ដីនេះសិន។

លោកបន្តថា៖ «ដោយសារនេះជានីតិវិធី អ៊ីចឹងនៅពេលដែលតុលាការមានចំណាត់ការ ទើបជាព័ត៌មានមួយដែលច្បាស់លាស់ ព្រោះអីជាសំណូមពររបស់គាត់ទេ។ សំណូមពររបស់គាត់ដែលគាត់សុំដោយខ្លួនគាត់ នេះជាសំណូមពររបស់គាត់។ ដូច្នេះបន្ទាប់មកជានីតិវិធីបែបណានោះ នឹងមានចំណាត់ការបន្តទៀត»។

នាយករងអង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ចាត់ទុកការ​​កំណត់​​ពេល​​ដ៏ខ្លីសម្រាប់ការបង់ពិន័យរបស់អតីតទណ្ឌិតរូបនេះថា ជាការបិទផ្លូវរស់សម្រាប់អ្នកស្រី សំ សុខា។ លោកបន្តថា ករណីនេះទើបជាលើកទី១ហើយដែលតុលាការចាប់អនុវត្តសម្រាប់អតីត​ជនជាប់ឃុំដែលបាន​​អនុ​វត្ត​​ទោសស្ថាពរ។ បញ្ហានេះ លោកថា វាក៏មិនខុសពី​​ឱ្យមនុស្សដើរដល់ផ្លូវទាល់ច្រកដែរ។

លោកបន្តថា៖ «សូម្បីគាត់ទៅលក់ទ្រព្យសម្បត្តិក៏លក់មិនទាន់ផង មួយថ្ងៃបែបនេះ ដើម្បីបានលុយយកមកបង់ពិន័យ។ ដូច្នេះ ខ្ញុំមើលទៅបញ្ហានេះ វាហាក់ដូចជាដាក់សម្ពាធសម្រាប់គាត់ [សំ សុខា] ​ធ្ងន់​​ធ្ងរ​​ពេក នៅក្នុងករណីនេះ។ ដោយសារនៅក្នុងករណីនេះ យើងឃើញហើយ ជាករណី​​មួយ​​​មានការ​ចាប់​អារម្មណ៍តាំងពីដើមមក។ គាត់ត្រូវបានចាប់បញ្ជូនពីប្រទេសថៃមកកម្ពុជាវិញ ហើ​យ​​​​​​ដាក់ពន្ធនាគារដោយមិនមានស្ថានសម្រាលទោស»។

បើតាមលោក លោក អំ សំអាត ការអនុវត្តដោយបង្ខំនេះ គឺប្រហែលជាតុលាការ​យោងលើក្រមនីតិវិធី​ព្រហ្មទណ្ឌ​​។ លោកបន្តថា ក្នុងក្រមនេះបានបញ្ញត្តិថា ប្រសិនបើការផាកពិន័យនេះ លុយ​​មាន​​ចន្លោះ​​ចាប់ពី៥លានរៀល រហូតដល់១០លានរៀល ត្រូវដាក់ទោសបង្ខំរូបរាងកាយចំនួន៦ខែ។ ​​ក្រោយពេលអនុវត្តទោសបាន៦ខែស្ថាពរហើយ តុលាការមិនមានសិទ្ធិចាប់បង្ខំដាក់ពន្ធ​​នា​​គារ​​សាជាថ្មីទៀតទេ ប៉ុន្តែត្រូវបង្គាប់ឱ្យបង់ប្រាក់តាមរយៈលក់ឡាយឡុងទ្រព្យសម្បត្តិ ជាដើម។ មាត្រា៥៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ថេរវេលានៃការបង្ខំនេះត្រូវកំណត់ដោយគិតគូរតាមចំនួនសរុបនៃទណ្ឌកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ