សាច់ញាតិថា ការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត៣០០នាក់ មិនមានឈ្មោះសកម្មជនបក្សប្រឆាំង

ទិដ្ឋភាពសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សកម្មជនដីធ្លី គ្រូបង្រៀន កម្មករ ព្រមទាំងពលរដ្ឋជាច្រើននាក់ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ចាត់ទុកការលើកលែងនិងប​ន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ជិ៣០០​នាក់ នៅថ្ងៃទី៧ ខែមករា ខាង​មុខ​នេះ ដោយមិន​មានវត្តមានសកម្មជនបក្សប្រឆាំង ថា​ជារឿងអយុត្តិធម៌ និងមា​នការរើសអើងផ្នែក​នយោបា​យ ខណៈពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

ការលើកឡើង​នេះ​ធ្វើឡើងប​ន្ទាប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលថ្វាយ​​ស្នើ​សុំ​ព្រះ​មហាក្សត្រ បន្ធូរ​បន្ថយ និង​លើក​លែង​ទោស​ទណ្ឌិត​ចំនួន២៨៣នាក់ នៅថ្ងៃទី​៧ ខែម​ករា ឆ្នាំ២០២៣នេះ ដែល​ក្នុង​នោះ​មាន​ទណ្ឌិត​ស្ត្រី​ចំនួន​២៧​នាក់ ប៉ុន្តែមិនមានឈ្មោះ​សកម្មជនបក្សប្រឆាំង ឬ​អ្នកជាប់ឃុំ​មនសិការផ្សេងៗទៀតនោះទេ។

អ្នកស្រី អ៊ុក ចន្ធី ត្រូវជាភរិយារបស់លោក យឹម សារ៉េត អតីត​​សមាជិកក្រុមប្រឹក្សាឃុំចន្ទ្រា​ ខេត្តស្វាយរៀង មកពី​គណបក្សសង្គ្រោះជាតិ​ដែលតុលាការ​រំលាយ​ មាន​ប្រសាសន៍​ថា ស្វាមី​គាត់ត្រូវ​បាន​អាជ្ញាធរ​ក្រសួង​មហា​ផ្ទៃប​ញ្ជូន​ពីពន្ធនាគារព្រៃស ទៅឃុំនៅពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម កាលពីចុងខែសីហា ឆ្នាំ២០២២។

អ្នកស្រីបញ្ជាក់ថា ជាង​២ឆ្នាំមកហើយ គាត់បានឃ្លាតឆ្ងាយពីគ្រួសារ និងមិនបានជួបគ្នា ជាពិសេសនៅថ្ងៃបុណ្យជាតិធំៗ ជាដើម។ អ្នកស្រីបន្តថា នៅថ្ងៃទី៧ ខែមករា ឆ្នាំនេះ គាត់ទទួលបានព័ត៌មានថា ព្រះមហាក្សត្របានព្រះរាជ​​ទាន​លើក​លែងនិង​បន្ធូរ​បន្ថយទោស​ដល់ទណ្ឌិតចំនួន២៨៣នាក់ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែអ្នកស្រីមិនឃើញមានឈ្មោះស្វាមីគាត់ និងសកម្មជនបក្សប្រឆាំង រួមទាំងអ្នកជាប់ឃុំ​មនសិការផ្សេងៗទៀតនោះទេ ។

ករណីនេះ អ្នកស្រីចាត់ទុកការសម្រេចលើកលែងនិងបន្ធូរបន្ថយ​ទោសដល់ទណ្ឌិតជិត៣០០នាក់ ដោយពុំមានសកម្មជនបក្សប្រឆាំងនោះ ថា​ជាការរើសអើងផ្នែកនយោបាយ ខណៈស្វាមីរបស់គាត់ត្រូវបានជាប់ពន្ធនាគារដោយអយុត្តិធម៌។

អ្នកស្រីនិយាយថា៖ «ការមិនបន្ធូរបន្ថយទោស និងការមិនលើកលែងទោសទៅលើសកម្មជននយោបាយ គឺបញ្ហាទី១ ការរើសអើងផ្នែកនយោបាយ ហើយបញ្ហាទី២ វាជារឿងអយុត្តិធម៌បំផុតសម្រាប់សកម្មជននយោបាយទាំងអស់ ដោយពួកគាត់ម្នាក់ៗជាប់គុកទាំងអយុត្តិធម៌ ដោយសារពួកគាត់ម្នាក់ៗអត់បានប្រព្រឹត្តអ្វីខុស […] ហើយតុ​លាការ​កាត់​ទោស​ពួក​គាត់​ដោយ​គ្មាន​ភស្តុតាងអ្វីជាក់លាក់ទាល់តែសោះ»។

អ្នកស្រី ព្រំ ចន្ថា ត្រូវជាភរិយា​របស់លោក កាក់ កុម្ភារ ដែលជាសកម្មជនគណបក្សសង្រ្គោះជាតិដែលតុលាការ​បានរំលាយ​ មានប្រសាស​ន៍​ប្រាប់វីអូឌី​ប្រហាក់ប្រហែលគ្នា​ដែរថា គាត់​មាន​ការ​លំបាកច្រើនក្នុងជីវភាពគ្រួសារ ដោយសារស្វាមីគាត់នៅតែជាប់ពន្ធនាគារ​ទាំងអយុត្តិធម៌។ ករណីនេះ អ្នកស្រីបាន​អំពាវនាវទៅរដ្ឋាភិបាលដោះលែងស្វាមីគាត់ឱ្យមានសេរីភាពវិញ ដើម្បីបានជួបជុំគ្រួសារ ខណៈស្វាមី​របស់​គាត់មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ។

អ្នកស្រីអំពាវនាវដូច្នេះថា៖ «ក្រុមគ្រួសារពួកខ្ញុំត្រូវតែដោះលែងដោយឥតលក្ខខណ្ឌ មិនមែនយកពួកគាត់ទៅដាក់ពន្ធនាគារបែបហ្នឹងទេ។ ហើយសំខាន់គាត់ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសកម្ពុជាទាំងមូល អ៊ីចឹង​គាត់​ត្រូវ​មើល​ថាតើ​ការ​ដឹកនាំរបស់​គាត់​សព្វ​ថ្ងៃធ្វើ​បាប​ប្រជាពលរដ្ឋ​យើង​បែប​ម៉េច! សំខាន់គឺនិន្នាការនយោបាយ វាហាក់បីដូចជាការគុំកួនជាមួយនឹង​មេ​ដែល​នៅ​ខា​ងក្រៅ ប៉ុន្តែកូន​ចៅ​អត់ដឹងអីសោះ ចាប់ដាក់ពន្ធនាគារ»។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សវនា មាន​ប្រសាសន៍ថា តាមគោលការណ៍ច្បាប់ ការ​លើកលែងនិងបន្ធូរបន្ថយទោសបាន​ លុះត្រាតែទណ្ឌិតនោះប្រព្រឹត្តបទល្មើសស្រាល គឺមិនមែនអ្នកប្រព្រឹត្តបទល្មើសឧក្រិដ្ឋនោះទេ ។

នៅពេលសួរថា អ្នកដែល​ទទួលបានការលើកលែងនិងបន្ធូរបន្ថយទោសជិត៣០០នាក់នោះ តើមានសកម្មជនបក្សប្រឆាំង និងអ្នក​ជាប់ឃុំ​មនសិការដែរឬទេ? លោក នុត សវនា សុំមិនធ្វើការ​បក​ស្រាយ ដោយលោកបង្វែរឱ្យទៅសួរក្រសួងយុត្តិធម៌វិញ។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានទេ នៅរសៀលថ្ងៃពុធនេះ ។

នាយក​រង​ទទួល​បន្ទុ​កផ្នែក​ឃ្លាំមើ​លសិ​ទ្ធិម​នុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្នុងចំណោម​ទណ្ឌិតស​រុប​ចំនួន​២៨៣នាក់ មានការបន្ធូរបន្ថយទោសចំនួន២៨២នាក់ និង១នាក់ទៀតជាស្ត្រី ត្រូវបានលើកលែងទោស។

លោក អំ សំអាត បន្តថា ក្នុងចំណោមទណ្ឌិតទាំង២៨៣នាក់នេះ មិនមាន​ឈ្មោះសកម្មជន​នយោបាយ​ ឬសកម្មជនផ្សេងៗដែលកំពុងជាប់ឃុំ​នោះទេ។ លោក​​យល់ថា ការសម្រេចលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតនៅថ្ងៃទី៧ ខែមករា ខាង​មុខ​នេះ  ដែល​មិន​មានឈ្មោះ​សកម្មជន​បក្សប្រឆាំង ប្រធា​នស​ហជីព និង​អ្នកជាប់ឃុំ​មនសិការ​ផ្សេងៗទៀត ជា​ការរើសអើងនយោបាយ ផ្ទុយ​ពីច្បាប់ និងធ្វើឱ្យមានការរិះគន់ពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជាថែមទៀត។

លោកមានប្រសាសន៍ថា៖ «បើយើងអនុវត្តឱ្យមានតម្លាភាព និងយុត្តិធម៌ ហើយស្របតាមគោលការណ៍ច្បាប់ គឺមិនត្រូវមានការរើស​អើង​ទេ។ វាត្រូវមានការគោរពតាមលក្ខខណ្ឌនៃច្បាប់ ក៏ដូចជាបទដ្ឋានទាំងឡាយស្តីពីការគ្រប់គ្រងពន្ធនាគារ ក៏ដូចជាបទដ្ឋានអប្បបរមាអន្តរជាតិ ហើយជាពិសេសគោលការណ៍មិនរើសអើងតែម្តង។ ហើយមិនអ៊ីចឹងទេ គឺប្រព័ន្ធ​យុត្តិធម៌របស់យើងស្ថិត​នៅ​ក្នុងការ​រិះគន់​ជាប​ន្ត​ទៀត»។

នៅក្នុង​ជំពូកទី២ ​នៃព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស បានលើកឡើង​ថា ការ​បន្ធូរ​បន្ថយទោស ​និងលើក​លែង​ទោស​ដល់​ទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំ តែត្រូវស្ថិតក្នុងពិធីបុណ្យចំនួន៥ រួមមាន ទិវា​ជ័យ​ជម្នះ​លើ​របប​ប្រល័យពូជសាសន៍ ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែ​រ, ពិធីបុ​ណ្យ​វិសាខ​បូជា, ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ព្រះរាជក្រឹត្យដដែលបន្តថា​ ទណ្ឌិត​ដែលទទួលបានការបន្ធូរបន្ថយទោស លុះត្រាតែ​អនុវត្តទោស​បាន​ ១\៣ (មួយភាគបី) ​​នៃ​ទោសដាក់ពន្ធនា​គារដែលតុលាការបាន​កំណត់។ ចំពោះទោសដាក់ពន្ធនាគារមួយជីវិត ទណ្ឌិត​ត្រូវ​អនុវត្តទោស​១០ឆ្នាំ​ជា​មុន​សិន។ ចំណែកលក្ខខណ្ឌលើកលែងទោសវិញ ទណ្ឌិតត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​ចំនួន ២/៣​(ពីរភាគបី)​នៃទោស​សិន។ ចំពោះទណ្ឌិត​ដែល​ត្រូវ​ប្រឈម​ទោស​​ដាក់​​ពន្ធនាគារអស់មួយជីវិត អាចត្រូវបានលើកលែងទោស ត្រូវអនុវត្តទោសបានយ៉ាងតិច៣០ ឬ២០ឆ្នាំ ក្នុងករណី​មាន​ការ​បន្ធូរ​បន្ថយ​ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ