បទយកការណ៍៖ អ្នកភូមិ​កោះខែល​ដែល​ផ្ទះ​បាក់​ចូល​ទន្លេ រង់ចាំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទុក្ខលំបាក

លោក ប្រាំង សារុំ កំពុងអង្គុយក្នុងផ្ទះបាក់ចូលទន្លេ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ផ្ទះពលរដ្ឋចំនួន១៥ខ្នង​ នៅតាមបណ្ដោយទន្លេបាសាក់ ស្ថិត​នៅ​ចំណុច​ភូមិ​កោះខែល ឃុំ​កោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានបាក់ចូលដល់​ពាក់កណ្ដាលសសរផ្ទះ។ អ្នកភូមិ​​និយាយ​​​ថា ហេតុការណ៍នេះមាន​ស្ថានភាពអាក្រក់ខ្លាំងជាង​ហេតុការណ៍មុនៗដែល​ធ្លាប់កើតឡើងប្រមាណ៣ដងហើយ​នៅតំបន់នោះ។  

កំពុងអង្គុយលើកៅអីឈើនៅពីមុខផ្ទះដែលមានទទឹង​ជាង៣ម៉ែត្រ និងបណ្ដោយប្រហែល១៥ម៉ែត្រ លោក ហេង លី ជាពលរដ្ឋរស់នៅក្នុងភូមិកោះខែល​ជាង​៣០ឆ្នាំមកហើយ បាន​និយាយថា​​ ដី​នេះ គាត់បានទិញពីអ្នកភូមិនៅទីនោះតាំងពីឆ្នាំ​១៩៩០ ក្នុងតម្លៃ១០ ០០០រៀល​ប៉ុណ្ណោះ​ ហើយ​រហូតមកដល់បច្ចុប្បន្ននេះ គាត់កំពុងរស់ជាមួយសមាជិកគ្រួសារចំនួន៥នាក់ក្នុងផ្ទះដែលមានកម្ពស់២ជាន់។

លោករំឭក​ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ផ្ទះរបស់គាត់បានបាក់ស្រុតដល់ពាក់កណ្ដាល​សសរ​ដែល​មានប្រវែងប្រហែល៨ម៉ែត្រ ធ្វើឱ្យខូចខាតទាំងស្រុង តែហេតុការណ៍នេះមិនបង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់ដល់មនុស្សទេ។ លោកថា រយៈពេល៣០ឆ្នាំដែលរស់នៅនេះ គាត់ជួបហេតុ​ការណ៍បាក់ច្រាំងនេះ៣ដងមកហើយ ប៉ុន្តែករណីចុងក្រោយនេះគឺធ្ងន់ធ្ងរជាងរាល់ដង។

ពលរដ្ឋ​វ័យ៥៧ឆ្នាំរូបនេះបានសម្រេចជួលផ្ទះគេ​​​ដែលមាន​តម្លៃ៤០​ដុល្លារ​ក្នុង​មួយ​ខែ ដើម្បីស្នាក់​នៅបណ្ដោះអាសន្ន ព្រោះបារម្ភពីសុវត្ថិភាព។

លោក ហេង លី កំពុងឈរក្នុងផ្ទះដែលមួយផ្នែកបានបាក់ស្រុតចូលទន្លេ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ហេង លី កំពុងឈរក្នុងផ្ទះដែលមួយផ្នែកបានបាក់ស្រុតចូលទន្លេ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

លោកថា៖ «ព្រួយច្រើន! បានឥលូវជួលផ្ទះគេបណ្ដោះអាសន្នសិន […] យើងជួលហ្នឹង ជម្លៀសក្មេងៗទៅដេក ការពារសុវត្ថិ​ភាព។ ជួលនៅបណ្ដោះអាសន្ន ទម្រាំយើងបានធ្វើ[ផ្ទះ]»

នៅចំណុចច្រាំងទន្លេដែលបានបាក់នេះ មាន​ប្រវែងប្រមាណ៧០ម៉ែត្រ ហើយ​មានផ្ទះអ្នកភូមិជាច្រើន​គ្រួសារកំពុងប្រកបរបរលក់ដូរជាហូហែ ដូចជា ផ្លែឈើ បាយម្ហូប និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាដើម។

នៅជាប់​នឹង​ផ្ទះលោក ហេង លី មានផ្ទះអ្នកភូមិកោះខែលម្នាក់ទៀត គឺលោក ប្រាំង សារុំ ក៏បាក់​ស្រុតចូលទន្លេប្រមាណ៨ម៉ែត្រដែរ ដោយលោកអះអាងថា គិតជា​ថវិកា​ខូចខាតប្រមាណ៦ ០០០ដុល្លារ ដោយបូករួមទាំងដែក ស៊ីម៉ង់ត៍ ឈើ និងថ្លៃ​ដែលលោកជួលកម្មករឱ្យបុក​គ្រឹះសាង​សង់។

មានវ័យ៥៤ឆ្នាំ​ លោក ប្រាំង សារុំ រៀបរាប់​ថា គាត់បាន​មក​រស់​នៅក្នុងភូមិកោះខែលនេះចាប់តាំង​ពី​ឆ្នាំ១៩៨៩​មក ដោយបានទិញដីក្នុងតម្លៃគិតជាមាសចំនួន៧ជី និងមិនមានប្លង់កម្មសិទ្ធិកាន់​កាប់​នោះទេ។ លោកបន្ថែមថា ក្រោយពេលបាក់ច្រាំង អាជ្ញាធរមូលដ្ឋានក៏បាន​មក​ពិនិត្យស្ថាន​ភាព​ផ្ទះពលរដ្ឋ​ដែលបាក់ចូល​ទន្លេនេះដែរ តែមិនទាន់មានជាជំនួយឬវិធានការ​ការ​ពារបែប​ណានៅឡើយទេ ខណៈដែលលោកបារម្ភថា ផ្ទះគាត់នឹងបាក់ចូលទន្លេបន្តទៀត បើអាជ្ញាធរ​មិនមានវិធានការទប់ស្តាត់។

ស្ថានភាពផ្ទះពលរដ្ឋបាក់ចូលទន្លេស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ថានភាពផ្ទះពលរដ្ឋបាក់ចូលទន្លេស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួកពិសិដ្ឋ)

ទោះបីជាផ្ទះត្រូវបាក់ដល់ពាក់កណ្ដាលក៏ដោយ តែលោក ប្រាំង សារុំ ត្រូវបន្តរស់នៅរួមជាមួយ​សមាជិកគ្រួសារ​ចំនួន៥នាក់ទៀត ដោយសារតែមិនមានទីតាំងដើម្បីផ្លាស់ប្ដូរទៅរស់នៅបន្ត។

លោក ប្រាំង សារុំ និយាយថា​៖ «អត់កន្លែង នៅហើយ! បើមានកន្លែង ចេញបាត់ហើយ»។

យ៉ាងណាក្ដី ពលរដ្ឋដែលផ្ដល់បទសម្ភាសន៍រូបនេះលើកឡើងថា ចំពោះមូលហេតុពិតប្រាកដដែល​បណ្ដាលឱ្យមានការបាក់ច្រាំងនេះ ពួកគាត់មិនដឹងនោះទេ បើទោះបីជាធ្លាប់ទទួលរងគ្រោះ​ជាច្រើនដងមកហើយ។ ចំណែកដីដែលពួកគាត់កំពុងរស់នៅនេះ គឺ​អាជ្ញាធរមិនបានចេញប្លង់កម្មសិទ្ធិនោះទេ។

អាជីវករលក់ផ្លែឈើម្នា​ក់ លោក ថុង សៀងឡុង វ័យ២៥ឆ្នាំ បានឱ្យដឹង​ថា លោកមាន​សមាជិក​គ្រួសារ​ចំនួន​​៤នាក់កំពុងរស់នៅក្នុងផ្ទះ បើ​ទោះបីជាផ្ទះនេះ​បានបាក់ដល់ពាក់កណ្ដាលផ្ទះហើយ​ក្ដី។ លោកថា គាត់មិនទាន់​ជួល​ជុល​ផ្ទះ​ដែលខូចខាតសាជាថ្មី​ទេ ដោយសារតែខ្វះខាតថវិកា និងព្រួយបារម្ភខ្លាចច្រាំងទន្លេត្រូវបាក់ស្រុតជាថ្មីម្ដងទៀត។

លោក ថុង សៀងឡុង ប្រាប់ថា ដោយសារព្រួយបារម្ភពីសុវត្ថិភាព និងពិបាកក្នុងការរស់នៅ​ដោយ​សារ​ត្រូវយកតង់បិទបាំងផងនោះ ថ្ងៃខ្លះលោកក៏សុំផ្ទះអ្នកភូមិដើម្បី​ស្នាក់នៅ​បណ្ដោះអាសន្ន។

លោកថា៖ «និយាយទៅ នៅហ្នឹង [ផ្ទះបាក់] ទៅ! ហើយជួនកាលទៅ របៀបថាសុំផ្ទះគេនៅខ្លះ ហើយបន្ទប់ទឹក​ក៏ពិបាក​ដែរ។ សុំផ្ទះគេគេង បើគ្នា​ច្រើន ដូច​ថា បងស្រីខ្ញុំមកលេងផ្ទះ គាត់មនុស្សស្រី អត់សុវត្ថិភាពទេ»។

ពលរដ្ឋ​ដែលធំដឹងក្ដីនៅក្នុងភូមិកោះខែលរូបនេះ បានឱ្យដឹងទៀត​​​ថា កាលពី៦ទៅ៧ឆ្នាំមុន នៅតំបន់នេះ​មាន​កន្លែង​បូម​ខ្សាច់​ច្រើន ហើយពលរដ្ឋក៏ធ្លាប់តវ៉ាករណីបូមខ្សាច់ជាច្រើនដងដែរ​ ទើបរហូតមកដល់បច្ចុប្បន្ននេះ មិនមានការដ្ឋានបូមខ្សាច់ទៀតនោះទេ។

យ៉ាងណាក្ដី លោក ថុង សៀងឡុង ចង់ឱ្យអាជ្ញាធរ​មានវិធានការ​ធ្វើយ៉ាង​ណា​ការ​ពារ​ច្រាំងទន្លេ​កុំឱ្យបាក់ជាបន្តទៀត ដោយថា បើបាក់ច្រាំងទៀតពលរដ្ឋនៅតំបន់នេះមិនមានកន្លែងរស់នៅនោះទេ។

លោក​ថា៖ «ខ្ញុំចង់សំណូមពរឱ្យរាជរដ្ឋាភិបាលគាត់ជួយខាងពួកខ្ញុំ មកពិនិត្យមើល ហើយមានវិធីសាស្រ្តអី ដើម្បីទប់ស្កាត់កុំឱ្យមានការបាក់បន្តទៀត។ ហើយពួកខ្ញុំចង់សុំរស់នៅកន្លែងហ្នឹងបន្តរហូត។»

ស្ថានភាពផ្ទះពលរដ្ឋបាក់ចូលទន្លេស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
ស្ថានភាពផ្ទះពលរដ្ឋបាក់ចូលទន្លេស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ទួកពិសិដ្ឋ)

មេភូមិកោះខែល លោក យ៉ាន យ៉ិន មានប្រសាសន៍ថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិកោះខែលសរុបមានចំនួន៤២៦គ្រួសារ ក្នុងនោះ ពលរដ្ឋដែលកំពុងរស់នៅតាមច្រាំងទន្លេដែលបាក់នេះមាន​ជាង៤០គ្រួសារ។ លោកបន្តថា កាលពីថ្ងៃទី៨ ខែមករា មាន​ផ្ទះពលរដ្ឋចំនួន១៥ខ្នងបានបាក់ស្រុត​ចូល​ទន្លេ ក្នុង​នោះ ផ្ទះ​ដែល​ធ្ងន់ធ្ងរជាង​គេមានប្រមាណ៧ខ្នង។ ករណីបាក់ផ្ទះចូលទន្លេនេះ លោកបានជំរុញឱ្យពលរដ្ឋប្រមូលស្នាមមេដៃស្នើទៅអាជ្ញាធរឃុំបន្ថែម ដើម្បី​រក​វិធាន​​ការ​​បន្ត។ 

លោក យ៉ាន យ៉ិន និយាយថា៖ «រឿងបាក់ច្រាំងហ្នឹង ប្រជាជនគាត់ចេះតែសំណូមពរដែរ ខ្ញុំថាឱ្យគាត់ចូលទៅឃុំទៅដើម្បីស្នើសុំអន្តរាគមន៍ ដែលគាត់ចង់ផ្ដិតមេដៃ ដើម្បីសំណូមពរឱ្យរដ្ឋជួយធ្វើការទប់[ច្រាំង]។ តាមខ្ញុំសម្លឹងមើល វាដូចធំធេង លក្ខណៈ​បាក់ច្រាំងហ្នឹង វាធំ វាវែង»

ពាក់ព័ន្ធករណីបាក់ច្រាំងនេះ ជំទប់ទី១​ឃុំកោះខែល លោក ប៉ម ពុសេស និយាយថា នៅថ្នាក់ឃុំ​មិនមានលទ្ធភាពដោះស្រាយបញ្ហាបាក់ច្រាំង​នេះទេ ប៉ុន្តែអាជ្ញាធរឃុំ​បានរាយការណ៍ករណី​នេះ​ទៅថ្នាក់លើរួចហើយ។

លោកថា៖ «ខ្ញុំបានរាយការណ៍ទៅថ្នាក់ស្រុកដែរ រឿងបន្តទៅទៀត ខ្ញុំមិនដឹងថា​យ៉ាងមិចដែរ ស្រុកគាត់មានវិធានការយ៉ាង​ណា​ដែរ។ សមត្ថភាពពួកខ្ញុំមានតែផ្ដល់ព័ត៌មានដល់ខាងស្រុក ខាងថ្នាក់លើ មានតែប៉ុណ្ណឹង»

អភិបាលស្រុកស្អាង លោក ញឹម វណ្ណឌិន បានឆ្លើយតបយ៉ាងខ្លីថា លោកបានចាត់ឱ្យមន្រ្តីជំនាញទៅត្រួតពិនិត្យករណីបាក់ច្រាំងនេះរួចហើយ ដើម្បីរកវិធានការទប់ស្កាត់មិនឱ្យបាក់បន្តទៀត។ តែចំពោះការស្នើដោះស្រាយបញ្ហាដែលពលរដ្ឋកំពុងជួបការលំបាកនោះ លោកមិនឆ្លើយទេ។

លោកថា៖ «អាហ្នឹងខាងធនធានទឹក ខ្ញុំឱ្យគេទៅមើលហើយ។ ខាងធនធានទឹក គេចុះទៅសិក្សាមើលហើយ»។

លោក ប៉ម ពុសេស បន្ថែម​ថា ចំពោះ​មូលហេតុដែលអាជ្ញាធរមិនចេញប្លង់កម្មសិទ្ធិកាន់កាប់ដីឱ្យពលរដ្ឋដែលកំពុងរស់នៅ​តាមច្រាំងទន្លេ​នេះ ដោយសារដីនេះជាដីចំណីផ្លូវរបស់រដ្ឋ។

លោកពន្យល់ថា៖ «ជាទូទៅ នៅក្នុងប្រព័ន្ធសុរិយោដី គឺគេចាត់ទុកជាដីទន្លេ ដីចំណីព្រែក។ បើយើងគិតទៅ ពីទន្លេមកផ្លូវ​មាន​តែ​១០​ម៉ែត្រ​ជាង ហើយ​ដី​ចំណី​ផ្លូវវាមាន២៥ម៉ែត្រ ចំណីទន្លេគឺ៥០ម៉ែត្រ អ៊ីចឹង​អត់មានដីដែលជាចំណែកអាស្រ័យ​ផល​​របស់​ពលរដ្ឋទេ អត់មានដីនៅសល់ អាហ្នឹងផ្លូវច្បាប់។ តែគ្រាន់ថា អាស្រ័យផលអី គាត់ចេះតែរស់នៅតាំងពីដើមមក អ៊ីចឹងបានគេអត់ចេញប្លង់ឱ្យហ្នឹង»

ទោះយ៉ាងណា ពលរដ្ឋដែលផ្ទះខូចខាត​ដោយសារបាក់ច្រាំងទន្លេនេះ ឱ្យដឹងថា រហូតមក​ដល់ជិតពាក់កណ្ដាលខែកុម្ភៈនេះ នៅមិ​នទាន់មានការ​ជួយ​អន្តរាគមន៍​ដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ