កម្មករ​រោងចក្រ​មួយ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ចូល​ធ្វើការងារ​វិញ​ក្រោយ​តវ៉ា​២ថ្ងៃ​ទាមទារ​ប្រាក់ជំនាញ

កម្មករ​បម្រើកា​រងារ​នៅ​រោងចក្រ​ដេរ​កាបូប JS LEATHER COLLECTION PHNOM PENH CO, LTD ស្ថិតនៅតំបន់ព្រៃទា សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ អំឡុងពេលតវ៉ាទាមទារប្រាក់ជំនាញថ្ងៃទី០៩-១០ ខែកុម្ភៈ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

កម្មករ​បម្រើកា​រងារ​នៅ​រោងចក្រ​ដេរ​កាបូប JS LEATHER COLLECTION PHNOM PENH CO, LTD ស្ថិតនៅតំបន់ព្រៃទា សង្កាត់​​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ សម្រេចចូលធ្វើការងារវិញ​នៅរសៀលថ្ងៃព្រហស្បតិ៍ម្សិល​មិញ​ ក្រោយពីពួកគេ​ប្រមូល​ផ្ដុំតវ៉ា​អស់​រយៈ​ពេល​​២​ថ្ងៃ ដើម្បីទាមទារប្រាក់ជំនាញដែលថៅកែសន្យាផ្ដល់ជូនពួកគេ។

ប្រធានផ្នែកដេរនៅរោងចក្រដេរកាបូប​ JS Leather អ្នកស្រី ផាន សាវរី ប្រាប់វីអូឌី​ថា កម្មករ​រោងចក្រ JS នៅសាខាទី១ ​ប្រហែល​​៥០០​នាក់ បាន​នាំគ្នាធ្វើ​កូដ​កម្មក្នុងរោងចក្រចំនួន២ថ្ងៃ គឺនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ​ម្សិលមិញ ដើម្បីទាមទារឱ្យថៅកែផ្ដល់ប្រាក់ជំនាញជូនពួកគេទៅតាមការសន្យារបស់ខ្លួន។

អ្នកស្រី​ឱ្យដឹងថា កម្មករចាប់ពីថ្នាក់ប្រធានក្រុមឡើងទៅ ត្រូវបានថៅកែសន្យាផ្ដល់ប្រាក់ជំនាញនៅក្នុងខែមករា ឆ្នាំ២០២២នេះ ប៉ុន្តែរហូតមកដល់​ខែ​កុម្ភៈ​នេះ គឺថៅកែមិន​បាន​ផ្ដល់​ជូនកម្មករនៅឡើយទេ ដែលធ្វើឱ្យកម្មករសម្រេចធ្វើកូដកម្មដើម្បីទាម​ទារ។

យ៉ាងណា អ្នកស្រីថា ក្រោយកម្មករធ្វើ​កូដកម្មបាន​២ថ្ងៃ និង​មានការសម្របសម្រួលពីមន្ត្រីសម្របសម្រួលនៅក្រសួងការងារ​រួច​មក ក្រុមកម្មករសម្រេចចូលធ្វើការងារវិញនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញ​ ខណៈ​ថៅ​កែ​សន្យាជួបប្រជុំអំពីបញ្ហានេះនៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខ​នេះ។

អ្នកស្រីបន្ថែមថា៖ «ថៅកែគាត់សន្យាឱ្យប្រាក់ជំនាញហ្នឹងនៅខែមួយ[ខែមករា]នេះ​​ ​ដល់ពេលអត់ឃើញឱ្យហ្នឹងហើយបានកម្មករ​គាត់នាំគ្នាកូដកម្ម ហើយបើអត់បានទេ កម្មករធ្វើ​កូដកម្មទៀតទៅ»

វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានរដ្ឋបាលរោងចក្រ JS LEATHER លោក ប៉ុណ្ណា បានទេ ដោយប្រាប់ថាជាប់រវល់។

ប្រធានសហព័ន្ធសហជីពឯករាជ្យ លោក រី សិទ្ធីណែត មាន​ប្រសាសន៍​ថា បើទោះបីជាប្រាក់ជំនាញនេះពុំមានកំណត់ក្នុងច្បាប់ ប៉ុន្តែថៅកែបានសន្យាផ្ដល់ប្រាក់នេះ​ជូនកម្មករ ដូច្នេះថៅកែគួរតែគោរពតាមពាក្យសន្យារបស់ខ្លួន ខណៈនៅ​សាខា​ទី១​​របស់​​រោងចក្រនេះ ខាង​ថៅកែបានផ្ដល់ឱ្យកម្មកររួចទៅហើយ។

លោកបន្ថែមថា៖ «គំនិតខ្ញុំ បើរោងចក្រទី១​ឱ្យហើយ អ៊ីចឹង​រោងចក្រទី២ក៏ត្រូវតែឱ្យដូចគ្នា ព្រោះរោងចក្រតែមួយ ថៅកែធំតែមួយ។ អ៊ីចឹង​គាត់ត្រូវតែឱ្យលុយហ្នឹងទៅកម្មករដូចគ្នា ព្រោះរោងចក្រនៅកម្ពុជាដូចគ្នា»

បើតាមក្រុម​កម្មករ រោងចក្រ JS LEATHER COLLECTION PHNOM PENH CO, LTD នៅតំបន់ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ​ គឺ​ជាសាខាទី២ និងមានកម្មករធ្វើការ​សរុបប្រហែល២ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ