ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្តកោះកុង​ជាង​១០០​គ្រួសារ សម្រេច​ចាក​ចេញ​ពី​តង់និង​រោង​ចាំដី​​​ក្រោយ​អាជ្ញាធរ​ត្រៀម​បង្ក្រាប

ពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកបទុមសាគរ ខេត្តកោះកុង នាំគ្នាបោះតង់និងសង់រោងលើដីមានជម្លោះវិញ ក្រោយពួកគេអះអាងថាគ្មានដំណោះស្រាយករណីវិវាទជាមួយក្រុមហ៊ុន លី យ៉ុងផាត់។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រស់​នៅ​ឃុំ​កណ្ដោល ស្រុក​បទុម​​សាគរ ខេត្តកោះកុង បាន​នាំ​គ្នាចាកចេញ​ពី​តង់​និង​រោង​ចាំដី​ទាំងយប់ ក្រោយ​ពី​កងកម្លាំង​ប្រដាប់អាវុធ បាន​ដាក់​​ពង្រាយ​​ព័ទ្ធជុំវិញ​កន្លែង​របស់​ពលរដ្ឋ​បោះ​តង់និងសង់​រោង​ចាំដី​​នៅលើ​ដី​កំពុង​មាន​ជម្លោះ​មួយ​កាលពី​ថ្ងៃទី១១ ខែកុម្ភៈ ម្សិលមិញនេះ។

ពលរដ្ឋម្នាក់រស់នៅឃុំកណ្ដោល​ អ្នកស្រី ភាព តេង ប្រាប់វីអូឌី​នៅថ្ងៃសៅរ៍​នេះ​ថា ពួកគាត់បាននាំគ្នាត្រឡប់មកផ្ទះវិញហើយ កាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី១១ ខែកុម្ភៈ ក្រោយកម្លាំងសមត្ថកិច្ចបានបិទផ្លូវ និងរារាំងពួកគាត់មិនឱ្យចេញក្រៅ ហើយមិនឱ្យអ្នកខាងក្រៅចូលទៅកន្លែងសង់រោង និងបោះតង់​លើដីជម្លោះដែលមានជម្លោះ។

អ្នកស្រីថា៖ «គេបិទយើងជិតឈឹង គេព័ទ្ធយើងជុំវិញ អ៊ីចឹងពួកខ្ញុំ​អត់មានទឹកងួត អត់មានបាយហូប អត់មានទឹកផឹក អ៊ីចឹងពួកខ្ញុំក៏​សម្រេចដកថយសិន​អ៊ីចឹងទៅ។ ពួកខ្ញុំដកតាំងពីយប់ ព្រោះអីគេបិទយើងគ្រប់ច្រកចេញចូលអ៊ីចឹង​»

ទោះបីជាពួកគាត់មិនសម្រាក់នៅលើដីមានជម្លោះក្តី តែអ្នកស្រី ភាព តេង ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ អ្នកភូមិនឹងនាំគ្នាទៅសាលាឃុំ ដើម្បីទាមទារឱ្យអាជ្ញាធរបង្ហាញឈ្មោះអ្នកដែលទទួលបានសំណងពីក្រុមហ៊ុន ខណៈពួកគាត់ទាំងអស់គ្នាមិនទាន់ទទួលបានសំណងនៅឡើយ។

អ្នកស្រីថា៖ «ពួកខ្ញុំបំបែកគ្នាសិន ហើយ​ថ្ងៃទី១៤ ពួកខ្ញុំបន្តទៅឃុំវិញ ទៅសួរឃុំ ព្រោះគាត់ថា ពួកខ្ញុំទទួលបានសំណងអស់ហើយ។ អ៊ីចឹងពួកខ្ញុំចង់​ឱ្យឃុំឆែក​មើលឈ្មោះណាខ្លះ ដែលមានសំណងទទួលលុយពីក្រុមហ៊ុនហ្នឹង»

អាជ្ញាធរបានចោទប្រកាន់អ្នកភូមិទាំង ១៥០ គ្រួសារនេះថា ទទួលបានសំណងហើយ ប៉ុន្តែនៅតវ៉ាទៀត និងបាននាំគ្នាទៅសង់រោង និងបោះតង់នៅលើដីរបស់​ក្រុមហ៊ុនហ៊ុន«កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេន​ថេសិន» របស់​ឧកញ៉ា​ លី យ៉ុងផាត់ សមាជិកព្រឹទ្ធ​សភា។ យ៉ាងណា អ្នកភូមិបានច្រានចោល ដោយអះអាងថា ពួកគេមិនទាន់ទទួលបានសំណងដូចការលើកឡើងរបស់អាជ្ញាធរនេះឡើយ។

អ្នកភូមិអះអាងថា កាលពីថ្ងៃម្សិលមិញនេះ សមត្ថកិច្ចខេត្តកោះកុងបានដាក់​ពង្រាយ​​កម្លាំងព័ទ្ធប្រជាពលរដ្ឋជាង១០០គ្រួសារដែល​កំពុងសង់រោង​នៅលើដីមាន​ជម្លោះមួយកន្លែង ស្ថិត​ក្នុង​ឃុំ​កណ្ដោល ស្រុក​បទុម​​សាគរ ក្រោយ​ការព្រមាន​ឱ្យ​រុះ​រើ ប៉ុន្តែពលរដ្ឋមិនអនុវត្តតាម។

លិខិតរបស់រដ្ឋបាលស្រុកបទុម​សាគរ ខេត្តកោះកុង​ កាលពីថ្ងៃទី៧ ​ខែកុម្ភៈនេះ បានចេញសេចក្ដីណែនាំមួយដោយប្រាប់​ឱ្យប្រជាពលរដ្ឋ១៥០គ្រួសាររុះ​រើ​រោងដែលសង់ដោយ​ខុសច្បាប់​នៅលើដីរដ្ឋ​​​​ជា​បន្ទាន់ បើពុំនោះទេ ​អាជ្ញាធរនឹងអនុវត្តវិធានការ​រដ្ឋបាល។

វីអូឌី នៅមិនទាន់អាចទាក់ទងអាជ្ញាធរខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញករណីនេះបាននៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ