ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ខេត្តព្រះវិហារ ​ប្រឈម​បាត់បង់​ដី​ស្រែ​ចម្ការ​ដោយសារ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន

គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន​បាន​ចូល​ទៅ​កាយដី​របស់​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​រំដេងក្នុង​ ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ កាល​ពី​អំឡុង​ខែមេសា ឆ្នាំ២០២០ បន្ទាប់ពី​អាជ្ញាធរ​រារាំង​មិន​ឱ្យពលរដ្ឋ ចូល​ទៅ​ដំាដំណាំ​លើ​ដីខ្លួនឯង។ (រូបថត​៖​ សហគមន៍​ផ្តល់​ឱ្យ)

ជនជាតិ​ដើម​ភាគតិច​កួយ​ជិត​៨០​គ្រួសារ រស់​នៅ​ឃុំ​រម្យ​ទម ​ស្រុករវៀង ខេត្តព្រះវិហារ កំពុងប្រឈម​បាត់​ដីស្រែ​ចម្ការ ដោយ​ពួកគេ​ចោទ​ថា ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​ឯកជន​មួយ​បានរំលោភ​បំពាន​យក​ហើយ​ប្រើ​អំណាច​ដើម្បី​គាប​សង្កត់​កុំ​ឱ្យ​ពួកគេ​តវ៉ា។

ជនជាតិដើមភាគតិចកួយ អ្នកស្រី យឹម សុផាត រស់នៅភូមិរំដេងក្នុង ​ឃុំ​រម្យ​ទម ស្រុករវៀង ខេត្តព្រះវិហារ ប្រាប់វីអូឌីនៅថ្ងៃនេះថា គ្រួសារគាត់បានធ្វើស្រែ​ចម្ការ ដំាស្វាយចន្ទី តាំងពីឆ្នាំ១៩៩០ មកម្លេះ ប៉ុន្តែនៅឆ្នាំ២០១៤ ស្រាប់តែក្រុមហ៊ុន Delcom Cambodia និងក្រុមហ៊ុន សឺន សាន រួមទាំង​ក្រុមហ៊ុនឯកជនមួយទៀត ចូលវិនិយោគជីកយករ៉ែនៅទីនោះ ហើយអាជ្ញាធរចាប់ផ្ដើមរារាំងពួកគាត់មិនឱ្យចូលអាស្រ័យផលលើដីខ្លួនដែរ។

អ្នកស្រីថា អាជ្ញាធរបានការពារក្រុមហ៊ុន​ដោយគំរាមកំហែង ហើយចាប់ពួកគាត់វាយខ្នោះ បើសិនជាពួកគាត់តវ៉ា បើទោះបីជាដីដែលពួកគាត់អាស្រ័យផលនោះ មានប្លង់រឹង និងប្លង់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំក៏ដោយ។

អ្នកស្រីថា៖ «ប៉ុន្មានគ្រួសារ អាខ្លះរត់ អាខ្លះដោះដូរទាំងបង្ខំទាំងសម្លុត ទាំងគេគំរាមចាប់ដាក់គុក គេចោទប្រជាពលរដ្ឋកាប់ទន្ទ្រានយកដីក្រុមហ៊ុន ​ចុះក្រុមហ៊ុន​នោះ ម៉េចមិនចោទផង។ ខាងក្រុមហ៊ុនជីកយករ៉ែ​ហេតុអីមកដាំស្វា ចេក មកដេញប្រជាពលរដ្ឋ​មិនឱ្យអាស្រ័យផលអត់យល់ដែរ។ ក្រុមហ៊ុននេះធ្វើមាស តើ​ហេតុអ្វី​បានជាមកធ្វើបាបប្រជាពលរដ្ឋក្នុងដំណាក់កាលនេះ»

អ្នកស្រី យឹម សុផាត បន្តថា កន្លងមក ពួកគាត់បានស្នើទៅអាជ្ញាធរឱ្យធ្វើប្លង់រឹង ប៉ុន្តែអាជ្ញាធរមិនព្រមធ្វើឱ្យខណៈអ្នកដែលមានប្លង់រឹង ត្រូវអាជ្ញាធរស្រុក​ដោះស្រាយ​ដោយគិតឱ្យក្នុង១ហិកតាតម្លៃ១ ៥០០ដុល្លារ។ ចំណែកអ្នកមានប្លង់ចេញពីភូមិ និងឃុំនោះ អាជ្ញាធរឱ្យតម្លៃ២០០ដុល្លារ ក្នុង១ហិកតា។ ប៉ុន្តែអ្នកស្រីថា ពួកគាត់មិនព្រមយក ដោយសារតម្លៃដីដែលអាជ្ញាធរផ្ដល់នេះ មិនអាចទិញដីនៅកន្លែងផ្សេងបានឡើយ។

ជនជាតិដើមភាគតិចកួយម្នាក់ទៀត រស់នៅភូមិស្វាយដំណាក់ ឃុំ​រម្យ​ទម ​​លោក រ៉ន រ៉េន លើកឡើងដែរថា បច្ចុប្បន្ន ពួកគាត់ប្រឈមនឹងការបាត់បង់ដីស្រែ​ចម្ការ​វិលជុំ ដោយសារអាជ្ញាធរឃុំ និងស្រុកបានចេញមុខរារាំងពួកគាត់មិនឱ្យចូលអាស្រ័យផលលើដីរបស់ខ្លួន ដើម្បីការពារក្រុមហ៊ុនចិន និងក្រុមហ៊ុនឯកជន​ធ្វើអាជីវកម្មរ៉ែនៅទីនោះ។   ក្រៅពីរារាំងហើយលោកថា អាជ្ញាធរបានគំរាមចាប់ខ្លួនពួកគាត់ដាក់គុកបន្ថែមទៀត បើសិនជាពួកគាត់ចេញតវ៉ានោះ។

ជនជាតិដើមភាគតិចកួយរូបនេះ ចាត់ទុកការគំរាមកំហែងពួកគាត់ និងបង្ខំឱ្យលក់ដីដែលមានប្លង់កម្មសិទ្ធិ ១ហិកតា តម្លៃ១ ៥០០ ដុល្លារ ទៅឱ្យក្រុមហ៊ុននេះ ថាជារឿងយុត្តិធម៌សម្រាប់ពួកគាត់ជាជនជាតិដើមភាគតិច ដែលកំពុងរស់នៅនិងអាស្រ័យផលដីចម្ការវិលជុំ។

លោកថា៖ «ថ្ងៃមុនខ្ញុំទៅតែគ្នា២ ទៅ៣នាក់ គ្នាគាត់មកជាង១០ នាក់ សុទ្ធតែទាហាន​ ថាចេះ ថាចុះ គំរាមសុទ្ធតែចាប់ដាក់គុក ហើ់យថា យើងទៅបំផ្លាញ​ព្រៃឈើ ចុះគាត់អ្នកបំផ្លាញព្រៃឈើសុទ្ធតែអាត្រាក់ទ័រនោះ មិនថាបំផ្លាញ សុទ្ធគាត់ហ្នឹងអ្នកធ្វើ»

បើតាមអ្នកស្រី យឹម សុផាត ជនជាតិដើមភាគតិចកួយអះអាងថា ក្រុមហ៊ុន Delcom Cambodia,  ក្រុមហ៊ុនចិន សឺន សាន និងក្រុមហ៊ុនឯកជន បានចាប់ផ្ដើមចូលទៅធ្វើអាជីវកម្មជីករ៉ែមាស កាលពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ អ្នកស្រីអះអាងថា បច្ចុប្បន្នពលរដ្ឋដែលរងផលប៉ះពាល់​ដោយសារការ​វិនិយោគរបស់ក្រុមហ៊ុនមានចំនួន ៧៨ គ្រួសារ ក្នុងភូមិចំនួន ៤ នៃឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ។

វីអូឌី មិនអាចសុំការបំភ្លឺពីជំទប់ទី១ នៃឃុំរមទុម លោក ប្រាក់ ផន  បានទេនៅថ្ងៃនេះ ដោយលោកថា ច្រឡំលេខ ខណៈអភិបាលស្រុករវៀងលោក ហោ ប៊ុនហ៊ូរ សុំមិនធ្វើអត្ថាធិប្បាយដោយទាមទារឱ្យអ្នកសារព័ត៌មានចុះទៅផ្ទាល់ នៅពេលអ្នកសារព័ត៌មានថា តើអាជ្ញាធរបានរារាំង និងគំរាមកំហែងប្រជាពលរដ្ឋ មិនឱ្យចូលអាស្រ័យផលលើដីពួកគេនោះ។

លោកថា៖ «អត់ទោសអញ្ជើញចុះមកផ្ទាល់មក ខ្ញុំនាំដើរមើល ដើរទស្សនកិច្ច តើរឿងហ្នឹង វាពិតឬមិនពិត។ រៀបចំពេលវេលាចុះមក អញ្ជើញមកដល់ទី​តាំង​មក។ ខ្ញុំឆ្លើយជម្រាបហើយ ទី១ ខ្ញុំអត់ដឹងបងស្រីអ្នកនៅខាងណា ទាល់ជួបគ្នាទើបមានការបកស្រាយបំភ្លឺ ឬសម្ភាស៍អី»

យ៉ាងណាក៏ដោយ ជនជាតិភាគតិចទាំងនោះស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ ដោយឱ្យអាជ្ញាធរឈប់គំរាមកំហែង រារាំង និងបង្ខំពួកគាត់​បន្តទៀត ដោយថា ពួកគាត់ជាជនជាតិដើមភាគតិចរស់នៅ ដោយអាស្រ័យផលកម្ការវិលជុំ ប៉ុន្តែបើដីស្រែកចម្ការត្រូវបាន​អាជ្ញាធរនិងក្រុមហ៊ុនយក​អស់​ពួកគាត់គ្មានអ្វីទៀតឡើយ។

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា​ ៤៤​ ចែងថា ជន​ណា​ក៏​ដោយ​ ទោះ​ជា​បុគ្គល​ក្ដី​ ជា​សមូហភាព​ក្ដី​ មាន​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ។ មាន​តែ​រូបវន្តបុគ្គល​ ឬ​នីតិបុគ្គល​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ​ទេ ​ទើប​មាន​សិទ្ធិ​ជា​ម្ចាស់​ កម្មសិទ្ធិ​លើ​ដី​ធ្លី។ កម្ម​សិទ្ធិ​ឯកជន​ស្រប​ច្បាប់​ ស្ថិត​នៅ​ក្រោម​ការ​គាំពារ​នៃ​ច្បាប់។ ដែល​នឹង​ដក​ហូត​កម្មសិទ្ធិ​ អំពី​ជន​ណា​មួយ​បាន​នោះ​ លុះ​ត្រា​តែ​ប្រយោជន៍​សាធារណៈ​តម្រូវ​ឱ្យ​ធ្វើ​ ក្នុង​ករណី​ដែល​ច្បាប់​បាន​បញ្ញត្តិ​ទុក​ ហើយ​ត្រូវ​​ផ្ដល់​សំណង​ជា​មុន​ ដោយ​សមរម្យ​ និង​ យុត្តិធម៌។

ចំណែកសេចក្ដីប្រកាសរបស់អង្គការសហប្រជាជាតិ ស្ដីពី សិទ្ធិជនជាតិដើមភាគតិចមាត្រា ១០ ចែងថា ជនជាតិដើមភាគតិចមិនត្រូវបានបណ្ដេញទាំងបង្ខំពីដីធ្លី ឬដែនដីរបស់ខ្លួនឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ