លោកស្រី ឱ វណ្ណឌីន៖ ពលរដ្ឋ​និង​យុវជន​រួម​គ្នា​ទប់​ស្កាត់​ការ​ចម្លង​កូវីដ​ប្រភេទ​«អូមីក្រុង»​ក្នុង​ថ្ងៃ​១៤​កុម្ភៈ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​វេជ្ជបណ្ឌិត​ ឱ វណ្ណ​ឌីន ថ្លែងក្នុងកិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលដ្ឋខ្មែរ ជាពិសេសយុវវ័យ ត្រូវនាំគ្នាចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី«អូមីក្រុង» ខណៈជំងឺនេះកំពុងមានការឆ្លងកើនឡើងកាន់តែច្រើនចូលក្នុងសហគមន៍។

ការអំពាវនាវនេះ ធ្វើឡើងមុនថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាថ្ងៃនៃទិវានៃសេចក្តីស្រឡាញ់ ​ ខណៈការឆ្លងរាលដាលជំងឺកូវីដ-១៩ អូមីក្រុង ក្នុងសហគមន៍ បានបន្តកើនឡើងជាបន្តបន្ទាប់។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានចេញសេចក្តីអំពាវនាវអំពាវនាវនៅព្រឹកថ្ងៃអាទិត្យនេះថា  ថ្ងៃនៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ មិនមែនជាទំនៀមទម្លាប់ប្រពៃណី​ជាតិខ្មែរនោះទេ តែ​ប្រជាពលរដ្ឋ ជាពិសេសយុវវ័យមួយចំនួនបានប្រើប្រាស់ថ្ងៃនេះ ធ្វើការជួបជុំគ្នាពិសារអាហារជាមួយគ្នា ដើម្បីបង្ហាញនូវក្តីស្រឡាញ់របស់ខ្លួន ជូនទៅបុគ្គលណាម្នាក់ ឬច្រើននាក់ដែលខ្លួនស្រឡាញ់។

ករណីនេះ លោកស្រី ស្នើទៅកាន់​ពលរដ្ឋ និងយុវវ័យទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុង ខណៈជំងឺនេះកំពុងតែចរាចរយ៉ាងសកម្ម នៅក្នុងសហគមន៍។

លោកស្រីមានប្រសាសន៍ថា «យើងត្រូវបង្កើននូវសកម្មភាព ចូលរួមអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត សុវត្ថិភាពបុគ្គល) ៣កុំ (កុំទៅកន្លែងដែលមានមនុស្សច្រើន កុំទៅកន្លែងដែលបិទជិត កុំចាប់ដៃគ្នាឫកៀកគ្នា) និងនាំមនុស្សជាទីស្រឡាញ់របស់ខ្លួន ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នាជាចាំបាច់ ដើម្បីផ្តល់នូវក្តីស្រឡាញ់ពិតៗ ជូនដល់ពួកគាត់ នាពេលនេះព្រោះវ៉ាក់សាំងកូវីដ-១៩ រួមជាមួយនឹងការនាំគ្នាអនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការ ៣ការពារ និង៣កុំ គឺពិតជាជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រឡាញ់របស់លោកអ្នក»

លោកស្រីលើកឡើងថា ការឆ្លងរាតត្បាត និងការបំប្លែងខ្លួននៃវីរុសកូវីដ-១៩ នៅតែជាកង្វល់របស់បណ្តាប្រទេសនៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានមនុស្សជិត ៤០០លាននាក់ ដែលបានឆ្លងវីរុសកូវីដ-១៩ និងមនុស្សជាង ៥លាននាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។  

កម្ពុជាគិតត្រឹមព្រឹកថ្ងៃទី១៣ខែកុម្ភៈនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១២៣ ៤៤៣នាក់ និងស្លាប់ចំនួន ៣ ០១៥នាក់​។ ដោយឡែក អ្នកជាសះស្បើយមានចំនួន១១៨ ៨០៤ នាក់។

ចំណែក ករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» កម្ពុជារកឃើញអ្នកឆ្លងចូលក្នុងស​ហគមន៍មានចំនួន ២ ៣៨០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ