គណបក្ស គ.ប.ម នៅ​ស្វាយរៀង​ចោទ​អាជ្ញាធរឃុំ​មួយ​ថា​រារាំង​សកម្មភាព​ធ្វើ​នយោបាយ

សកម្មភាពលើកស្លាកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅភូមិមហាសួន ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខេត្តស្វាយរៀ)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) នៅខេត្តស្វាយរៀង បានចោទមេឃុំស្វាយយា ក្នុង​​ស្រុក​ស្វាយជ្រុំ​ ថាមិន​យល់​ពីច្បា​ប់ ហើយ​មាន​ចេតនារារាំងការធ្វើសកម្មភាពរបស់គណបក្សនេះ ដូចជា ការលើកស្លាកនិងការជួបជុំគ្នាជាដើម។

ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តស្វាយរៀង បាន​ផ្សាយ​ផ្ទាល់​លើផេក​ហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២ ខែកុម្ភៈ ដោយបញ្ជាក់ថា មេឃុំស្វាយយាមិនទទួលលិខិតជូនដំណឹងពីគណបក្ស​នេះលើការលើកស្លាកឡើយ​។ ក្រុមការងារគណបក្សនេះ​បានចាត់ទុកទង្វើរបស់​មេឃុំ​​ថា មានចេតនា​រារាំងសកម្មភាព​ធ្វើនយោបាយដែលច្បាប់បានអនុញ្ញាត។​

ប្រធានប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តស្វាយរៀង លោក ខឿន សោភ័ណ មាន​ប្រសាសន៍នៅថ្ងៃទី១៤ ខែកុម្ភៈថា មេឃុំស្វាយយា បង្កការលំបាកក្នុងការធ្វើសកម្មភាពនយោបាយ ដូចជា ការ​លើកស្លាក​សញ្ញា និង​ការជួបជុំ។ លោកបន្តថា តាមផែនការ គណបក្ស​នេះ​គ្រោងលើក​ស្លាក​៣​ទីតាំង និង​មានការជួបជុំមនុស្សពី១៥ទៅ៣០នាក់ នៅថ្ងៃទី១៣ ខែកុម្ភៈ ប៉ុន្តែ​មេឃុំស្វាយយាទាម​ទារ​លក្ខខណ្ឌផ្សេងៗ។

លោក ខឿន សោភ័ណ បន្តទៀតថា ក្រុមការងាររបស់​លោកបាន​ទៅជួបមេឃុំចំនួន៣ដង ទើប​​មេឃុំអនុញ្ញាតឱ្យលើកតែមួយ​ទីតាំង ហើយ​មិនឱ្យជួបជុំដោយសម្អាងហេតុថា គណបក្សនេះ​មិនមានស្នាក់ការនៅទីនោះ។​

លោក ខឿន សោភ័ណ ចាត់ទុក​ការអះអាងរបស់មេឃុំរូបនោះ ថា​ធ្វើផ្ទុយពីច្បាប់និង​សេចក្ដីណែនាំ​ពីក្រសួងមហាផ្ទៃ និ​ង​កំពុងរារាំងដល់សកម្មភាពគណបក្សផ្សេង​មិនឱ្យចូលរួមប្រកួតប្រជែង​ការបោះឆ្នោតឃុំ-សង្កាត់នៅពេលខាងមុខនេះ។​

លោកថា៖ «ត្បិតតែគាត់ជាតំណាងឱ្យគណបក្សប្រជាជន ប៉ុន្តែគាត់ជាប់ជាមេឃុំហើយ គាត់ត្រូវដោះអាវគណបក្សចេញ ហើយធ្វើជាអ្នកបម្រើប្រជាពលរដ្ឋទូទៅ។ តែគាត់ចេះតែធ្វើឱ្យគណបក្សនយោបាយផ្សេងលំបាក និយាយរួមទៅ គាត់ភ័យខ្លាចគេប្រកួតប្រជែងទេដឹង!»​

ករណីនេះ លោក ខឿន សោភ័ណ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានបំពេញតួនាទី​ជាមន្ត្រីអនុវត្តច្បាប់ស្របតាមសង្គមប្រជាធិបតេយ្យ។​

លោកថា៖ «សម្រាប់គាត់ជាអាជ្ញាធរ មិនថាគាត់ជាមេប៉ុស្តិ៍ គាត់ជាអធិការ ឬជាសមត្ថកិច្ចណាមួយទេ គាត់ត្រូវតែសម្រួលដល់ពលរដ្ឋទូទៅក្នុងការធ្វើសកម្មភាពនយោបាយហ្នឹង ដូចជាពួកខ្ញុំជាដើម មិនត្រូវរារាំងអ៊ីចឹងទេ! បើរារាំងអ៊ីចឹងបានន័យ​ថា មិនមែនប្រជាធិបតេយ្យទេ»។​

ឆ្លើយតបជុំវិញការចោទប្រកាន់នេះ មេឃុំស្វាយយា លោក សុខ សំអន បញ្ជាក់យ៉ាងខ្លីថា លោក​ធ្វើការ​ងារ​តាម​ច្បាប់ ហើយលោកក៏ចុចទូរសព្ទបិទទៅ។​

លោកថា៖ «ឱ្យគាត់បើកមើលច្បាប់ និងក្រសួងមហាផ្ទៃ គេណែនាំទៅ! ហើយបើចង់ដឹង ឱ្យមកសាលាឃុំមក ខ្ញុំកូពីឱ្យ»។

តាមលិខិតដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី៧ ខែកុម្ភៈ បាន​បញ្ជាក់​ថា រាល់ការលើកស្លាកនៅទីតាំងឯកជន មិនត្រូវឱ្យសុំច្បាប់ទេ គឺគ្រាន់តែជូនដំណឹងទៅអាជ្ញាធរឃុំឬសង្កាត់៣ថ្ងៃមុន។ ចំណែកការជួបជុំរបស់គណបក្សនយោបាយ​នៅស្នាក់ការ ឬផ្ទះឯកជន ក៏មិនត្រូវឱ្យសុំច្បាប់អនុញ្ញាតដែរ គ្រាន់តែត្រូវជូនដំណឹងទៅអាជ្ញាធរឃុំឬសង្កាត់​តែ​ប៉ុណ្ណោះ។​

​អ្នកសម្របសម្រួល​ផ្នែក​​អង្កេត​ និង​តស៊ូ​មតិនៃអង្គការ​ខុមហ្វ្រែល ​លោក កន សាវាង្ស មានប្រសាសន៍ថា ករណីដែលអាជ្ញាធរតម្រូវឱ្យគណបក្សនយោបាយសុំការអនុញ្ញាតពីថ្នាក់លើ ឬទាមទារល​ក្ខខណ្ឌផ្សេងៗក្នុងការជួបជុំគ្នា ឬលើកស្លាកនៅក្នុងផ្ទះឯកជន​នោះ មិនត្រឹមត្រូវទេ។

លោកថា៖ «លើកឡើងឱ្យមានការសុំច្បាប់តាំងពីលើដល់ក្រោមហ្នឹង ទាក់ទងការលើកស្លាក ការជួបជុំហ្នឹង អាហ្នឹងមិនត្រឹមត្រូវទេ! ជាទូទៅ គេឱ្យមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានក្នុងការលើកស្លាកហ្នឹង។ សម្របសម្រួលយ៉ាងម៉េច? សម្របសម្រួលក្រែងលើកស្លាកហ្នឹង​ប៉ះពាល់ដល់ទីសាធារណៈ ឬក៏ប៉ះពាល់ដល់គណបក្សយោបាយផ្សេង​អ៊ីចឹង អាហ្នឹងគេឱ្យមានការសម្របសម្រួល»។​

ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥​ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។ ខណៈ​ការបោះឆ្នោតកាន់តែខិតជិតចូល​មក​ដល់ គណបក្សនយោបាយផ្សេងៗក៏បានបង្កើនការធ្វើសកម្មភាពនៅតាមមូលដ្ឋានផ្សេងៗផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ