ជំទប់ទី១​កូតា CNRP បាន​លាលែង​ពី​តំណែង ខណៈ​ធ្វើការ​មិន​ចុះ​សម្រុង​ជាមួយ​មន្ត្រី​បក្ស​កាន់​អំណាច

សាលាស្រុកប្រាសាទបាគង។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកប្រាសាទបាគង / Prasat Bakong District Administration)

ជំទប់ទី១ នៅឃុំសណ្ដែក​ មកពីកូតាគណបក្សសង្រ្គោះជាតិ​(CNRP)​​ដែលត្រូវបានតុលាការរំលាយ បានលាឈប់​ពីតំណែង ដោយសារធ្វើការងារមិនចុះសម្រុងគ្នាជាមួយថ្នាក់ដឹកនាំដែល​មក​ពី​គណបក្សប្រជា​ជន​កម្ពុជា ប៉ុន្តែមន្ត្រីថ្នាក់ខេត្ត​ថា ការលាឈប់របស់ជំទប់ទី១​​នេះ ដោយសារតែគាត់​មាន​ជំងឺ​ប្រចាំ​​កាយ។

លោក ឡាត គិមលាន ជាជំទប់ទី១ នៃឃុំសណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែល​មាន​កូតា​មក​​​ពី​​គណបក្សសង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ បានប្រាប់ វីអូឌី នៅថ្ងៃពុធ​នេះ​ថា លោកធ្លាប់ធ្វើជាសកម្មជនគណបក្ស​សម​រង្ស៊ី អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​​ក្រោយពី​គណបក្សសម​រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស​ រួម​គ្នាប​ង្កើត​គណបក្ស​សង្គ្រោះជា​តិ រូប​លោក​បានឈរឈ្មោះជាមេ​ឃុំសណ្ដែក ហើយបានជាប់ឆ្នោតធ្វើជំទប់ទី១ ដោយមានការគាំទ្រពីប្រជាពលរដ្ឋ។

លោកបន្តថា ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ រូបលោកបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៧ ដោយកាន់តួនាទីជាជំទប់ទី១ដដែល។ ប៉ុន្តែលោកថា នៅអំឡុងពេលធ្វើការងារជាមួយថ្នាក់ដឹកបក្សកាន់អំណាច ដូច​ជា មេឃុំ អភិបាលស្រុក និងខេត្ត មិនសូវស៊ីសង្វាក់​គ្នាក្នុង​ការ​ជួយ​បម្រើ​ប្រជា​ពលរដ្ឋ និងចាយថវិកា​ជាតិខ្ជះខ្ជាយ មិន​មាន​តម្លាភាព ទើប​គាត់សម្រេចចិត្តលាលែងពីតំណែងបែបនេះ។

លោកមានប្រសាសន៍ថា៖ «នៅក្នុងពេលធ្វើការ ខ្ញុំឃើញម៉េច ខ្ញុំថាអ៊ីចឹង​ ព្រោះច​ង់​ឱ្យ​ភូមិ​ឃុំ​របស់យើង​ល្អ​ប្រសើរ​! ឃើញការខុសឆ្គង ការចាយលុយថវិកាឃុំមិនត្រឹមត្រូវ មិនមានតម្លាភាព ខ្ញុំក៏ណែ​នាំ​ប្រជុំ និង​ដាក់​ពាក្យសុំអន្តរាគមន៍ទៅថ្នាក់លើឱ្យជួយកែតម្រង់ទិស​មន្ត្រីក្រោមឱវាទ ឱ្យគាត់មានការផ្លាស់ប្ដូរឥរិយាបថ។ ខ្ញុំនិយាយទៅក៏ប៉ះពាល់ដល់ថ្នាក់ដឹកនាំ​ ថ្នាក់ស្រុក​ ថ្នាក់ខេត្តទេដឹង? បានជាគេនាំគ្នាព្រួតគ្នា ដើម្បីផ្ដាច់ឫសខ្ញុំអ៊ីចឹង ខ្ញុំវាហួសចិត្ដដែរ»។

បន្ថែមពីនេះ ជំទប់ទី១រូបនោះបញ្ជាក់​ថា មុនលោកលាឈប់ពីតំណែង ខាងថ្នាក់ដឹកនាំខេត្តបានដាក់ឈ្មោះឱ្យគាត់ឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី១១ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​នេះ​ទៅ​វិញ ដោយលោកចាត់ទុកការរៀបចំបញ្ជី​ឈ្មោះ​អាណត្តិថ្មីនេះ ជា​ការរើសអើងផ្នែកនយោបាយ ពីព្រោះឈ្មោះគាត់ត្រូវឈរលំដាប់លេខ១ឬលេខ២ ទើបត្រឹមត្រូវ។ លោកបានគូសបញ្ជាក់ថា ការលាលែងពីតំណែងរបស់គាត់មិនមែនមកពីបញ្ហាសុខភាពដូចការ​លើកឡើងរបស់មន្ត្រីថ្នាក់ខេត្តនោះទេ។

វីអូឌី មិនអាចសុំការបំភ្លឺពីមេឃុំសណ្ដែក លោក ម៉ិល សុគង្គា និង​អភិបាល​ស្រុកប្រាសាទបាគង លោក សូ ប្លាតុង បានទេ នៅរសៀលថ្ងៃនេះ។

អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល មានប្រសាសន៍ថា ដើមចមដែលនាំឱ្យជំទប់ទី១នៃឃុំសណ្ដែកលាឈប់ពីតំណែងនោះ ដោយសារតែគាត់មានបញ្ហាសុខភាព មិនមែនកើតចេញ​ពីការធ្វើការងារមិនចុះសម្រុងគ្នានោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំដឹង ការសុំលាលែងរបស់គាត់ [ជំទប់ទី១ គណបក្សសង្គ្រោះជាតិ] ដោយ​សារ​បញ្ហា​សុខ​ភាព»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍​​ថា បើ​សិន​ជា​ដូច​ការលើក​ឡើង​របស់​ជំទប់ទី១នៃឃុំសណ្ដែក​ ដែលថា​មន្ត្រីថ្នាក់ក្រោមធ្វើ​​ការងារមិនចុះសម្រុងគ្នា និងមាននិន្នាការរើសអើង​មន្ត្រីដែលធ្លាប់មកពីគណបក្ស​នយោបាយផ្សេងៗ​គ្នា​នោះ​មែន នឹង​នាំឱ្យមានបញ្ហាប្រឈមនិង​ការបែកបាក់ជាតិ។

លោកមានប្រសាសន៍ថា៖ «ទោះគាត់ជាអតីតមកពីគណបក្សនយោបាយណាក៏ដោយ នៅពេល​ដែលគាត់ស្ម័គ្រ​ចិត្ត​ទៅ​រួ​ម​រស់ធ្វើការ​ជាមួយ​នឹងគណបក្សមួយទៀតទៅហើយ បើសិនជានៅតែប្រកាន់​និន្នាការនយោបាយ ដូច​ថ្នាក់​ដឹកនាំតែង​តែ​លើកឡើងអ៊ីចឹង​ថា ភាពអយុត្តិធម៌ ឬក៏ការបែក​បាក់​សាមគ្គីភាព សាមគ្គីផ្ទៃក្នុង វា​បង្កនូវភាពអយុត្តិធម៌ បង្កឱ្យបែកបាក់ឯកភាពជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ