ពលរដ្ឋ​ជាង​៥០​គ្រួសារ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ញូញៀន​នៅ​កោះកុង​មិន​ទាន់​ទទួល​សំណង

ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ប្រជាពលរដ្ឋ​​មួយចំនួនដែលកំពុងមាន​ជម្លោះដីធ្លី​ជាមួយ​​ក្រុមហ៊ុន​​ចិន ញូ​ញៀន (Union Development Group ឬ UDG​) ក្នុង​ខេត្តកោះកុង បដិសេធទទួលយកសំណង ដោយថា យន្តការដោះស្រាយរបស់អាជ្ញាធរ​ពុំមានតម្លាភាព។

កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាល​ខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទ​ដីធ្លីជូនពលរដ្ឋចំនួន៣ប្រភេទ ដែលមាន​​ប្រមាណ​១ ៣៣០គ្រួសារ ដែល​កំពុងរងផលប៉ះ​ពាល់​​ពីគម្រោងអភិវឌ្ឍន៍​​រប​ស់ក្រុម​ហ៊ុន​ញូញៀន ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ ព្រមទាំង​បានជូន​ដំណឹង​ជា​បន្តបន្ទាប់​ទៀត ឱ្យប្រជាពលរដ្ឋ​ទៅចាប់​​ឆ្នោត​យក​​ដី​ឡូត៍ទៅតាមការកំណត់របស់អាជ្ញាធរ។

អ្នកស្រី សាំង ពុយ អះអាងថា​ជាតំណាងប្រជាពលរដ្ឋរស់​នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះ​ថា រហូត​មកដល់ពេលនេះ ក្រុមពលរដ្ឋពួកគាត់​ជាង​៥០គ្រួសារ​ទៀតមិន​ព្រម​ទទួលយកសំណងតាមការដោះស្រាយរប​ស់​អាជ្ញាធរ ដោយ​ថា សំណង​នោះ​តិចតួចពេក ខណៈដីធ្លីរបស់ពួកគាត់ដែលប៉ះពាល់មានទំហំច្រើនលើស​លុប។

អ្នកស្រីបន្ត​​​ថា គ្រួសារ​គាត់​បាន​ប៉ះដីទំហំ​៨ហិកតា ខណៈ​ម្ដាយ​អ្នកស្រីប៉ះពាល់ដីទំហំ១២ហិកតាដែលពេញ​ទៅដោយដំណាំហូបផ្លែ​ ប៉ុន្តែអា​ជ្ញាធរ​ដោះស្រាយ​ដោយ​ផ្ដល់​ជូន​ពួកគាត់វិញ ត្រឹមតែដី​២ហិកតាប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖ «មូលហេតុថាការដោះស្រាយរបស់គាត់ វាអយុត្តិធម៌ពេក វាអត់ស្មើភាពគ្នា ដី​យើង​ច្រើន ដីពួក​យើង​មាន​ចាប់​ពី​១០ទៅ៤០ហិកតាអ៊ីចឹង​ គាត់ផ្ដល់សំណងមកយើងវិញត្រឹមតែ២ហិកតា ហើយដីនៅឆ្ងាយទៀត។ ដីនៅកន្លែងនោះមិនដឹងជាត្រូវទៅរកស៊ីអីកើត។ដីហ្នឹងនៅខាងក្នុង ហើយជាដីព្រៃលិចទឹកទៀត»

អ្នកស្រី ទិត្យ តេន ដែលអះអាងថាជាតំណាងពលរដ្ឋនៅឃុំព្រែកខ្សាច់ និយាយថា សំណងត្រឹមដី២ហិកតានោះ អ្នកស្រី​មិនអាចទទួលយកបានឡើយ ខណៈដីអ្នកស្រីដែលប៉ះពាល់មានទំហំប្រមាណ៦៩ហិកតា ដែលមានលិខិតបញ្ជាក់ការកាន់កាប់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។

តំណាងពលរដ្ឋរូបនេះបានបង្ហាញការខកចិត្តចំពោះអាជ្ញាធរពាក់ព័ន្ធដែលចុះដោះស្រាយ ដោយមានការបែងចែកពលរដ្ឋជាប្រភេទទី១ ទី២ និងទី៣ ដោយមិនដោះស្រាយតាមទំហំដីជាក់ស្ដែងជូនពលរដ្ឋ។ ម្យ៉ាង​ទៀត ​អ្នកស្រីថា​ ការផ្លាស់ប្ដូរទីលំនៅថ្មីនឹងធ្វើឱ្យប៉ះដល់ពាល់ជីវភាព និងបាត់បង់មុខរបរ ជាដើម។

អ្នកស្រីបន្ថែមថា៖ «អ៊ុំមិនអាចទទួលយកបានទេ យ៉ាងណាៗ អ៊ុំស៊ូនៅទីនេះ ដាច់​ខាតមិន​ចាក​ចេញ​ពី​ភូមិចាស់ឡើយ។ នៅនេះ យើងមានមុខរបរដូចជាធ្វើនេសាទ និងធ្វើចម្ការ។ បើយើងប្ដូរទៅនៅខាងលើ វាអត់មានកន្លែងចត​ទូក វាអត់មានកន្លែងនេសាទដូចនៅទីនេះទេ អ៊ីចឹង​យើងជួបផលលំបាកខ្លាំង»

កាលពីចុងឆ្នាំ២០២១ រដ្ឋបាលខេត្ត​កោះកុងបានឱ្យដឹង​ថា ការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ត្រូវបានបែងចែកជា៣ប្រភេទ ដោយប្រភេទទី១ ជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុន មានចំនួន២៤៧គ្រួសារ ដោយទទួលបានសំណងគោលនយោបាយជាដីលំនៅឋានទំហំ០,៥ហិកតា ដីចម្ការ​៣ហិកតា និងថវិកា៩ ០០០ដុល្លារ។

ចំណែកពលរដ្ឋប្រភេទ​ទី២ ជា​​​ប្រជាពលរដ្ឋរស់នៅខុសមូលដ្ឋាន ឬ​ខុស​ភូមិ​ឃុំ មានចំនួន២៥៥គ្រួសារ ដោយទ​ទួល​បានសំណងជាដីចម្ការ២ហិកតា​ក្នុងមួយគ្រួសារ បើទោះបីជាពួកគេមានដីទំហំប៉ុណ្ណាក៏ដោយ ខណៈ​ប្រភេ​ទ​ទី៣ ជាប្រជាពលរដ្ឋស្នើសុំគោលនយោបាយបន្ថែម មានចំនួន៨៣១គ្រួសារ ត្រូវ​ទទួល​បានសំណង​១ហិកតាក្នុងមួយគ្រួសារ។

រដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក៏បានព្រមានពីការមិនទទួលខុសត្រូវលើការបាត់បង់ផលប្រយោជន៍ ចំពោះពលរដ្ឋណាដែលមិនព្រមទៅ​ចាប់​ឆ្នោតយកដីឡូត៍​តាមការកំណត់របស់អាជ្ញាធរផងដែរ។

អ្នកនាំពាក្យ និងជាអភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី ប្រាប់ថា ជាប់រវល់ប្រជុំមិនអាចនិយាយបាន។

មេឃុំ​កោះស្ដេច លោក សុខ ចេង អះអាងថា នៅឃុំរបស់លោកមានពលរដ្ឋប្រភេទទី១ ចំនួន៦គ្រួសារ និងប្រភេទទី២ នៅប្រហែល៤គ្រួសារទៀតដែលពុំទាន់ទៅទទួលយកសំណង ដោយថា សំណងដែលអាជ្ញាធរឱ្យតិចតួចពេក ខណៈដីពួកគាត់មានចំនួនច្រើន។

លោកបន្ថែមថា៖ «ដោយសារគាត់យល់ថាដីរបស់គាត់ធំ អ៊ីចឹង​គាត់សុំទាម​ទារ​ធំ​ដែរ តែ​នេះ​ជា​ការ​ដោះស្រាយ​គោល​នយោបាយ​ វាមិនអាចដោះស្រាយបានមួយតូចមួយធំបានទេ ព្រោះ​គេ​ដោះ​ស្រាយ​រួម ដែលជាការ​កំណត់​របស់​រដ្ឋាភិបាល»

ចំណែកមេឃុំព្រែកខ្សាច់ លោក ឈួន ឈាង ពុំទាន់បានដឹងចំនួន​ពលរដ្ឋ​ដែលមិនទាន់ទទួលយកសំណង​នោះនៅឡើយ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល និងអស្សាមិករណ៍​ បាន​កំណត់បានចែងយ៉ាងច្បាស់​ថា ការ​យក​ដីធ្លី​ពលរដ្ឋ​មានបណ្ណ​កម្មសិទ្ធិ​ទៅអភិវឌ្ឍបាន លុះត្រាតែមានការព្រមព្រៀងពីម្ចាស់​អចលនទ្រព្យ និង​ការមានការដោះស្រាយសំណងសមរម្យនិងយុត្តិធម៌ជូនពួកគេជាមុន។

លោកបន្តថា ប្រសិន​បើការអភិវឌ្ឍ​ធ្វើឡើងដោយប៉ះពាល់ដីធ្លីពលរដ្ឋ ហើយបង្ខិត​បង្ខំឱ្យពួកគេយកសំណង​ទាំង​មិនពេញចិត្តនោះ គឺជាទង្វើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោក វណ្ណ សុផាត ស្នើដល់​រដ្ឋាភិបាល​ធ្វើយ៉ាងណាដោះ​ស្រាយ​សំណង​ជូនពលរដ្ឋ​ឱ្យបានសមរម្យ ដើម្បី​បញ្ចប់​ការ​តវ៉ា។

លោកបន្ថែមថា៖ «ប៉ះពាល់ទី១ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសិទ្ធិរស់នៅសមរម្យមានដីមានលំនៅឋានសមរម្យ ហើយនិង​​ប៉ះពាល់ដល់សិទ្ធិមនុស្សផ្សេងទៀត ដែលមានចែងក្នុងកតិកា​សញ្ញាស្ដីពី​សិទ្ធិពលរដ្ឋដែលរដ្ឋយើងបានផ្ដល់សញ្ចាបណ្ណ»

កាលពី​ឆ្នាំ២០០៨​ រដ្ឋាភិបាល​បានសម្រេច​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​៣​៦ ០០០​​ហិ​កតា​ ស្ថិតនៅ​ក្នុង​ស្រុក​បទុម​សាគរ​ និង​ស្រុក​គិរីសាគរ​ ខេត្តកោះកុង​ ទៅដល់​ក្រុមហ៊ុន​ចិន Union​ Development​ Group​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​និង​រមណីយដ្ឋាន​ទេសចរណ៍។

របាយ​កា​រ​ណ៍​និង​ការវិភាគ​ផ្លូវច្បាប់​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ (CLEC​) ឆ្នាំ២០១២​ ​រក​​ឃើញ​ថា​ គម្រោង​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិននេះបាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋចំនួន​១​ ១៤៣គ្រួសារ ​ត្រូវ​បង្ខំ​ឱ្យ​បោះបង់ចោល​ដីធ្លី​ប្រមាណ​ជាង​១ម៉ឺន​ហិ​កតា​ និង​ផ្ទះ១ ៥០០ខ្នង​​ត្រូវ​បង្ខំ​ឱ្យ​រុះរើ​និង​ឈូស​ឆាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ