សាលាឧទ្ធរណ៍រាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលដីកាសំណុំរឿងកុមារ កាក់ សុវណ្ណច្ឆ័យ កូនប្រុសរបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃនេះ បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឱ្យកុមារ កាក់ សុវណ្ណច្ឆ័យ ប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសលើកុមាររូបនេះកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ម្ដាយរបស់ កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា ប្រាប់ វីអូឌី នៅថ្ងៃនេះថា ត្បិតកូនរបស់គាត់ត្រូវបានដោះលែងវិញក៏ពិតមែន ប៉ុន្តែកូនគាត់ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២ឆ្នាំដោយអយុត្តិធម៌។ អ្នកស្រីបន្តថា ករណីនេះបានជាគាត់ប្ដឹងសាទុក្ខទៅសាលាឧទ្ធរណ៍ ដោយចង់ឱ្យតុលាការជាន់ខ្ពស់ទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើកូនរបស់គាត់វិញ។
អ្នកស្រី ព្រំ ចាន់ថា បន្តថា អំឡុងពេលសវនាការព្រឹកមិញនេះ កូនរបស់គាត់បានសារភាពកំហុស ប៉ុន្តែមូលហេតុដែលកូនគាត់ធ្វើនោះ ដោយសារគេជេរប្រមាថឪពុករបស់ខ្លួន។
បន្ទាប់សវនាការអសាធារណៈរយៈពេលប្រហែល១ម៉ោង អ្នកស្រីថា ចៅក្រមបានសម្រេចប្រកាសសាលដីកានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
អ្នកស្រី ព្រំ ចាន់ថា បង្ហាញក្ដីសង្ឃឹមថា នៅថ្ងៃទី១៤ ខែមីនា តុលាការនឹងទម្លាក់រាល់បទចោទប្រកាន់លើកូនរបស់គាត់ ខណៈតំណាងអយ្យការក៏បានស្នើឱ្យចៅក្រមពិចារណាទម្លាក់បទចោទនេះដែរ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បានកាត់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៨ខែ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បន្ទាប់ពីកុមាររូបនេះ បានរិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលតាមរយៈប្រព័ន្ធទំនាក់ទំនងឯកជននិងបណ្ដាញសង្គម។ ប៉ុន្តែតុលាការបានបង្គាប់ឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល៤ខែនិង១៥ថ្ងៃ ចំណែកទោសដែលនៅសល់ត្រូវព្យួរសាកល្បងរយៈពេល២ឆ្នាំ។
កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយសាររិះគន់ថ្នាក់ដឹកនាំរដ្ឋាភិបាលតាមរយៈប្រព័ន្ធទំនាក់ទំនងឯកជននិងបណ្ដាញសង្គម។ សុវណ្ណច្ឆ័យ ត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង៤៩៥ និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» តាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល០៨ខែ ប៉ុន្តែត្រូវព្យួរទោសរយៈពេល០៣ខែនិង១៥ថ្ងៃ។ គាត់ត្រូវបានដោះលែងពីពន្ធនាគារកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានដាក់ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេលពីរឆ្នាំ ដែលក្នុងអំឡុងពេលនោះតម្រូវឱ្យគាត់អនុវត្តតាមវិធានការត្រួតពិនិត្យមួយចំនួនដែលតុលាការបានកំណត់ផងដែរ៕