បទយកការណ៍៖ ជនជាតិដើមភាគតិច​កួយ​បង្ខំ​ចិត្ត​លក់​ដើមច្បោះ ព្រោះ​មិនអាច​ទប់ស្កាត់​អ្នកលួចកាប់

លោក ថី ហុន ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ឈរនៅក្បែរដើមច្បោះរបស់លោក ក្នុងដែនសហគមន៍ព្រៃព្រះរការ ខេត្តព្រះវិហារ។

ប្រជាសហគមន៍​ជនជាតិដើមភាគតិចកួយ​នៅក្នុងខេត្តព្រះវិហារ អះអាង​ថា រយៈ​ពេលប្រមាណ​៣ឆ្នាំចុងក្រោយនេះ ពួកគាត់ភាគច្រើនបានបង្ខំចិត្តលក់ដើមច្បោះ​ដែលបន្សល់​​​ទុក​តាំង​ពី​ដូន​តា​មក​នោះ ដោយសារតែមិនអាចទប់ស្កាត់បទល្មើសលួចកាប់​ឈើ​​បាន។

ជនជាតិដើមភាគតិចកួយ លោក លុន ដេន ឱ្យដឹងថា លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកភូមិផ្សេងទៀតដែលបានលក់ដើមច្បោះឱ្យ​ឈ្មួញ។ លោកបាន​លក់​ដើម​ច្បោះ​ចំនួន១៥០​ដើម កាលពីចុង​ឆ្នាំ២០២០ ដោយ​ទទួលបានលុយចំនួន​១០លានរៀល។​

លោក​ លុន ដេន បង្ហាញ​ការសោកស្ដាយដែលបាន​លក់​ដើមច្បោះទាំងនោះ ប៉ុន្តែលោកថា បើមិនលក់​ក៏គង់តែឈ្មួញលួចកាប់អស់ដដែល។​

លោកថា៖ «ខ្ញុំមិនសូវមានពេលទៅដង បើខ្ញុំនឹងទុក វានៅតែអស់ដដែល បើគេនៅតែលួចកាប់អ៊ីចឹង»។

បុរសវ័យ៣២ឆ្នាំរូបនេះបានឱ្យ​ដឹងថា លោកធ្លាប់ស្នើ​ផ្ទាល់មាត់ដល់មន្រ្តីរដ្ឋាភិបាល ក៏ដូច​ជា​មន្ទីរបរិស្ថានខេត្ត ឱ្យជួយគិតគូរនិងយកចិត្តទុកដាក់ជួយការពារនិងអភិរក្សដើមច្បោះរបស់សហគមន៍ជាច្រើនដងមកហើយ ប៉ុន្តែមិនបានផលអ្វីទេ ហើយ​​សកម្ម​​ភាព​​លួច​កាប់​នៅ​មាន​ដដែល។

​លោកនិយាយថា៖ «ខ្ញុំធ្លាប់ប្រាប់ខាងបរិស្ថានដែរ មានគេលួចកាប់ដើមឈើសហគមន៍អស់ហើយ សហគមន៍​ក៏មិនសូវបានចុះល្បាតព្រៃផង មួយខែពីរខែ​ទៅម្ដង ​គេ​កាប់​អស់។ បរិស្ថានជួ​យមើលផង អស់ព្រៃឈើហើយ ជាពិសេសអស់ច្បោះ​សហគមន៍ហើយ»។

ជនជាតិដើមភាគតិចកួយម្នាក់ទៀត​ លោក ខុម លីម ថ្លែង​ថា លោក​ចាប់​ផ្ដើម​ប្រមូលផល​និង​ចេះដង​ជ័រ​ច្បោះតាំងពីដូនតាមកម្ល៉េះ។ លោកថា ក្រោយពី​ឆ្នាំ១៩៧៩មក ជីតារបស់​លោកនិងប្រជាសហគមន៍ជនជាតិដើមភាគតិចកួយនាំគ្នាចូលព្រៃ​ស្វែង​រក​និងចែក​គ្នា​គ្រប់​គ្រង​ដើម​ច្បោះក្នុងតំប​ន់ព្រៃព្រះរការ ដើម្បីប្រមូលផលជ័រទឹក។

លោកបន្តថា៖ «កាលនោះ តាខ្ញុំនិងពុកខ្ញុំចាប់បានជិត៥០០ដើម តែក្រោយៗមកទៀត វាចេះតែបាត់បង់ គេលួចកាប់ជាបន្តបន្ទាប់ រហូតដល់ជំនាន់ខ្ញុំនៅសល់ជាង១៥០ដើម ខ្ញុំក៏សម្រេចចិត្តលក់ឱ្យអស់ទៅ»។

លោក ខុម លីម រៀបរាប់ថា កាលពីដើម រូបលោកនិងឪពុកប្រមូលផលជ័រ​ច្បោះ​ក្នុងមួយ​ឆ្នាំអាច​បាន​រហូតដល់ជិត២លានរៀលដែរ ហើយ​​កាល​ពីអំឡុង​​ឆ្នាំ២០០០ តម្លៃជ័រច្បោះ​ក្នុងមួយកាន (៣០លីត្រ) បានថ្លៃ​រហូត​ដល់១៥ ០០០រៀល ​(១៥ម៉ឺនរៀល)។​ ដំបូងឡើយ លោក​តាំងចិត្ត​ថា រក្សា​ទុក​ដើមច្បោះនេះ តែ​ដោយ​សារអ្នកជិតខាង​លក់អស់ ​លោក​ក៏​លក់​ដែរ​ទៅ។​

លោកថា៖ «តាមពិត ខ្ញុំថាមិនចង់លក់ទេ ប៉ុន្តែមានគេលួចអារពេក។ ហើយខ្ញុំលំបាកពេក ហើយអ្នកជិតខាងខ្ញុំគេលក់អស់ គេលក់មុនខ្ញុំទៀត សល់តែខ្ញុំម្នាក់។ ដើមនៅសល់តិចមួយ ហើយគេលួចអារកាប់អស់ហើយ ខ្ញុំក៏លក់ទៅតាមគេដែរទៅ»។

បុរសវ័យ៣៦ឆ្នាំរូបនេះ ប្រាប់ថា រយៈ​ពេល​ប្រមាណ៣ឆ្នាំ​ចុង​ក្រោយនេះ មាន​ទាំងឈ្មួញនិង​ក្រុមហ៊ុន​កាន់តែច្រើនឡើង​ដែលបាន​ទៅ​ទិញ​​​ដី​នៅតំបន់នោះ​ ហើយ​ប្រើមធ្យោ​បាយ​ផ្សេងៗ​ រួមទាំងការបង្ខិតបង្ខំផង ឱ្យអ្នកភូមិ​ជនជាតិដើមភាគតិច​លក់​ដើមច្បោះឱ្យ​ពួកគេ។

លោកថា៖ «អាអ្នកលួចអារនោះហើយ វាបង្ខំឱ្យលក់។ វាថាបើមិនលក់ គេកាប់ គេអារដដែល គេអាររាល់ថ្ងៃហ្នឹង ក៏លក់ឱ្យវាទៅ នៅសល់ដើមតិចមួយដដែល។ ខ្ញុំមិនអាចប្រាប់ឈ្មោះគេទេ តែគេនៅនឹងអ្នកភូមិយើង អ្នកខ្លះក៏គេមកពីឆ្ងាយដែរហ្នឹង»។

អង្គុយក្នុងព្រៃ ដៃម្ខាងកាន់មែកឈើ ដៃម្ខាងកាន់កាំបិត លោក ថី ហុន និយាយទាំងទឹកមុខ​ស្រងូត​ស្រងាត់​ថា លោក​មាន​ការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើដែលបង្កឡើង​ដោយ​ជនល្មើស ហើយគ្មានការទប់ស្កាត់។​ លោកបន្តថា រូបលោកប្រឹងប្រែងការពារណាស់ដែរ តែនៅបន្តបាត់បង់រហូត។​

លោក ថី ហុន ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ កំពុងយោលអង្រឹងក្នុងសហគមន៍ព្រៃព្រះរការ។
លោក ថី ហុន ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ កំពុងយោលអង្រឹងក្នុងសហគមន៍ព្រៃព្រះរការ ខេត្តព្រះវិហារ។

លោកថា៖ «ខ្ញុំមានដើមជ័រច្បោះហូតដល់ទៅ៥០​០ដើម ប៉ុន្តែឥលូវគេលួចកាប់ជិតអស់ហើយ​ នៅសល់ប្រហែលជា៣០០ដើមប៉ុណ្ណោះ។ ខ្ញុំបារម្ភថា ថ្ងៃខាងមុខ មិនដឹងជាយ៉ាងណាទេ បើសកម្មភាពនៅតែបន្តបែបនេះ»។

បុរសសម្បុរស្រអែម​ដែលជាអ្នកប្រកបអាជីពដងជ័រច្បោះរូប​នេះ​​ បានប្រាប់ វីអូឌី នៅក្នុងព្រៃ​ព្រះ​រការទៀត​​ថា លោកតាំងចិត្តមិនលក់ច្បោះទេ តែមិនដឹងថាអាចការពារបានដល់​ពេល​ណា​ទេ ព្រោះពេលដែលទៅប្រមូលផលជ័ររាល់ដង តែងតែបាត់ដើមច្បោះ។​

លោក ថី ហុន និយាយ​ថា៖ «​យើងទៅមើលដើមច្បោះយើងម្ដងៗ ឃើញមានគេអារពីរបីដើម​​។ ពេលយើងទៅ​ដងជ័រ គេឈប់អារ គេដឹកទៅបាត់។ ពេលយើងមកផ្ទះ គេអារ ព្រោះវាឆ្ងាយ[ពីផ្ទះ]ផង»។

លោកបន្តថា ពលរដ្ឋមួយចំនួនបាន​ទៅ​ល្បាតព្រៃក្នុងមួយ​សប្ដាហ៍​ម្ដង ដោយ​ពុំមាន​​ពេល​ទៅ​រាល់ថ្ងៃនោះទេ ដែលករណីនេះ ធ្វើឱ្យ​ពួកគាត់​ពិបាកក្នុងការ​​ទប់ស្កាត់​ឬការ​ពារ​ដើម​ច្បោះ​ជ័រ​ទឹក​របស់ខ្លួន​ឱ្យ​​បានគង់វង្ស។​

លោក ថី ហុន ឱ្យ​ដឹងទៀតថា ឈ្មួញទិញដើមច្បោះភាគច្រើន គេអត់ទិញ១ដើមឬ២ដើមនោះទេ ភាគច្រើនគេម៉ៅយកទាំងចម្ការឬច្រើនដើម។ លោកបន្ថែមថា ឈ្មួញទាំងនោះទទួលបានផលចំណេញច្រើនណាស់ពីការទិញឈើនេះ។​​

លោកមានប្រសាសន៍ថា៖ «ដើមច្បោះរបស់សហគមន៍យើងមានខ្លះ ក្នុងមួយដើមអាចបានរហូតដល់៥គីបដល់១០គីប ហើយ​​ក្នុងមួយគីបអាចលក់​បាន៨០ម៉ឺនទៅ៩០ម៉ឺនរៀល។ ប៉ុន្តែសម្រាប់ឈ្មួញអាចយកទៅក្រៅបាន៥០០​ដុល្លារជាង​អីជាដើមដែរ។ ដូច្នេះ ពួកឈ្មួយសប្បាយចិត្តនឹងទិញណាស់»។

លោក ថី ហុន បាន​អំពាវនាវដល់សហគមន៍​ឱ្យបញ្ឈប់ការលក់ដើមច្បោះជ័រទឹក ព្រោះអាច​ជួប​បញ្ហាបាត់បង់ចំណូលចិញ្ចឹម​ជីវិត​នៅថ្ងៃអនាគត និងបាត់បង់ព្រៃបន្សល់​ពីដូន​តា​មក។ លោកក៏ស្នើឱ្យ​មន្រ្តីរដ្ឋាភិបាលជួយការពារព្រៃឈើនៅតំបន់សហគមន៍នេះ​ឱ្យ​​បាន​គង់​វង្ស ដើម្បីទុកជាសម្បត្តិធម្មជាតិដល់កូនចៅជំនាន់ក្រោយ។

ប្រធានអង្គការនៃកម្មវិធីពន្លកខ្មែរ លោក តែម វ៉េន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋចំនួន២២​ភូមិ ជុំវិញតំបន់ព្រៃព្រះរការ អាស្រ័យផលដងជ័រច្បោះ​មានប្រមាណ​ជាង៤០០ទៅ៥០០​គ្រួសារ។ លោកថា ការបាត់បង់ដើមច្បោះស្ទើរតែជារៀងរាល់ថ្ងៃ បានធ្វើឱ្យ​​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ ជាពិសេស​អំឡុង​ពេល​រីករាលដាលនៃជំងឺកូវីដ-១៩។

លោកបន្តថា៖ «ក្រៅពីធ្វើស្រែ ធ្វើចម្ការ គឺពួកគាត់ពឹងលើដើមជ័រជាចម្បង និង​រុករ​កអនុផលផ្សេងទៀត ដូចជា ​ដក​ផ្សិត រកឃ្មុំ និងបេះបន្លែព្រៃ ជាដើម»។

ឆ្លើយតបនឹង​បញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក សុង ចន្ទសុជាតិ ប្រាប់សារព័ត៌មាន វីអូឌី យ៉ាងខ្លីថា ក្រុមការងារលោកបានធ្វើកិច្ចការទាំងនេះហើយ​។​

លោកមានប្រសាសន៍ថា៖ «ក្រុមការងារខ្ញុំល្បាតយ៉ាងមមាញឹក។ បានហើយ! ខ្ញុំមិនមានពេលអធិប្បាយទេ ខ្ញុំរវល់ប្រជុំ»

ចំណែករដ្ឋលេខាធិការ និងជា​​អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា មិនឆ្លើយតបពាក់ព័ន្ធការលួចកាប់បំផ្លាញដើមច្បោះរបស់ជនជាតិភាគតិចកួយនៅក្នុងខេត្តព្រះវិហារ​នោះទេ ដោយ​លោក​​គ្រាន់តែបញ្ជាក់​ថា ក្រសួងមានផែនការច្បាស់លាស់ និងប្រឹងប្រែងទប់ស្កាត់បទល្មើស​កាប់បំផ្លាញ​ព្រៃឈើនៅគ្រប់កន្លែង។​

លោក នេត្រ ភក្ត្រា ថ្លែងថា៖ «ខ្ញុំសូមគូសបញ្ជាក់ជាថ្មី ក្រសួងបរិស្ថាននឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន​ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ​នៅតាមតំបន់ការពារធម្មជាតិនានា ប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ ទាំងការអនុវត្តច្បាប់ និងទាំងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតជម្រើសមុខរបរថ្មីសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ»។

មន្ត្រី​សម្រប​សម្រួល​​សមាគម​​ការ​ពារ​សិទ្ធិ​មនុស្ស​​អាដហុក​ប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ចាន់ សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន បទល្មើសកាប់បំផ្លាញព្រៃឈើ និង​ករណី​លួច​កាប់​ដើម​​ច្បោះ​របស់​​សហគមន៍នៅតែបន្តកើតមានដោយ​ឥតស្រាកស្រាន្តនោះទេ។ លោកបន្តថា អាជ្ញាធរនិង​មន្រ្តី​បរិស្ថាន​ ហាក់មិនសូវយកចិត្តទុកដាក់​ក្នុងការការ​ពារ​ និង​ចាត់វិធាន​ការ​ឱ្យបានខ្លាំងក្លា​ទៅលើជនប្រព្រឹត្តបទល្មើសនោះទេ។

លោក​ថា៖ «បើក្រុមយុវជន សកម្មជនការពារបរិស្ថាន និងពលរដ្ឋធម្មតា ដែលគាត់ហ៊ានទៅប្រព្រឹត្តបទល្មើស ប្រាកដ​ជាជាប់ពន្ធនាគារ ឬត្រូវបានឃុំខ្លួន ចាប់ខ្លួន ​ហើយ​កសាងសំណុំរឿងបញ្ជូនទៅតុលាការ​ជាមិនខាន។ ដោយ​ឡែក​ អ្នក​កាប់​រួច​ខ្លួន មិន​យូរទេ ព្រៃសហគមន៍នឹងអស់ដូចអ្វីដែលសហគមន៍លើកឡើងអ៊ីចឹង​»។

រដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ព្រៃ​ព្រះ​រការ ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​​កាល​ពី​ឆ្នាំ២០១៦។ ព្រៃ​អភិរក្ស​​មួយ​​នេះមាន​ទំហំ៩៦ ០០០​ហិកតា គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រ​ប្រជុំ​​​៣​ស្រុក រួម​មាន ​​ស្រុក​​​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប ក្នុង​​ខេត្ត​ព្រះវិហារ។ សព្វថ្ងៃ ព្រៃ​អភិរក្ស​មួយ​នេះ​មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ចំនួន១៤នាក់។

តាមប្រជាសហគមន៍អះអាង​ថា ព្រៃនេះ​រងការកាប់បំផ្លាញប្រមាណ១០ឆ្នាំមកហើយ ដែលហាក់មិនមានការទប់ស្កាត់​ឱ្យមានប្រសិទ្ធភាពទេ ជាពិសេស​ក្នុង​រយៈ​​ពេល​៣ឆ្នាំចុងក្រោយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ