ពលរដ្ឋ​ស្នើ​ក្រសួង​រៀបចំ​ដែនដី​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ OCIC

ប្រជាពលរដ្ឋ​​ប្រមាណ១០០នាក់ ​​មកពីឃុំ​ចំនួន៤ ក្នុងខេត្តកណ្ដាល និងតាកែវ ​ដែល​មាន​បញ្ហា​ដីធ្លី​​ក្រោម​គម្រោង​​អភិវឌ្ឍន៍​​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី (OCIC) បាននាំ​គ្នាប្រមូល​ផ្ដុំនៅ​មុខ​រដ្ឋ​សភារកកិច្ចអន្តរាគមន៍ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ (ឃុត សុគន្ធ)

តំណាងប្រជាពលរដ្ឋជាង១០នាក់ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរ​ជាតិ​ភ្នំពេញ​ថ្មី (OCIC) បាននាំគ្នាប្រមូលផ្ដុំមុខក្រសួង​រៀបចំ​ដែនដី ដើម្បីទាមទារឱ្យថ្នាក់ដឹក​នាំ​ស្ថាប័ន​នេះជួយ​ពន្លឿន​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​​​ដី​ធ្លីជូនពួកគេឱ្យបានឆាប់។

លោក ផុន ដា ដែលអះអាងជាតំណាងពលរដ្ឋរងគ្រោះដីធ្លី ស្ថិតនៅឃុំអំពៅព្រៃ ស្រុកកណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ឱ្យដឹងថា​ នៅព្រឹកថ្ងៃចន្ទនេះ ពួកគាត់ជិត២០​នាក់ តំណាងឱ្យពលរដ្ឋរងគ្រោះ៤១៤​គ្រួសារ បាននាំគ្នាឡើងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លើយតប​នឹងញត្តិ​ដែល​ពួកគេដាក់ទៅក្រសួងកាលពីជាង២ខែមុន ដែលស្នើ​ឱ្យ​ក្រសួង​ជួយរក​ដំណោះស្រាយរឿង​សំណង​ផលប៉ះពាល់​ដីធ្លីក្រោម​គម្រោង​​អភិវឌ្ឍន៍ព្រលានយន្តហោះ​ថ្មីរបស់​ក្រុម​ហ៊ុន OCIC។

លោកបន្តថា ការដែលពួកគាត់​នាំគ្នាឡើ​ង​មកក្រសួង​រៀបចំដែនដី ​ដើម្បីសុំឱ្យ​ក្រសួងពន្លឿន​ការ​ដោះស្រាយ​នេះ ដោយសារ​​តែពួកគាត់​​​បារម្ភ​​​ខ្លាច​​ក្រុមហ៊ុនមិន​ផ្ដល់​សំណង​សមរម្យ​តាម​តម្លៃ​ទីផ្សារ​​ជូនពលរដ្ឋ ហើយ​ចេះតែបន្តធ្វើការអភិវឌ្ឍនៅលើដីទំនាស់​​។

លោកមានប្រសាសន៍ថា៖ «គេចេះតែពន្យារពេល អូសបន្លាយពីមួយខែទៅមួយខែ ពីមួយថ្ងៃទៅមួយ​ថ្ងៃ យើងឱ្យគេរង់ចាំៗ អត់មានចេញលទ្ធផលអី ដល់ពេលយើងតេសួរ ជួនកាលអត់មានភាពឆ្លងឆ្លើយ។ អ៊ីចឹង​បានយើងមកដល់ក្រសួងដែនដី ចង់បានព័ត៌មានជាក់លាក់ ហើយយើង​ចង់​ជួបតំណាង​ក្រុម​ហ៊ុន ចង់​បានការចរចាគ្នាបញ្ចប់រឿងហ្នឹងតែម្ដងដោយសន្តិវិធី»។

បើតាម​លោក ផុន ដា អំឡុងពេល​ប្រមូលផ្ដុំនោះ មន្ត្រីក្រសួងបានប្រាប់តំណាងពួកគាត់​ថា ​​ឯកសារ​​ញត្តិ​ដែល​ពលរដ្ឋ​​ដាក់មក​​ក្រសួងនោះ ​រដ្ឋ​មន្ត្រីក្រសួង​រៀបចំដែនដី លោក ជា សុផារ៉ា បាន​ចុះហត្ថលេខា​​តម្កល់​​ទុក​ហើយ ប៉ុន្តែមិន​បាន​បញ្ជាក់​ថា​នឹង​ជួយ​ដោះស្រាយ​នៅថ្ងៃណា​ជាក់​លាក់​នោះទេ។

លោក ភោគ ផាន់នី ដែលអះអាងថាជាតំណាងពលរដ្ឋម្នាក់ទៀត និយាយថា ដីទំហំសរុប​៨៣ហិកតារបស់​ប្រជាពលរដ្ឋបាន​រង​ផល​ប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ​ តាំង​ពី​ឆ្នាំ​២០១៨ រហូត​មកដល់ពេលនេះ ដោយ​ពុំទាន់បានការដោះស្រាយសំណង​នៅ​ឡើយទេ ខណៈ​​ផ្នែកខ្លះ​នៃដី​នោះត្រូវ​បាន​ក្រុមហ៊ុនឈូសឆាយអភិវឌ្ឍខ្លះ​ទៅ​ហើយ។

ករណីនេះ លោកថា​ បើក្រសួងមិនជួយដោះស្រាយបញ្ហាដីធ្លីនេះ​ជូនពលរដ្ឋ​​ឱ្យបានឆាប់ទេ នោះ​ពលរដ្ឋ​​នឹង​ប្រមូលផ្ដុំគ្នាធ្វើកូដកម្មដោយអហិង្សានៅក្បែរដីដែលមានជម្លោះនាពេលឆាប់ៗខាងមុខ​នេះ។

លោក​ព្រមានដូច្នេះថា៖ «បើមិនមានដំណោះស្រាយទេ នៅពេលខាងមុខនេះ ខ្ញុំនឹងប្រមូលផ្ដុំគ្នាតវ៉ានៅកន្លែងក្បាលដីរបស់គាត់​ ដើម្បីទាមទារឱ្យអាជ្ញាធរនិងក្រុមហ៊ុនពាក់ព័ន្ធពន្លឿនដោះស្រាយ​មក»។

វីអូឌី មិនអាចសុំការឆ្លើយ​តប​ពី​អ្នកនាំពាក្យក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ នៅរសៀលថ្ងៃនេះ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស​នៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ មិនត្រូវអូសបន្លាយពេល​​វេលា​ក្នុងការ​ដោះស្រាយ​ ដែលធ្វើឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​​ និងត្រូវនាំគ្នាឡើងមករកកិច្ច​អន្តរា​គមន៍​នៅក្រសួងបែបនេះទេ។

លោកបន្តថា៖ «[ប្រជាពលរដ្ឋ​​]គាត់អស់ដី អស់ផ្ទះហើយ តាមមើលទៅគាត់នៅតែប្រើប្រាស់សិទ្ធិដែលស្គាល់ដោយច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីបន្តទាមទាររហូត។ ហើយយើងក៏មានការព្រួយបារម្ភ ខ្លាចមានការប៉ះទង្គិចគ្នានៅថ្ងៃណាមួយដូចកាលពីប៉ុន្មានខែមុនអ៊ីចឹង»។

កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់​ដោយបញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅ​ព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែល​មានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ។

កាលពីខែកញ្ញា ឆ្នាំ២០២១ អង្គការសង្គមស៊ីវិលចំនួន៣១ បានចេញសេចក្ដីថ្លែងការណ៍មួយ​ស្នើដល់​​ស្ថាប័នពាក់ព័ន្ធ​ផ្ដល់សំណងឱ្យ​បាន​សមស្រប​តាម​តម្លៃ​ទីផ្សារ​​ជូន​ប្រជា​ពលរដ្ឋដែល​កំពុ​​ង​​រងផល​ប៉ះពាល់​​ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី​នេះ និងចៀសវាងនូវកិច្ចព្រមព្រៀង​ដោយ​មានការបង្ខិត​បង្ខំ ដើម្បីរក្សានូវការគោរពសិទ្ធិមនុស្សដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្រុមអង្គការទាំងនេះក៏បាន​ស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ត្រូវដោះស្រាយបញ្ហា​ជម្លោះ​​​ដីធ្លី​នេះតាម​នីតិវិធី​ ដោយ​កោះ​ហៅ​ភាគីទំនាស់​មក​ចរចា​គ្នាដោយ​ឈរ​លើ​ផល​ប្រយោជន៍និង​សេចក្ដីត្រូវកា​រ​របស់​គ្រប់​​ភាគី ហើយ​ភាគី​ទំនាស់និងអាជ្ញាធរគួររក្សាឱ្យបាននូវភាពអហិង្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ