សមត្ថកិច្ច​បន្ត​រារាំង​ក្រុមកូដករ​ណាហ្គាវើលដ៍​មិន​ឱ្យ​ប្រមូលផ្ដុំ ខណៈ ​ពួកគេ​ចេញ​ធ្វើ​កូដកម្ម​ជាថ្មីទៀត​នៅរសៀលនេះ

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សមត្ថកិច្ចរាជធានីភ្នំពេញ បានបន្ត​រារាំងក្រុម​​កូដករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍មិនឱ្យប្រមូល​ផ្ដុំតវ៉ា​នៅ​​ក្បែរ​​ក្រុមហ៊ុន​ ក្នុងខណ្ឌចំការមន ដោយ​បាន​ចាប់សែងពួកគេដឹកក្នុង​​​រថយន្ត​​ក្រុង ខណៈ​ពួក​គេ​ចេញ​ធ្វើកូដ​កម្ម​ជាថ្មីម្ដង​ទៀត នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។

កាលពីរសៀល​ថ្ងៃម្សិលមិញ អំឡុងពេលដែលក្រុមកូដករណាហ្គាវើលដ៍ ទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជា​ថ្មី​​ទៀតនៅ​ក្បែរ​ក្រុម​ហ៊ុន​ក្នុងខណ្ឌចំការមននោះ សមត្ថ​កិច្ច​​បាន​​ចាប់​​បង្ខំ​​កូដករ៦៤នាក់ឱ្យ​ឡើង​​​រថយន្តក្រុង​ចំនួន២ ហើយ​ដឹក​ទៅ​កាន់មណ្ឌល​ចត្តាឡីស័កនៅ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បីធ្វើតេស្តរក​សំណាក​​​​កូវីដ-១៩។

កូដករ​​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ជួប សោភ័ណ្ឌ បានប្រាប់ វីអូឌី​ នៅថ្ងៃអង្គារនេះ​​​ថា ក្រោយ​ការ​ធ្វើ​តេស្ត​នោះ គ្រូពេទ្យ​បាន​រកឃើញកូដករ២នាក់ មាន​វិជ្ជមានវីរុស​កូវីដ-១៩ ខណៈ៦២នាក់ទៀត​អវិជ្ជមាន ហើយ​​ត្រូវ​​បាន​​សមត្ថកិច្ច​អនុញ្ញាត​ឱ្យត្រលប់ទៅផ្ទះវិញ ក្រោមលក្ខខណ្ឌបង្ខំឱ្យពួកគេធ្វើកិច្ចសន្យា បន្តអនុវ​ត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ បញ្ឈប់សកម្មភាពប្រមូលផ្ដុំធ្វើបាតុកម្មខុសច្បាប់។

កញ្ញាបន្តថា សមត្ថ​កិច្ច​ក៏​បាន​ព្រមាន​ពួក​គាត់ផងដែរថា បើនៅ​រឹងរូស មិនរាងចាល ហើយ​​នៅតែបន្ត​ធ្វើ​បាតុកម្ម សមត្ថកិច្ចនឹង​ចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់លើពួកគាត់​។

កញ្ញានិយាយថា៖ «មុនដំបូង នៅចាំឡាន [ដឹកកូដករវិជ្ជមានកូវីដ-១៩ យកទៅព្យាបាល] បន្ទាប់មកពួកខ្ញុំអត់ធ្វើក្រដាសដែលគេហុចឱ្យយើងទេ យើងសរសេរបន្ថែម គេអត់យក អ៊ីចឹង​គេឱ្យ​អង្គុយ​ចាំទាំង​អស់​គ្នា ដល់​គេឱ្យក្រដាសមួយទៀត និយាយទៅគេបង្ខំតែម្ដង នៅពេលយើងធ្វើឱ្យគេហើយអស់ បាន​គេឱ្យខាងពេទ្យយកពីរនាក់ខាងកូដករចត្តាឡីស័ក ហើយពួកខ្ញុំឱ្យមកផ្ទះ»។

នៅរសៀលថ្ងៃអង្គារ ក្រុមកូដករជាច្រើននាក់បាន​បន្តការ​ប្រមូលផ្ដុំជាថ្មីទៀតនៅក្បែរក្រុមហ៊ុន ប៉ុន្តែត្រូវបានសមត្ថកិច្ច​រារាំងនិងបានចាប់សែងពួកគេដាក់ក្នុងរថយន្ត​ជាថ្មីទៀត ដោយ​ពុំទាន់ដឹងថានឹងដឹកទៅណានោះទេ។ នេះបើតាម​បញ្ជាក់របស់​កញ្ញា ស្រីពៅ ដែលជា​​កូដករ​ក្រុ​ម​ហ៊ុន​​ណាហ្គា​វើលដ៍។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ករណីនេះពី​អ្នកនាំពាក្យស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ លោក សាន សុខសីហា បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា កិច្ចសន្យាដែលអាជ្ញាធរដាក់គំនាបឱ្យកូដករចុះកិច្ចសន្យាបន្ទាប់ពី​ពិនិត្យ​ឃើញអវិជ្ជ​មាន ដើម្បី​ជាថ្នូរឱ្យត្រលប់មក​ផ្ទះវិញនោះ ជាកិច្ចសន្យាបង្កើតឡើងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ផ្ទុយពីសន្ធិសញ្ញា ឬក៏កតិកាសញ្ញាអន្តរជាតិ ដែលមានចែងអំពីសិទ្ធិក្នុងការជួបជុំ និងសិទ្ធិធ្វើកូដកម្មដោយ​សន្តិវិធី ឬក៏សិទ្ធិសម្ដែងមតិ។

អ្នកស្រីមានប្រសាសន៍ថា៖ «ទោះបីធ្វើកិច្ចសន្យាឱ្យផ្ដិតមេដៃមួយរយសន្លឹក មួយពាន់សន្លឹកពីកម្មករក៏ដោយ កាលណាកិច្ចសន្យាផ្ទុយពីស្មារតីនៃច្បាប់ គឺទុកជាមោឃៈ មានន័យថា យកមកប្រើប្រាស់អត់បាន»។

ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបរិះគន់ជាប្រយោលទៅកាន់ក្រុមកូដករណាហ្គាវើលដ៍ថា កុំយកជំងឺចែកទៅក្រុមគ្រួសារពីការប្រមូលផ្តុំតវ៉ា។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយហាមដាច់ខាត មិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំធ្វើ​បាតុកម្ម​ខុស​ច្បាប់របស់​កូដករ​ណាហ្គាវើលដ៍ នៅក្នុ​ង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការ​មន​ទៀត​ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការមិន​អ​នុ​ញ្ញាតនេះ គឺ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

អាជ្ញាធរក៏បាន​ព្រមាន​ដែរ​ថា ក្នុង​ករ​ណី​ក្រុមអ្នកតវ៉ារឹងរូសបន្តសកម្មភាពខុសច្បាប់ទៀតនោះ នឹងចាត់​វិធានការច្បាប់តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ