សមត្ថកិច្ច​បន្ត​ចាប់​បញ្ជូន​កូដករ​ណាហ្គា​ជិត​៤០នាក់​ទៅ​ធ្វើតេស្ត ខណៈ​ពួកគេ​បន្ត​ចេញ​ធ្វើ​កូដកម្ម

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សមត្ថកិច្ចរាជធានីភ្នំពេញ បានបន្តចាប់បង្ខំ​ក្រុម​កូដករ​ក្រុម​ហ៊ុន​ណា​ហ្គា​វើល​ដ៍​ជិត៤០​នាក់បន្ថែមទៀតបោះ​ចូលក្នុងរថយន្តក្រុង ដឹកយកទៅ​ដាក់​នៅ​សមាគម​នារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ ក្នុងខណ្ឌ​ព្រែក​​ព្នៅ រាជ​ធានី​ភ្នំ​ពេញ ដើម្បី​ធ្វើតេស្ត​រកវីរុស​កូវីដ-១៩ ខណៈ​ពួក​គេ​បន្តចេញ​ធ្វើកូដ​កម្ម​​ទៀត នៅ​រសៀល​ថ្ងៃអង្គារ​នេះ។

កូដករណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា នៅប្រហែលជាម៉ោង២រសៀល សមត្ថកិច្ចខ្លះស្លៀកស៊ីវិលបានទាត់និងចាប់សែង​ក្រុមកូដ​ករចំនួន៣៩នាក់​បោះចូលរថយន្តក្រុង ដឹក​យក​ទៅសមា​គម​​នារី​​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ ក្នុងខណ្ឌ​ព្រែក​ព្នៅ ខណៈដែលពួកគេកំពុងឈរត្រៀមទៅធ្វើកូដកម្ម​នៅក្បែរក្រុមហ៊ុន ដើម្បី​ទាមទារ​ឱ្យមានដំណោះស្រាយវិវាទការ​ងារ​ និង​​​​ដោះលែង​ថ្នាក់ដឹក​នាំនិ​ង​​សមាជិក​សហជីពចំនួន​១១នាក់ដែលកំពុង​ជាប់ឃុំនៅពន្ធនាគារ។

កូដកររូបនោះបន្តថា ក្រោយពីសមត្ថកិច្ចបញ្ជូនក្រុមកូដករដល់សមាគម​នារី​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​ រហូត​ដល់​ម៉ោង​ជិត​៦ល្ងាច​នេះ គ្រូពេទ្យនៅ​មិនទាន់ទៅធ្វើ​តេស្តរកវីរុស​​កូវីដ-១៩ឱ្យ​ពួកគេ​​នៅ​ឡើយ ដោយ​ទុក​ពួក​គាត់​ចោល​នៅទីនោះ​ទៅវិញ​។

កញ្ញាចាត់ទុក​​ការចាប់ក្រុមកូដករដែលធ្វើកូដកម្មដោយអហិង្សាពីសំណាក់​​សមត្ថកិច្ចនេះ ថាជា​ការ​​​បំបែក​ពួកគេមិនឱ្យតស៊ូមតិ​​ទាមទារសិទ្ធិការងារ ពោលគឺ​មិនមែនជាការ​អនុវត្តវិធាន​ការ​ទប់ស្កាត់​ការឆ្លងរាលដាលជំងឺ​កូវីដ-១៩​នោះទេ។

កញ្ញាបញ្ជាក់ថា៖ «នេះសបញ្ជាក់ឱ្យឃើញថា ស្ថាប័នទាំងអស់ព្យាយាមរារាំងក្រុមកូដករ ដើម្បីបំបែកពួកខ្ញុំ អត់ឱ្យពួកខ្ញុំធ្វើកូដកម្ម ដើម្បីទាមទារសិទ្ធិការងារ សិទ្ធិសេរីភាពសហជីពក្នុងក្រុមហ៊ុនណាហ្គាវើលដ៍»។

កញ្ញាបន្ថែមថា៖ «មិនមែនដើម្បីទប់ស្កាត់ជំងឺកូវីដអីទេ បើសិនជាក្រសួងសុខាភិបាលនិងសាលាក្រុងភ្នំពេញ គាត់ពិតជាមានចេតនាក្នុងការប្រើវិធានការដើម្បី[ទប់ស្កាត់]ជំងឺអូមីក្រុង មិនមែនគាត់បើកឱ្យគេលក់សំបុត្រឱ្យក្រុមបាល់ទាត់ជាង២ម៉ឺននាក់ ដោយមិនធ្វើតេស្ត ហើយបែរជាម​ក​ចោទពួកខ្ញុំប្រមូលផ្ដុំខុសច្បាប់ ចាប់ពួកខ្ញុំមកធ្វើតេស្ត វាអត់ត្រូវទេ វាមិនមែនជាដំណោះស្រាយសម្រាប់ពួកខ្ញុំទេ»។

កាលពីរសៀល​ថ្ងៃម្សិលមិញ អំឡុងពេលដែលក្រុមកូដករណាហ្គាវើលដ៍ទៅប្រមូលផ្ដុំធ្វើកូដកម្ម​ជា​ថ្មី​​​ទៀតនៅ​ក្បែរ​ក្រុម​ហ៊ុន​ក្នុងខណ្ឌចំការមននោះ សមត្ថ​កិច្ច​​បាន​​ចាប់​​បង្ខំ​​កូដករ៦៤នាក់ឱ្យ​ឡើង​​​​រថយន្តក្រុង​ចំនួន២ ហើយ​ដឹក​ទៅ​កាន់មណ្ឌល​ចត្តាឡីស័កនៅ​ខណ្ឌ​ព្រែក​ព្នៅ ដើម្បីធ្វើតេស្តរក​កូវីដ-១៩។

កូដករ​​ក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ជួប សោភ័ណ្ឌ បានប្រាប់ វីអូឌី​ នៅថ្ងៃអង្គារនេះ​​​ថា ក្រោយ​ការ​ធ្វើ​តេស្ត​នោះ គ្រូពេទ្យ​បាន​រកឃើញកូដករ២នាក់មាន​វិជ្ជមានវីរុស​កូវីដ-១៩ ខណៈ៦២នាក់ទៀត​អវិជ្ជមាន ហើយ​​ត្រូវ​​បាន​​សមត្ថកិច្ច​អនុញ្ញាត​ឱ្យត្រលប់ទៅផ្ទះវិញ ក្រោមលក្ខខណ្ឌបង្ខំឱ្យពួកគេធ្វើកិច្ចសន្យា បន្តអនុវ​ត្តវិធានសុខាភិបាលឱ្យបានម៉ឺងម៉ាត់ បញ្ឈប់សកម្មភាពប្រមូលផ្ដុំធ្វើបាតុកម្មខុសច្បាប់។

កញ្ញានិយាយថា៖ «មុនដំបូង នៅចាំឡាន [ដឹកកូដករវិជ្ជមានកូវីដ-១៩ យកទៅព្យាបាល] បន្ទាប់មកពួកខ្ញុំអត់ធ្វើក្រដាសដែលគេហុចឱ្យយើងទេ យើងសរសេរបន្ថែម គេអត់យក អ៊ីចឹង​គេឱ្យ​អង្គុយ​ចាំទាំង​អស់​គ្នា ដល់​គេឱ្យក្រដាសមួយទៀត និយាយទៅគេបង្ខំតែម្ដង នៅពេលយើងធ្វើឱ្យគេហើយអស់ បាន​គេឱ្យខាងពេទ្យយកពីរនាក់ខាងកូដករចត្តាឡីស័ក ហើយពួកខ្ញុំឱ្យមកផ្ទះ»។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ករណីនេះពី​អ្នកនាំពាក្យស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ លោក សាន សុខសីហា បាននៅឡើយទេ នៅថ្ងៃអង្គារនេះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ការដែល​អាជ្ញាធរដាក់គំនាបឱ្យកូដករចុះកិច្ចសន្យា បន្ទាប់ពី​ពិនិត្យ​ឃើញអវិជ្ជ​មានកូវីដ-១៩ ដើម្បី​ជាថ្នូរឱ្យត្រលប់មក​ផ្ទះវិញនោះ ជាកិច្ចសន្យាបង្កើតឡើងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ ផ្ទុយ​ពីសន្ធិសញ្ញា ឬក៏កតិកាសញ្ញាអន្តរជាតិ ដែលមានចែងអំពីសិទ្ធិក្នុងការជួបជុំ និងសិទ្ធិធ្វើកូដកម្មដោយ​សន្តិវិធី ឬក៏សិទ្ធិសម្ដែងមតិ។

អ្នកស្រីមានប្រសាសន៍ថា៖ «ទោះបីធ្វើកិច្ចសន្យាឱ្យផ្ដិតមេដៃមួយរយសន្លឹក មួយពាន់សន្លឹកពីកម្មករក៏ដោយ កាលណាកិច្ចសន្យាផ្ទុយពីស្មារតីនៃច្បាប់ គឺទុកជាមោឃៈ មានន័យថា យកមកប្រើប្រាស់អត់បាន»។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដោយហាមដាច់ខាត មិនអនុញ្ញាតឱ្យមានការប្រមូលផ្ដុំធ្វើ​បាតុកម្ម​ខុស​ច្បាប់របស់​កូដករ​ណាហ្គាវើលដ៍ នៅក្នុ​ង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌចំការ​មន​ទៀត​ឡើយ។ រដ្ឋបាលរាជធានីភ្នំពេញអះអាងថា ការមិន​អ​នុ​ញ្ញាតនេះ គឺ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «អូមីក្រុង» ចូលក្នុងសហគមន៍ ក៏ដូចជាធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

អាជ្ញាធរក៏បាន​ព្រមាន​ដែរ​ថា ក្នុង​ករ​ណី​ក្រុមអ្នកតវ៉ារឹងរូសបន្តសកម្មភាពខុសច្បាប់ទៀតនោះ នឹងចាត់​វិធានការច្បាប់តែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ