សកម្មជន​បក្សប្រឆាំង​កំពុង​ជាប់ឃុំ​​ជាង​១០នាក់​ស្នើ​តុលាការ​ទម្លាក់​បទចោទ​ប្រកាន់​និង​ដោះលែង​ពួកគេ

រថយន្តពន្ធនាគារដឹកអ្នកជាប់ឃុំដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយបញ្ចប់សវនាការ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សកម្មជនបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារចំនួន១៣នាក់ បាន​ស្នើទៅតុលាការទម្លាក់ចោលបទចោទប្រកាន់និងដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថា ពួកគេ​មិនបានជាប់ពាក់ព័ន្ធនឹងផែនការ៥ចំណុច​នៃ​ចលនាសង្គ្រោះជាតិ​ដែលបង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី និងមន្ត្រីផ្សេងទៀតទេ។

ការស្នើរបស់​សកម្មជន​បក្សសង្គ្រោះជាតិ​​​ដែល​​ត្រូវ​​តុលាការ​​រំលាយ បានធ្វើឡើងបន្ទាប់ពីចៅក្រមសាលា​ដំបូង​រាជ​​ធានី​ភ្នំ​ពេញ នៅថ្ងៃនេះ បាន​ឱ្យតំណាងអយ្យការ និងមេធាវីការពារសិទ្ធិ រួមទាំង​ជនជាប់ចោទ ធ្វើសេចក្ដីសន្និដ្ឋាននិង​សំណូម​ពរ​ចុង​ក្រោយ ក្រោយ​ពី​បញ្ចប់សវនាការលើសំណុំរឿង​ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ញុះញង់ឱ្យយោធិនមិនស្ដាប់បញ្ជា និង​រួមគំនិតក្បត់»

សំណុំរឿងទាំង៣​នេះ តុលាការបានបើកសវនាការ​ចំនួន១០​លើកមក​ហើយ​​ ដោយមានជនជាប់​ចោទចំនួន២១​នាក់ហើយ ​ក្នុងចំណោមថ្នាក់ដឹកនាំនិងសកម្មជនបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយទាំង២១​នាក់ ក្នុង​នោះ អ្នកកំពុងជាប់ឃុំនៅ​ពន្ធនាគារមាន​១៣​នាក់ ខណៈថ្នាក់ដឹកនាំ៧​នាក់ រួមមាន លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោក ហូរ វ៉ាន់, លោក នុត រំដួល, លោកស្រី ជូឡុង សូមូរ៉ា, លោកស្រី មូរ សុខហួរ កំពុងនិរទេស​ខ្លួន​នៅ​ក្រៅប្រ​ទេស។​

អតីតមន្ត្រីក្រសួងមហាផ្ទៃ លោក ឈុន ប៊ុនឆាត បានស្នើទៅតុលាការឱ្យទម្លាក់បទចោទនិងដោះលែងខ្លួនមានសេរីភាពវិញ ដើម្បីបានជួបជុំនិង​ចិញ្ចឹមកូនតូចៗពីរនាក់ ខណៈភរិយាគាត់បានស្លាប់ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក។ លោក ឈុន ប៊ុនឆាត និយាយថា រូបលោក​មិន​បាន​ជាប់​ពាក់​ព័ន្ធ​អ្វី​សោះ ដោយ​គ្រាន់​តែ​បង​ជីដូនមួយ​​ដែល​ជា​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​និយាយពីលោកប្រាប់មិត្តភក្តិថាមាន​បងប្អូនធ្វើជា​មន្ត្រី​នៅ​ក្រសួង​​មហា​ផ្ទៃ ក៏ស្រាប់​​​សមត្ថកិច្ចមក​​ចាប់​រូបលោក​ដាក់ពន្ធនាគារទាំងអយុត្តិធម៌ទៅវិញ​។

លោកថា៖ «ខ្ញុំស្នើឱ្យទម្លាក់បទចោទនិង​ដោះលែងខ្ញុំ ព្រោះចាប់ខ្ញុំទាំងមិនបានធ្វើខុសអ្វី គ្រាន់តែបងជីដូន​មួយ​និយាយ។ ប្រពន្ធខ្ញុំស្លាប់ទាំងសរសៃខ្ចី ដោយសារ​ឃើញ​សមត្ថកិច្ចចាប់ខ្លួនខ្ញុំ។ ប្រពន្ធខ្ញុំស្លាប់ ទាំងខ្ញុំមិនបានជួបមុខ កូនខ្ញុំពីរនាក់នៅតូចៗ កូនម្នាក់កំពុងបៅទឹកដោះគោ ព្រោះប្រពន្ធខ្ញុំស្លាប់។ កូនៗខ្ញុំសួររកឪពុករហូត ខ្ញុំស្នើលើកលែងការចោទប្រកាន់និងដោះលែងខ្ញុំបានទៅមើលកូនជំនួសម្ដាយ[ប្រពន្ធ]ដែលបានស្លាប់»។

មិនមែនតែលោក ឈុន ប៊ុនឆាត ទេ សកម្មជនបក្សចំនួន១៣​នាក់​ទៀតដែល​កំពុង​ជាប់​ពន្ធនាគារ​ ក៏​បានស្នើទៅ​តុលាការ​ដូចៗ​គ្នា​ដែរ ដោយ​ថា ពួកគេគាំទ្រ​ចំពោះ​សេច​ក្ដីសន្និដ្ឋានមេធាវី និងបដិសេធ​​ចំពោះ​ការចោទ​ប្រកាន់​របស់​តំណាង​អយ្យការ។

សកម្មជនជាង១០​នាក់បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួក​គាត់​មិន​បាន​ពាក់ព័ន្ធ​នឹង​ផែនការ​រៀបចំចំនួន៥​ចំណុច​នៃចលនាសង្គ្រោះជាតិ​បង្កើតឡើង​នៅ​ទីក្រុងឡុងប៊ិច ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៨ឡើយ ហើយមិនដែល​ទាក់ទងនឹងថ្នាក់ដឹកនាំ និងមន្ត្រីបក្សប្រឆាំងដែរ។ ចំពោះការចោទប្រកាន់របស់តំណាងអយ្យការ ដែលថាពួកគាត់ជាបណ្ដាញសម្ងាត់នោះ ពួកគេថាជារឿង​មិនសមហេតុផលឡើយ។

ការបដិសេធនេះ បន្ទាប់តំណាងអយ្យការ លោក សេង ហៀង បានលើកឡើងក្នុងសេចក្ដីសន្និដ្ឋានថា តំណាង​អយ្យការ​មាន​អង្គហេតុ​សកម្មភាព និងភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើការដាក់បន្ទុកលើជនជាប់ចោទទាំង២១នាក់។  

អង្គហេតុនិងភស្តុតាងទាំងនោះ រួមមាន ការថ្លែងរប​ស់​លោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ទាក់ទិនផែនការ៥ចំណុច និងការផ្ដល់បទសម្ភាសន៍​របស់​លោក អេង ឆៃអ៊ាង ជាមួយសារព័ត៌មានកាល​ពីឆ្នាំ២០១៩ រឿងរៀបចំបណ្ដាញសម្ងាត់នៅកម្ពុជា រួមទាំងការនិយាយរឿងកូវីដ-១៩ជាមួយគ្រួសារតាម​ទូរសព្ទ ក៏ជាភស្តុតាងដែលនាំឱ្យមានសវនាការនាថ្ងៃនេះ។

តំណាងអយ្យការ​ លោក សេង ហៀង បន្តថា ភស្តុតាងមួយទៀត រួមមាន​ ការអំពាវនាវរបស់លោក សម រង្ស៊ី ដែល​ឱ្យ​ពលរដ្ឋនិង​កងទ័ពក្រោកឡើង និងឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាល ជាដើម។ លោកបន្ត​ថា បើរដ្ឋាភិបាលមិនទប់ស្កាត់ទេ ប្រាកដជាការជ្រួលច្របល់មិនខាន។

តំណាង​អយ្យការ​ លោក សេង ហៀង ចាត់ទុកករណីនេះថាជា​ការប៉ុនប៉ង់ផ្ដួល​រំលំរដ្ឋាភិបាល និង​អំពើញុះ​ញង់ និង​ស្នើទៅចៅក្រមផ្ដន្ទាទោសជនជាប់ចោទទាំង២១នាក់ និងចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី និង​មន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែរ។

លោកថា៖ «ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយឱ្យអឺរ៉ុប US ដក EBA និង GSP ប៉ះពាល់សេដ្ឋកិច្ច ដូចជា វិស័យ​កាត់ដេរ ទេសចរណ៍ អចលនទ្រព្យ ដោយ​ការប្រកាសឱ្យអន្តរជាតិដាក់សម្ពាធ​មកលើរដ្ឋាភិបាល​ បង្កើត​​ឱ្យមានចលាចលក្នុងប្រទេស​ បំផុសឱ្យប្រជាពលរដ្ឋខឹងរដ្ឋាភិបាល​ពីបញ្ហាកូ​វីដ ទាក់​ទិន​នឹង​រឿង​សេដ្ឋ​កិច្ច។ ញុះញង់​ឱ្យកងទ័ពផ្ដាច់ខ្លួន​ពីរដ្ឋាភិបាល ព្រោះ​កងទ័ព​ជា​ដៃ​ស្ដាំ​រដ្ឋាភិបាល​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​អសន្តិ​សុខ ទាំងនេះជាឧបាយកលរបស់ពួកគាត់»។

យ៉ាងណា ការលើកឡើងរបស់តំណាងអយ្យការ​ត្រូវបាន​មេធាវីការពារក្ដីឱ្យជនជាប់ជំទាស់។

មេធាវីការពារក្ដីជនជាប់ចោទ​ ​លោក សំ សុគង់ បានឡើងក្នុងសេចក្ដីសន្និដ្ឋានថា អង្គហេតុឆ្នាំ២០១៨ រឿង​បង្កើតចលនា ដំណើរការវិលត្រលប់លោក សម រង្ស៊ី កាលពីថ្ងៃ​៩​វិច្ឆិកា បាន​ផុត​ទៅ​ហើយ ខណៈ​ការ​ចាប់​​ខ្លួន​កូនក្ដីនៅ​ឆ្នាំ២០២០ ហើយការចាប់ខ្លួននេះពាក់ព័ន្ធនឹងរឿងកូវីដ-១៩ទេ។

លោកបន្តថា ព្រឹត្តការណ៍ទាំង៣នេះដាច់ចេញពីគ្នា ប៉ុន្តែតំណាងអយ្យការបានព្យាយាមទាញយកមកបញ្ចូលគ្នា ដើម្បីដាក់បន្ទុកលើកូនក្ដីលោក ហើយថាការទាញនេះ​មិនសមហេតុផល និងផ្ទុយនឹងច្បាប់ថែមទៀត ខណៈកូនក្ដីរបស់លោកឆ្លើយក្នុងសវនាការមិនបានគាំទ្រចលនានោះ។

លោក សំ សុគង់ បន្តទៀត​ថា កូនក្ដីរបស់​លោក​​មិ​នមា​ន​ការពាក់​ព័ន្ធ​ជាមួយថ្នាក់ដឹកនាំនៅខាងក្រៅ ហើយការដក​ EBA និង GSP ក៏មិនមែន​ដោយសារ​កូន​ក្ដីទេ ខណៈមេធាវី៣​រូបទៀតក៏បានលើកឡើងប្រហាក់ប្រហែលគ្នាដែរ។ ក្រុមមេធាវីបានស្នើទៅតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងកូនក្ដីដែលកំពុងជាប់ពន្ធនាគារទាំង១៣នាក់ឱ្យមានសេរីភាពវិញ​។

លោក សំ សុគង់ និយាយ​ថា៖ «អង្គ​ហេតុ២០២០ ពាក់ព័ន្ធនឹងរឿងកូវីដ ហើយអង្គហេតុកូនក្ដីខ្ញុំសុទ្ធតែរឿងកូវីដទាំងអស់។ ការ​បង្កើត​ចលនា កូនក្ដីរបស់ខ្ញុំបានឆ្លើយហើយ តំណាងអយ្យការគ្រាន់តែយកសម្ដីលោក អេង ឆៃអ៊ាង រឿងបណ្ដាញសម្ងាត់មកចោទកូនក្ដីខ្ញុំ ទាំងកូនក្ដីខ្ញុំអត់មានទទួលថវិកា មានទាក់ទងអីផង ឬមួយដោយសារ​កូនក្ដីខ្ញុំជាអតីតសកម្មជនបក្សប្រឆាំង? ការដក EBA អឺរ៉ុប​ជាអ្នក​សម្រេច មិន​មែន​ដោយ​សារ​ពួក​គាត់ គេ​សម្រេច​អ៊ីចឹងទេ គេសម្រេចពាក់ព័ន្ធនឹងការលើកកម្ពស់សិទ្ធិនិងលទ្ធិប្រជាធិបតេយ្យទេ»។

ក្រោយពីស្ដាប់សេចក្ដីសន្និដ្ឋានតំណាងអយ្យការ និងក្រុមមេធាវី រួមទាំងសំណូមពរជនជាប់ចោទទាំង១៣នាក់រួច​ ចៅក្រមជម្រះ លោក រស់ ពិសិដ្ឋ សម្រេចនឹងប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ