សាច់ញាតិ​ប្រធាន​សហជីព​សេរីកម្មករ​ប្រចាំ​រោងចក្រ សាន់តិច ទាមទារ​យុត្តិធម៌​ក្នុង​ថ្ងៃ​ខួប១៥ឆ្នាំ

លោក ហ៊ី វុទ្ធី អតី​តប្រធានសហជីពសេរីកម្មករ​ប្រ​​ចាំ​រោង​ចក្រ​ សាន់តិច ក្រោយរងការវាយប្រហារ។ (ផ្ដល់ឱ្យ)

ក្រុមគ្រួសារ និងសហជីពសេរីកម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ជាថ្មីទៀត​ឱ្យ​សមត្ថ​កិច្ចនិង​តុលាការ​ពន្លឿន​នីតិវិធី ធ្វើយ៉ាងណាជំរុញរឿងក្ដី​នៃអំពើឃាតកម្ម​ទៅ​​​​​លើ​​​ប្រ​​ធាន​​​ស​​ហជីព​សេរី​កម្មករ​ប្រចាំ​រោង​ចក្រ​ សាន់​តិច ​ឱ្យ​បាន​​លឿន និងស្វែងរកឃាតករពិត ដើម្បីយក​​មក​​ផ្ដន្ទា​​ទោស​តាម​ច្បាប់។

ការទាមទារយុត្តិធម៌ជាថ្មីទៀត​របស់​សាច់​ញាតិ និង​សហជីព​សេរី​កម្មករ ធ្វើឡើង​ស្រប​ពេល​​នៅ​ថ្ងៃទី​​២៤ ខែ​កុម្ភៈ​នេះ គឺ​ជាខួប​១៥​ឆ្នាំ​ ដែល​លោក ហ៊ី វុទ្ធី អតី​តប្រធានសហជីពសេរីកម្មករ​ប្រ​​ចាំ​រោង​ចក្រ​ សាន់តិច ត្រូវឃាតករលួចបាញ់ប្រហារ។

លោក ហ៊ី វុទ្ធី ត្រូវគេដឹងថា​ជាមេដឹកនាំសហជីពម្នាក់ដែលតែង​តស៊ូមតិ និង​ជាអ្នក​ដែល​​​ហ៊ាន​​លះ​បង់​គ្រប់​បែបយ៉ាង​ក្នុង​ការតស៊ូទាមទារ​សិទ្ធិសេរីភាព​ជូនកម្មករ។ មេដឹកនាំ​សហជី​ពរូ​ប​នេះត្រូវ​ឃាតករ​បាញ់​សម្លាប់នៅព្រឹកថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ២០០៧។ អំពើបាញ់ប្រហារនេះ កើត​ឡើង នៅ​បន្ទាប់​ពី​លោក​ចេញ​ពី​ធ្វើការ​វេន​យប់នៅរោង​ចក្រ សាន់តិច ដែលស្ថិតនៅតាម​​បណ្ដោយផ្លូវ​វេង​​ស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រធានសហព័ន្ធសហជីពសេរីកម្មករ​នៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ទូច សើ ឱ្យដឹង​ថា កន្លង​មក បើ​​ទោះ​​ជា​តុលាការធ្លាប់​បាន​ផ្ដន្ទាទោស​មនុស្សមួយចំនួនរួចមកហើយក្ដី ប៉ុន្តែ​​​អ្នក​​​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​នោះមិន​មែន​ជាឃាតករពិតប្រាកដទេ។ អ្នកស្រីបន្តថា សម្រាប់​សាច់​ញាតិ និង​ក្នុង​នាម​សហជីព នៅ​តែទ​ទូច​ស្នើឱ្យសមត្ថកិច្ច និង​តុលាការបន្តបើកការស៊ើបអង្កេត និង​​​ស្វែង​រក​​ឃាតករ​ពិតយកមក​ផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនិងសាច់ញាតិ។

អ្នកស្រីបន្តថា៖ «បើតាមខ្ញុំ​យល់ឃើញ ​ដូចជា​មិន​អាច​ចាប់​ឃាតករ​ហ្នឹង​បាន​ទេ។ នេះ​គ្រាន់​តែ​ជា​ការ​បន្លំ​ភ្នែក​តែ​ប៉ុណ្ណោះ ដើម្បីធ្វើម៉េចថារកឃាតករឱ្យឃើញ ឱ្យជនរងគ្រោះបានធូរអារម្មណ៍​។ ប៉ុន្តែ​​តាម​ខ្ញុំ​ពិនិត្យ​មើលជាទូទៅ ដូចជាមិនឃើញឱ្យជាក់ស្ដែងថា​ពិតជាអាចចាប់ឃាតករហ្នឹងបាន»។

ជុំវិញ​រឿងក្ដីព្រហ្មទណ្ឌនេះ កាលពីឆ្នាំ២០១១ ចៅក្រមជំនុំជម្រះ លោក កោ វណ្ឌី បាន​​សម្រេច​​ចោទ​​​ប្រកាន់​ឈ្មោះ ចាន់ សុផល អាយុ៣២​ឆ្នាំ​ និង​​ជនសង្ស័យ​ដទៃ​ទៀត​ ​ពីបទ​ «មនុស្សឃាត​​​​គិ​ត​​ទុក​​ជា​មុន» ដោយ​​​ផ្ដន្ទា​​ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ១៨ឆ្នាំ។ ក្រោយសមត្ថកិច្ច​ចាប់ខ្លួន​​បានកា​ល​​​​ពីខែ​មីនា ឆ្នាំ២០១២ ជនជាប់ចោទ​បាន​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍ ប្រឆាំង​សាលក្រម​​សាលា​​ដំ​បូង​រាជ​ធានីភ្នំពេញ។ ជនជាប់ចោទធ្លាប់អះអាងថា ខ្លួនមិនមានជាប់ពាក់ព័ន្ធរឿងក្ដីឃាតកម្ម​​នេះ​​ទេ ​​ប៉ុន្តែបានសារភាពថា រូបគេបានស្គាល់គ្នាជាមួយជនរងគ្រោះ មុនពេលស្លាប់។

វីអូឌី មិនអាចសុំប្រតិកម្មពីភរិយាលោក ហ៊ី វុទ្ធី គឺអ្នកស្រី វ៉ា សុភក្តិ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

បើទោះជាបែបណា តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់សហព័ន្ធ​​សហជី​​ព​សេរីកម្មករ​នៃព្រះរាជាណាក​​ចក្រ​​កម្ពុជា នៅចំថ្ងៃខួប១៥ឆ្នាំ នៃការបាញ់សម្លាប់សកម្ម​ជន​សហជីព​នេះ បង្ហាញ​ថា ក្រុមគ្រួសារ និងភរិយា​លោក ហ៊ី វុទ្ធី នៅពេលនេះ កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ក្នុង​ប្រទេស​​​បា​​រាំង​​។ ប្រភពដដែល​បន្តថា អស់រយៈពេល១៥ឆ្នាំហើយ ដែល​ឃាតករនិង​ជន​ដៃដល់​​​ដែល​​​ស្គាល់​​ទាំង​​ឈ្មោះនិងមុខមាត់ពិត នៅបន្តមានសេរីភាពនៅឡើយទេ រួមទាំង​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង​ផង។

កាលពីខែ​មករា ឆ្នាំ​២០១៤ ចៅក្រមជំនុំជម្ រះ​លោក កោ វណ្ឌី បានលើកយករឿងក្ដី​​ព្រហ្ម​ទណ្ឌ​នេះមក​ពិនិត្យ​ឡើង​វិញ ហើយ​បាន​ចាត់​របៀប​នៃ​ការ​ស៊ើប​អង្កេត​បន្ត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ ប៉ុន្តែ​ពេល​វេលានៃ​ការ​ស៊ើប​អង្កេតបាន​កប់​ជិត​១០ឆ្នាំមកនេះ ​នៅមិនទាន់ឃើញមានការវិវត្ត​ថ្មី​នៅ​ឡើយ​ទេ ហើយអ្នកពាក់ព័ន្ធក៏មិនទាន់ឃើញ​សមត្ថកិច្ចហៅមកសួរនាំនៅឡើយដែរ។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ ខណៈ​មន្រ្តី​នាំពាក្យ​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​លោក ប្លង់ សុផល មិន​អាចសុំការ​អត្ថា​ធិប្បាយ​​បាន។

យ៉ាងនេះក្ដី នាយករងអង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ក៏ឯកភាពដែរ​ថា ការ​​ទាម​​ទារ​​រក​យុត្តិធម៌​ពីក្រុម​គ្រួសារ​ជន​រងគ្រោះ ជាភាពត្រឹមត្រូវមួយ ព្រោះសេចក្ដីសម្រេច​​​របស់​​​​តុ​​លា​​ការ​​ក្នុង​​ការកំណត់ទៅលើអញ្ញត្ត​ជន ដោយ​ជនមិនស្គាល់ផ្សេងទៀត ជាអំពើយុត្តិធម៌​​មួយ​​​​សម្រាប់​​ជនរងគ្រោះ។ លោកបន្តថា ប្រសិនបើគ្រប់សំណុំរឿង ទាំងតុលាការ និងសមត្ថកិច្ច​​​ចេះ​​តែ​បន្តផ្អិបទុកបែបនេះ នឹង​នាំឱ្យមានភាព​អយុត្តិធម៌សង្គមកើតឡើងកាន់តែច្រើន។

លោកបន្តថា៖ «មកដល់ពេលនេះ យើងជាអង្គការសង្គមស៊ីវិលមើលឃើញថា​ ភាពយុត្តិធម៌​ពេល​​លេ​​ញ​​​​​សម្រាប់ក្រុមគ្រួសារលោក ហ៊ី វុទ្ធី ក៏នៅមិនទាន់មានដែរ ដែលយើងចាត់ទុក​​វាជានិទណ្ឌភាព​​​មួយដែរ​សម្រាប់ករណីលោក ហ៊ី វុទ្ធី ដោយសារយុត្តិធម៌​មិន​ទទួលបានពេញលេញ ​ហើយក្រុម​​គ្រួ​​សា​​រ​​របស់គាត់ក៏នៅតែទទូចសុំឱ្យមានការស៊ើបអង្កេត»។

បើតាម​អ្នកជំនាញសិទ្ធិមនុស្សរូបនេះ ការសម្លាប់មេដឹកនាំសហជីព​កន្លង​ទៅ ដូចជា​ លោក ជា វិជ្ជា លោក រស់ សុវណ្ណរ៉េត និងលោក ហ៊ី វុទ្ធី នេះជាដើម ជាសារអាក្រក់មួយ​ដែលជាការគំរាមកំហែងនិង​បំភិតបំភ័យ​ទៅដល់ស្មារតី​សហជីពដែលការពារផលប្រយោជន៍​​របស់កម្មករ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ