លោក ហ៊ុន សែន ធ្វើ​ចត្តាឡីស័ក​ ក្រោយ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំនាថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២១ នៅទីស្តីការគណៈរដ្ឋមន្ត្រី។(ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​កំពុង​ដាក់​ខ្លួន​ធ្វើ​ចត្តាឡីស័ក ឬ ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​តែ​ឯង​ក្នុង​រយៈពេល​ខ្លី ក្រោយ​ប៉ះពាល់​ផ្ទាល់​ជា​មួយ​អ្នក​ជំងឺ​កូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈថា ដោយសារលោកបានប៉ះពាល់ផ្ទាល់ជាមួយ​អ្នក​វិជ្ជមាន​កូវីដ-១៩។ ដូច្នេះដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីខ្លួនលោកក្នុងពេលកំពុងមានការសង្ស័យនោះ លោកបានសម្រេចដាក់ខ្លួន​ធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។

តែទោះជាយ៉ាងនេះក្តី លោកនៅតែអះអាងថា លោកនឹងបន្តធ្វើការងារពីផ្ទះ ហើយក៏មិនទាន់ សម្រេចលុបចោលកម្មវិធីនៅសប្តាហ៍ក្រោយនេះទេ។

លោកបានសរសេរថា៖ «ខ្ញុំនឹងរស់នៅដាច់ដោយឡែក តែខ្ញុំនៅតែបន្តធ្វើការតាមទម្លាប់ដូចដែលខ្ញុំបានធ្វើកាលពីធ្វើចត្តាឡីស័ក៣លើកមុនៗនោះដែរ»។ ខ្ញុំមិនទាន់លុបចោលកម្មវិធីសម្រាប់សប្តាហ៍ក្រោយនៅឡើយទេ។ ខ្ញុំនឹងបន្តធ្វើតេស្តដើម្បីបញ្ជាក់ពីលទ្ធផលវិជ្ជមានឬ អវិជ្ជមានកូវីដ-១៩ ដើម្បី​បញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់រូបខ្ញុំ ដែលខ្ញុំនឹងជូនព័ត៌មានតាមក្រោយ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានបញ្ជាក់ថា តើលោកបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ជាអ្នកណា និងពេលណានោះទេ។ ក៏ប៉ុន្តែផ្អែក​តាម​សកម្មភាពជាសាធារណៈរបស់លោកកាលពីថ្ងៃទី២៤ ខែកុម្ភៈ លោកបានជួបនិងស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី និងក្រោយមក នៅរសៀលថ្ងៃដដែលនោះ លោកក៏បានអញ្ជើញទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយឧត្តមសេនីយ៍ សុខ សារឿន រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលមួយរយៈពេលចុងក្រោយនេះ បានបង្ហាញថា តួលេខនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាបាន​ហក់​ឡើងវិញ ក្រោយពីជំងឺកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» បានឆ្លងចូលសហគមន៍មក ដោយក្នុងមួយថ្ងៃៗ មិនក្រោម៥០០នាក់នោះទេ។

នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៤៧០ នាក់ ជាសះស្បើយ ៤៩៧ នាក់ និងស្លាប់៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ