កូដករ​ណា​ហ្គាវើលដ៍​ប្រកាស​ធ្វើ​កូដកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​រយៈ​ក្រោយពួកគេ​ខ្លះ​ជាប់​ធ្វើ​ចត្តាឡីស័ក

អ្នកស្រី ញ៉ាន ធាវី កំពុងឈរកាន់រូបប្រធានសហជីពទ្រទ្រង់សិទ្ធការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍ អំឡុងពេលធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ក្រុមកូដករណាហ្គាវើលដ៍ប្រកាសប្តូរមកធ្វើកូដកម្មតាមប្រព័ន្ធអនឡាញ ដើម្បីទាមទារឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ចប់វិវាទការងារ និង​​​​ដោះលែង​ថ្នាក់​ដឹក​នាំ រួមទាំង​​សមាជិក​សហជីពចំនួន​១១នាក់ ដែ​លកំពុង​ជាប់ឃុំនៅពន្ធនាគារ ឱ្យមានសេរីភាពវិញ​  ខណៈពួកគេមួយចំនួនធំ​ជាប់ធ្វើចត្តាឡីស័ក។

កូដករ​ក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា​ សៀក បញ្ញា និយាយថា ដើមចមដែលនាំឱ្យក្រុមកូដករប្តូរមកធ្វើកូដកម្មតាមប្រព័ន្ធអនឡាញនេះ  ​ដោយសារតែកូដករមួយចំនួនធំកំពុងជាប់ធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

កញ្ញាមានប្រសាសន៍៖ «ពួកខ្ញុំនៅតែបន្តធ្វើកូដកម្មដដែល តែពួកខ្ញុំធ្វើតាមអនឡាញវិញ កូដកម្មតាមអនឡាញដូចជា ផុសរូប និងផុសប៉ុស្ទឺទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ ។ ពួកខ្ញុំធ្វើកូដករតាមអនឡាញ ដោយសារពួកខ្ញុំជាប់ធ្វើចត្តាឡីស័ក  តាមការណែនាំរបស់ក្រសួងសុខាភិបាលចំនួន៧ថ្ងៃទៀត»។

កូដករម្នាក់ទៀត អ្នកស្រី ម៉ៅ គឹមឡាយ និយាយថា ពួកគាត់បន្តធ្វើកូដកម្មតាមប្រព័ន្ធអនឡាញតែរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារពួកគេមួយចំនួនធំជាប់ធ្វើចត្តាឡីស័កមួយសប្តាហ៍ទៀត។

អ្នកស្រីបញ្ជាក់ថា បើស្ថាប័នពាក់ព័ន្ធមិនដោះស្រាយបញ្ចប់វិវាទជូនក្រុមកូដករទេ នោះពួកគេនៅតែចិញ្ចឹមចិត្តធ្វើកូដកម្មរហូតមានដំណោះស្រាយ។

អ្នកស្រីនិយាយថា៖ «សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយសម្រួលនិងដោះស្រាយជូនពួកខ្ញុំផង ព្រោះពួកខ្ញុំមិនទាន់មានដំណោះស្រាយទេ អញ្ចឹងយើងនៅតែធ្វើកូដកម្ម គឺយើងធ្វើរហូតដល់មានដំណោះស្រាយ»។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍និងការធ្វើកូដកម្មរបស់ក្រុមកូដករណាហ្គាវើលដ៍នោះទេ។  ប៉ុន្តែលោកអំពាវនាវឱ្យពួកគេគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីកុំឱ្យឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំជាដើម។

លោកអំពាវនាវដូចនេះថា៖ «ធ្វើយ៉ាងណាចូលរួមអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាសេចក្តីហាមឃាត់របស់សាលារាជធានីភ្នំពេញ។ យើងឃើញស្រាប់ហើយមួយសារ ពីរសារ ទៅបីសារ សុទ្ធតែរកឃើញវិជ្ជមាននៅក្នុងក្រុមកូដករ។ អញ្ចឹងហើយសាលារាជធានីភ្នំពេញ ហាមមិនឱ្យមានការជួបជុំ ខ្លាចមានឆ្លងចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ»។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញទៅរដ្ឋាភិបាលគប្បីអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធពន្លឿនដោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមកូដករឱ្យបានឆាប់ បើពុំដូច្នោះទេ នឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលកាន់តែអាក្រក់បន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «ដំណោះស្រាយឱ្យមានតម្លាភាព ជារឿងសំខាន់ ប៉ុន្តែបើសិនជាការអូសបន្លាយនៅតែវែងឆ្ងាយ វាក្លាយទៅជាមិនមែនវិវាទជាមួយណាហ្គាវើលដ៍ ជាមួយនិងកូដករទេ  វាក្លាយទៅជាទំនាស់បដិបក្ខ រវាងក្រុមកូដករជាមួយអាជ្ញាធរទៅវិញ ដែលមិនមានផលចំណេញទេ ផ្ទុយទៅវិញមានតែរងការរិះគន់រដ្ឋាភិបាលថា  រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិសហជីព រំលោភសិទ្ធិបុគ្គលិកណាហ្គាវើលដ៍»។

កាលពីថ្ងៃ២៤ ខែកុម្ភៈ អង្គ​ការសមាគមចំនួន ៥១ស្ថាប័ន​ដែល​ចេ​ញ​សេ​ច​ក្តី​ថ្លែ​ងការ​ណ៍រួម លើកឡើងថា មួយរយៈមកនេះ​ កូដករណា​ហ្គាវើ​លដ៍​ ដែល​​ភាគ​​ច្រើន​ជា​ស្ត្រី ​បា​ន​​រង​​នូវ​​អំពើ​ហិង្សា​ កា​របៀតបៀនផ្លូវភេទ​​ ​រួមទាំង​​កា​រ​​ប្រើវិ​​ធានសុ​ខាភិបាល​​មិ​នត្រឹមត្រូវ​ពីសំណា​ក់អាជ្ញាធរដែលចុះទ​ប់ស្កា​​ត់កា​​រធ្វើ​កូ​​​ដកម្ម​​ដោយអ​ហិង្សា​។

ពួក​គេចាត់ទុកទង្វើ​របស់អាជ្ញាធរថា បាន​​អនុវត្តផ្ទុយទៅនឹង​​អនុវត្ត​អនុស​ញ្ញា​​ ​ស៊ី​-ដ​ ​​ដែលតម្រូវឱ្យរដ្ឋជាសមាជិកធានា​ពេញលេញ​​នូវ​សិទិ្ធ​សេរីភាព​ជួបជុំ​ ​ការបញ្ចេ​ញ​មតិ​​ គ្មានការ​រំ​​​លោ​​​ភបំពាន​ ​និង​តាមដាន​ត្រួតពិនិត្យ​ ឬចាប់​ពិរុទ្ធ។  ប៉ុន្តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញច្រានចោលការចោទប្រកាន់នេះ។

ក្រោយមក នៅថ្ងៃទី២៥ ខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)   បានចេញសេចក្ដីថ្លែងការណ៍ថា កន្លងមក ក្រុមកូដករជាច្រើននាក់ដែលចូលរួមកូដកម្មបានអនុវត្តតាមវិធានការ   សុខាភិបាលត្រឹមត្រូវ ដោយពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងបានធ្វើតេស្ត កូវីដ-១៩ ថែមទៀត។ តែអាជ្ញាធរបានរុញច្រាន និងចាប់ខ្លួនកូដករបញ្ចូលក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោមហេតុផលថា បំពានវិធានសុខាភិបាល ហើយបានឃុំខ្លួនពួកគេនៅកន្លែងមណ្ឌលចត្តាឡីស័កដោយគ្មានអនាម័យសមរម្យ និងមិនបានផ្ដល់ទឹកសម្រាប់ឱ្យពួកគេបរិភោគជាដើម។

​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្សចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកូដករថា បានបំពានវិធានការកូវីដ-១៩នោះថា ធ្វើឡើងដោយមិនសមហេតុផល ឡើយ ដែលករណីនេះ គ្រាន់តែជារឿងបិទបាំងចំពោះ​ការ​បញ្ឈប់កូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ កូដករណាហ្គាវើលដ៍​បានចេញតវ៉ា​ជាថ្មីទៀតចាប់ពីថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ២០​២​១មក ក្រោយពីថៅកែរ​ប​ស់ខ្លួន​បានបញ្ឈប់បុគ្គលិកជាង១ ៣០០នាក់ ដែលភាគច្រើនពួកគេជាថ្នាក់ដឹកនាំសហជីព។ ក្រុមកូដ​ករទាំងនោះអះអាង​ថា ការបញ្ឈប់នេះ ថៅកែធ្វើឡើង​ដោយ​មិនអនុលោមតាមច្បាប់ស្តីពី​ការងារនោះ​ទេ។ ប៉ុន្តែវិវាទដែលបានអូសបន្លាយជាង២ខែមកនេះ ជំរុញឱ្យថ្នាក់ដឹកនាំសហជីពជា​ច្រើន​នាក់ត្រូវបានចាប់ឃាត់​ខ្លួន ក្នុងនោះមេដឹកនាំនិងសកម្មជនសហជីព ១១នាក់កំពុងជាប់ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ