គណបក្សភ្លើងទៀន ថ្កោលទោស​រុស្ស៊ី​ចំពោះ​ការឈ្លានពាន​អ៊ុយក្រែន

ស្ត្រីម្នាក់ឈរនៅមុខអគារបាក់បែកដោយសារការវាយប្រហារពីសំណាក់រុស្ស៊ីលើអ៊ុយក្រែន។ (ធ្វីតទ័រ៖ UN Human Rights)

គណបក្សភ្លើងទៀន បានប្រកាសថ្កោលទោសប្រទេសរុស្ស៊ីដែលបានឈ្លានពានទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ខណៈបណ្ដារដ្ឋនៅអាស៊ីមួយចំនួននិងអឺរ៉ុបបាន​ប្រកាសជួយដោយផ្ដល់អាវុធ រួមទាំងសម្ភារផ្សេងៗដល់អ៊ុយក្រែន។

ក្នុងសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឱ្យដឹងថា ការសម្រេចថ្កោលទោស​នេះ ដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិ ដោយមិនគាំទ្រចំពោះប្រទេសរុស្ស៊ីដែលបានការប្រើប្រាស់កម្លាំងយោធាឈ្លានពានប្រទេសអ៊ុយក្រែន ធ្វើឱ្យបាត់បង់អាយុជីវិតមនុស្សជាច្រើន មានទាំងកុមារផង និងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

សេចក្ដីថ្លែងការណ៍ដដែលថា គាំទ្រចំពោះការតស៊ូយ៉ាងប្ដូរផ្ដាច់ការពារទឹកដីនិងលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលនិងប្រជាពលរដ្ឋអ៊ុយក្រែន ហើយនឹងប្រឆាំងដាច់ខាតនូវរាល់អំពើឈ្លានពាននៃប្រទេសមួយទៅលើប្រទេសមួយទៀត​។

សេចក្ដីថ្លែងការណ៍គណបក្សភ្លើងទៀន៖ «គណបក្សភ្លើងទៀនចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ អំពាវនាវដល់ប្រទេសរុស្ស៊ីដែលជាប្រទេសមហាអំណាចយោធាដ៏ធំទី២នៅលើពិភពលោក សូមបញ្ឈប់ជាបន្ទាន់»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បន្ថែមថា ​សេចក្ដីថ្លែងការណ៍ថ្កោលទោសនេះ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាពិសេសបង្ហាញការមិនពេញចិត្តចំពោះការឈា្លនពានពីប្រទេសមួយទៅប្រទេសមួយទៀតដែលបង្កឱ្យមានវិនាសកម្ម។

លោកថា៖ «អ៊ីចឹងហើយយើងខ្ញុំថ្កោលទោស មិនថារុស្ស៊ីទេ ប្រទេសណាក៏ដោយដែលមានអំពើឈ្លានពានទៅប្រទេសមួយទៀត គឺយើង​មិនគាំទ្រជាដាច់ខាត»។

យ៉ាងណាក៏ដោយ បណ្ដា​ប្រទេសចំនួន១៤១ កាលពីម្សិលមិញ បានសម្រេចបោះឆ្នោតគាំទ្រ ដោយថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពានទៅលើទឹកដីអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតបារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃទី​១​ ខែមីនា បានស្នើដល់កម្ពុជាចូលរួមក្នុងចលនាអន្តរជាតិ ដើម្បីគាំទ្រអ៊ុយក្រែន និងថ្កោល​ទោសការឈ្លានពានរបស់រុស្ស៊ី។ តំណាងទូតប្រទេសទាំងពីរក៏បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់អ៊ុយក្រែន ហើយស្នើឱ្យ​ដកទ័ពពីសំណាក់​រុស្ស៊ីភ្លាមៗនិងគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ