ក្រសួង​មហាផ្ទៃ​លុបឈ្មោះ​គណបក្សបេះដូងជាតិ​ចេញពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីបើកវេទិកាលើកទី៤ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។ (វេបសាយ ក្រសួងមហាផ្ទៃ)

ក្រសួងមហាផ្ទៃ ប្រកាស​លុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ បន្ទាប់​ពី​ក្រសួង​រកឃើញ​ភាពមិនប្រក្រតី​ក្នុង​ការប្រមូលស្នាមេដៃ ដើម្បីស្នើសុំចុះបញ្ជីនាពេលកន្លង​មក។

ក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃបានឱ្យដឹងកាលពីថ្ងៃទី២ ខែមីនា ម្សិលមិញ​ ថាក្រសួងសម្រេចលុប​ឈ្មោះ «គណបក្សបេះដូងជាតិ» ចេញ​ពី​បញ្ជីបង្កើតគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាម​បញ្ញត្តិនៃច្បាប់ស្ដីពីគណបក្សនយោបាយ។

ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ការ​​លុប​​ឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីបង្កើតគណបក្សនយោបាយ ជាការបិទសិទ្ធិក្នុងការ​ចូលរួមបង្កើត​គណបក្សប្រកួតប្រជែងជាមួយនឹងគណបក្សនយោបាយផ្សេងទៀត ក្នុងគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលធ្វើឱ្យផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។

លោកបន្តថា លោកគ្រោងនឹងចូលរួមជីវភាពនយោបាយជាមួយ​គណបក្ស​មួយ​​ ប៉ុន្តែលោកមិនទាន់បញ្ជាក់​ឈ្មោះគណបក្សនោះនៅឡើយ ដោយរង់ចាំសាលាដំបូងរាជធានីភ្នំពេញ កាត់ក្ដីលើ​សកម្មជន «គណបក្សបេះដូងជាតិ» ជាង២០នាក់ដែលរងការចោទ​ពាក់ព័ន្ធនឹងបទចោទ «លួចបន្លំស្នាមមេដៃបង្កើតគណបក្ស» កន្លងមក។

ជាមួយគ្នានេះដែរ លោក សៀម ភ្លុក ចាត់ទុកការចោទប្រកាន់របស់តុលាការទៅលើសកម្មជនរបស់ខ្លួនថា ជាការគំរាមកំហែងនិងបិទសិទ្ធិសេរីភាពនយោបាយដែលពួកគេគាំទ្រ។

លោកមានប្រសាសន៍ថា៖ «សព្វថ្ងៃ យើងកំពុងតែដោះស្រាយបណ្ដឹងរបស់សកម្មជននៅមូលដ្ឋានដែលតុលាការចោទប្រកាន់ មិនទាន់ទម្លាក់ចោល​បទចោទលើពួកគេ ពីព្រោះការចោទប្រកាន់នោះជាការគំរាមកំហែងសិទ្ធិសេរីភាព និងសិទ្ធិនយោបាយ»។

គណបក្សបេះដូងជាតិ ដែលគេសង្ស័យថា លោក សម រង្ស៊ី ស្ថិតនៅ​​ពីក្រោយ​​នៃការ​បង្កើត​​គណ​​បក្សថ្មីថ្មោងនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថា «ក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត»

បើទោះជាបែបណា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានបដិសេធជាញឹកញយថា ខ្លួនមិន​​បាន​​ប្រ​​ព្រឹត្ត​ដូចការចោទប្រកាន់របស់ក្រសួងនោះ​​ឡើយ។ ផ្ទុយទៅវិញ លោកថា ដោយ​សារករណី​​នេះជារឿងនយោបាយ ហេតុនេះគេរកវិធីគ្រប់ល្បិចកលធ្វើយ៉ាងណាកុំឱ្យ​​គណ​​បក្សបេះ​ដូង​ជាតិអាច​លេចចេញជារូបរាងឡើង ដើម្បីឈានទៅរកការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខបាន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានសម្រេចបដិសេធចំពោះការស្នើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយ របស់ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក។

ក្រោយមក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីតវ៉ាចំពោះករណីនេះ ប៉ុន្តែត្រូវបានតុលាការកំពូលសម្រេចបិទផ្លូវតវ៉ានៅចុងឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ