ក្រសួង​រៀបចំ​ដែនដី​ព្រមាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ការសាងសង់​ឬ​រុះរើ​សំណង់​ដោយ​គ្មាន​លិខិត​អនុញ្ញាត

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

ក្រសួងរៀបចំដែនដី បានព្រមានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនឬក្រុមជាងដែលហ៊ាន​សាងសង់ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតជាផ្លូវការ ដោយថា សកម្មភាពទាំងនោះជារឿងខុសច្បាប់។ ​​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី​២ ខែមីនា ឆ្នាំ២០២២​ បានចេញលិខិតមួយដោយអះអាងថា ​ចាប់ពីពេលនេះតទៅ ក្រសួងនឹងចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់នានា ដើម្បីចាប់វិធានការដកហូតអាជ្ញាបណ្ណ និងការដាក់ទណ្ឌកម្មផ្សេងៗទៀតចំពោះក្រុមហ៊ុនឬក្រុមជាងដែលបំពានបំរាមនេះ ដូចជា ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត។

លិខិតសរសេរថា៖ «ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ​មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ ឬរុះរើសំណង់ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ចឡើយ»។

​ក្រសួង​បញ្ជាក់ថា សកម្មភាពដោយគ្មានច្បាប់ទាំងនេះជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរឬមន្រ្ដីមានសមត្ថកិច្ច ដែលអាចបង្កឱ្យប៉ះពាល់ដល់បទប្បញ្ញតិ្ដស្ដីពីធ្លាគម្លាត សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់សោភ័ណភាព ទ្រព្យសម្បតិ្ត សុខុមាលភាពរបស់ម្ចាស់សំណង់ និងអាចបង្កឱ្យមានវិវាទផ្សេងៗ។

ក្រសួងសាម៉ីដដែលអះអាងថា ចំពោះការផ្ដន្ទាទោសពិន័យ គឺអាចជាប្រាក់ ឬអាចផ្ដន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមជាង ការដាក់ឱ្យសិ្ថតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ និងការហាមឃាត់ចំពោះការធ្វើសកម្មភាពផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ