ប្រជាសហគមន៍ប្រមាណ ១០០នាក់ ដែលមានបញ្ហាដីធ្លី មកពីឃុំចំនួន៣ នៅខេត្តកំពង់ស្ពឺ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជំរុញដល់ក្រសួងពន្លឿនការដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់។
ពលរដ្ឋទាំងនោះមកពីឃុំរស្មីសាមគ្គី ឃុំអមលាំង ឃុំត្រពាំងជោរ ស្ថិតក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋមកពីឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក ស៊ឹង សុខុម មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានវីអូឌី នៅមុខក្រសួងរៀបចំដែនដី ថាកន្លងមក ពួកគាត់ធ្លាប់បានដាក់ញត្តិ និងសុំអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ ដែលមានជម្លោះតាំងពីឆ្នាំ២០១០មក។ លោកបន្តថា តំណាងក្រសួងបានជួយសម្របសម្រួលរកដំណោះស្រាយដល់ពាក់កណ្តាលទីហើយ ស្រាប់តែនៅឆ្នាំ២០២១ ការដោះស្រាយមានភាពស្ងប់ស្ងាត់ទៅវិញ ស្របពេលកម្ពុជាមានការឆ្លងរាលដាលជំងឺកូវីដ-១៩។
ប៉ុន្តែក្រោយមក លោកថា ពលរដ្ឋបានដាក់ញត្តិជាថ្មីទៀតកាលពីចុងឆ្នាំ២០២២ ដើម្បីឱ្យក្រសួងពន្លឿនការដោះស្រាយ ប៉ុន្តែបែរជាមន្ត្រីក្រសួងតម្រូវឱ្យពលរដ្ឋផ្តល់ឯកសារបន្ថែម ដែលពលរដ្ឋធ្លាប់បានដាក់ទៅក្រសួងរួចហើយនោះទៅវិញ ទើបពលរដ្ឋនាំគ្នាមកក្រសួងរៀបចំដែនដីជាថ្មីទៀត នៅថ្ងៃព្រហស្បតិ៍នេះ ជំរុញឱ្យមានដំណោះស្រាយឱ្យបានឆាប់។
លោក ស៊ឹង សុខុម និយាយថា៖ «ដំណោះស្រាយ គឺយើងកន្លងមក យើងជជែកគ្នា[ជាមួយក្រសួង និងអ្នកពាក់ព័ន្ធ]សុំទាមទារដំណោះស្រាយឱ្យប្រគល់ដីធ្លីមកឱ្យពួកយើងមកវិញ ព្រោះពួកយើងជាកសិករ យើងរស់បានទាល់តែមានដីស្រែដីចម្ការអាស្រ័យផល បើអត់មានដីស្រែទេ ពួកយើងមិនអាចរស់បានទេ»។
បើតាមលោក ស៊ឹង សុខុម គិតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងវិវាទដីធ្លីនេះមានចំនួន ១ ០៩៦គ្រួសារ។
ពលរដ្ឋនៅឃុំត្រពាំងជោរម្នាក់ទៀតអ្នកស្រី យ៉ូប នឿន និយាយថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក ឧកញ៉ា លី យ៉ុងផាត់ នេះគឺគ្រួសារអ្នកស្រីបានបាត់បង់ដីជាង ៣ហិកតា។ អ្នកស្រីអះអាងថា កាលឆ្នាំ២០១០ ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយស្រូវ និងផលដំណាំអស់ ដោយផ្តល់សំណងត្រឹម ៥០០ដុល្លារ ប៉ុន្តែអ្នកស្រីមិនយក ដោយសារសំណងនេះតិចតួចពេក។
ពលរដ្ឋរូបនេះ បន្តថា ក្រោយពីបាត់បង់ដីធ្លីអស់ និងគ្មានដីសម្រាប់ធ្វើកសិកម្មនោះ គឺគ្រួសារអ្នកស្រីបានជួបការលំបាកជាខ្លាំង ដោយជួបបញ្ហាជីវភាពគ្រួសារ ជំពាក់បំណុលធនាគារ និងកូនៗចំណាកទៅប្រទេសថៃជាដើម។
អ្នកស្រី យ៉ូប នឿន បន្ថែមថា រូបអ្នកស្រី និងពលរដ្ឋផ្សេងទៀត ទាមទារទៅអាជ្ញាធរ ជាពិសេសក្រសួងរៀបចំដែនដីដោះស្រាយផ្តល់ដីស្រែ និងដីចម្ការជូនពួកគាត់បានបង្កបង្កើតផលឡើងវិញ។
អ្នកស្រីបន្ថែមថា៖ «យើងអត់មានដីធ្វើស្រែ កូនៗចៅៗបាត់បង់អត់ទៅរៀនសូត្រ ហើយជំពាក់ធនាគារ បើវាយកដីអស់ហើយ ឥលូវយើងមានគោហើយតែអត់កន្លែងឃ្វាល បើវាយកអស់ហើយ។ កូនខ្ញុំចំណាកស្រុកទាំងគ្រួសារទុកកូន៥នាក់ចោលនៅផ្ទះ។ ប្រជាពលរដ្ឋរស់បានដោយសារដីធ្លី បើអត់ដីបានអីធ្វើស្រែ បានអីហូប បានអីចិញ្ចឹមកូន»។
វីអូឌី ពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីតំណាងក្រុមហ៊ុនស្ករអំពៅ របស់លោកឧកញ៉ា លី យ៉ុងផាត់ បាននៅឡើយទេ នៅព្រឹកនេះ។
ខណៈក្រុមពលរដ្ឋប្រមូលផ្តុំនៅមុខទីស្តីការក្រសួងនោះ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ុល សុខយស បានចេញមកជួបជាមួយប្រជាពលរដ្ឋ និងបានទទួលសំណើរពលរដ្ឋជាថ្មីទៀត ដោយសន្យាយកសំណើរនោះដាក់ជូនថ្នាក់លើពិនិត្យ។
លោកបន្ថែមថា៖ «ឥលូវខ្ញុំសន្យាចុះថា ខ្ញុំនឹងផ្តល់ព័ត៌មានត្រឡប់បងប្អូនប្រជាពលរដ្ឋវិញ ក្រោយពីថ្នាក់នាំគាត់ពិនិត្យលើសំណើរនេះ។ តើយោបល់ថ្នាក់ដឹកនាំសម្រេចយ៉ាងម៉េច យើងនឹងផ្តល់ព័ត៌មានត្រឡប់ទៅវិញ»។
ទោះមន្ត្រីក្រសួងរៀបចំដែនដី បានទទួលញត្តិ និងបានសន្យាបញ្ជូនសំណើរទៅថ្នាក់ដឹកនាំយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមិនបានត្រឡប់ទៅផ្ទះវិញភ្លាមៗនោះទេ ដោយពួកគាត់ចង់ជួបជាមួយថ្នាក់ដឹកនាំក្រសួងផ្ទាល់ ដើម្បីជជែកពិភាក្សារកដំណោះស្រាយករណីនេះ ដោយបានប្រមូលផ្តុំនៅមុខក្រសួង រហូតមកដល់ម៉ោងប្រមាណជា៣រសៀល ទើបពួកគាត់នាំគ្នាត្រឡប់ទៅលំនៅឋានវិញ ក្រោយអាជ្ញាធរលែងឱ្យប្រមូលផ្តុំ។
មន្ត្រីសម្របសម្រួលសហគមន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាប្រចាំខេត្តកោះកុង និងកំពង់ស្ពឺ លោក ញ៉ិល ភាព ដែលកំពុងឃ្លាំមើលករណីនេះ មានប្រសាសន៍ថា ជុំវិញរឿងវិវាទដីធ្លីនេះ អាជ្ញាធរហាក់ពុំមានឆន្ទៈក្នុងការដោះស្រាយជូនពលរដ្ឋនោះទេ ដែលធ្វើឱ្យវិវាទបន្តអូសបន្លាយរាំរៃដល់ពេលនេះ។
មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិដីធ្លីរូបនេះ បន្តថា ក្រោមជម្លោះដីធ្លីនេះ គឺពលរដ្ឋបានជួបទុក្ខលំបាកជាខ្លាំង ដោយពលរដ្ឋខ្លះបានចំណាកស្រុកទៅធ្វើការងារប្រទេសថៃ ពលរដ្ឋខ្លះមានជីវភាពក្រីក្រ និងខ្លះទៀតជំពាក់បំណុលធនាគារ ដោយសារគ្មានដីធ្លីសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិត ហើយពលរដ្ឋទាំងនោះក៏បានរងនូវការរើសអើង និងការចោទប្រកាន់ ឬលាបពណ៌ថា ជាក្រុមប្រឆាំងផងដែរ។
លោកបន្ថែមថា៖ «ការដោះសារ ឬឡេះរបៀបនេះ គឺមិនអាចធ្វើឱ្យវិវាទ ឬជម្លោះដីធ្លីនេះត្រូវបានបញ្ចប់ទេ គឺវានៅតែបន្តព្រោះប្រជាពលរដ្ឋរស់នៅពួកគាត់សង្ឃឹមទៅលើដី ហើយបើគ្មានដី គឺកសិករក៏ដោយ ប្រជាពលរដ្ឋប្រកបមុខរបរផ្សេងៗក៏ដោយគឺត្រូវការដីជាចាំបាច់ណាស់សម្រាប់សាងសង់លំនៅឋាន អីចឹងអាជ្ញាធរត្រូវដោះស្រាយដោយផ្តល់ភាពយុត្តិធម៌ដោះស្រាយសមរម្យដល់ប្រជាពលរដ្ឋ ដែលពួកគាត់អាចទទួលបាន មិនគួរណាគេចវេសអំពីបញ្ហា ឬលើកពេល ឬសន្យាខ្យល់ទៀតឡើយ»។
បើតាមលោក ញ៉ិល ភាព ករណីអាជ្ញាធរមិនពន្លឿនការដោះស្រាយនេះ បានបង្ហាញពីការមិនទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយថា ទង្វើនេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលចែងថា អាជ្ញាធររដ្ឋត្រូវទទួលយកសំណើរបស់ប្រជាពលរដ្ឋទៅពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ផងនោះ។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ ហើយសេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕