មន្ត្រីថា អន្ទាក់​សត្វ​មួយចំនួន​នាំចូល​ពី​ប្រទេស​ជិតខាង ខណៈ​អង្គការ​ពាក់ព័ន្ធ​ស្នើ​ឱ្យ​ពង្រឹង​ការ​ទប់ស្កាត់

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បង្ហាញអន្ទាក់សត្វព្រៃ អំឡុងពេល​សន្និសីទ​សារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ថ្លែង​ថា បរិមាណ​​អន្ទាក់​​សត្វ​ដែល​បាន​​ដោះ​ពី​​តំបន់​ការ​ពារ​​ធម្មជាតិ​​​នៅ​ឆ្នាំ​២០២១​ ​មានការកើនឡើងបើធៀបនឹងឆ្នាំ២០២០ ខណៈអន្ទាក់មួយចំនួន​ត្រូវបាននាំចូលពីប្រទេសមួយនៅជិត​ខាងកម្ពុជា។

ការលើកឡើងនេះធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មានឆ្ពោះទៅបើកយុទ្ធនាការ «អន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» នាថ្ងៃទី​០២ ខែ​មីនា កន្លងនេះ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា ថ្លែងថា បរិមាណ​អន្ទាក់​ដែលបានដោះពីតំបន់ការពារធម្មជាតិនៅឆ្នាំ២០២១​ ​មានចំនួន៦១ ៦១៤អន្ទាក់ កើនឡើងប្រមាណ ២០% បើធៀប​នឹងឆ្នាំ​២០២០ ដែល​ដោះបាន៤៣ ២៧០អន្ទាក់ ខណៈប្រភេទអន្ទាក់ទាំងនោះបានគំរាមកំហែងសត្វព្រៃតូចធំជាច្រើនប្រភេទ។

លោកថា អន្ទាក់ដាក់សត្វមួយចំនួនត្រូវបាននាំចូលពីប្រទេសមួយនៅជាប់ព្រំដែនកម្ពុជា យ៉ាងណា លោក ភក្ត្រា មិនធ្វើអត្ថាធិប្បាយលម្អិតពីការនាំចូលឡើយ។

លោកថា៖ «អន្ទាក់មួយចំនួននាំចូលពីប្រទេសជិតខាង ហើយក្រៅពីអន្ទាក់ដែលបង្កគ្រោះថ្នាក់ដល់សត្វព្រៃ មន្ត្រីឧទ្យានុរក្សរបស់យើងក៏បានដកហូតកាំភ្លើងកែច្នៃប្រើប្រាស់សម្រាប់ការប្រមាញ់សត្វព្រៃក្នុងឆ្នាំ២០២១កន្លងទៅ ចំនួន៧៥៨ដើមផងដែរ»។

លោក នេត្រ ភក្ត្រា បន្ថែមទៀតថា សម្ភារសម្រាប់ធ្វើអន្ទាក់មានតម្លៃថោកនិងងាយរកនៅលើទីផ្សារ បែបនេះ​ទើបចំនួនអន្ទាក់ចេះតែមានការកើនឡើង។

លោក​បន្ថែម​ថា អន្ទាក់​ដែល​មន្ត្រី​ពាក់ព័ន្ធដោះបាន​មានដូចជា ​អន្ទាក់​អង្គប់​ដែក អង្គប់​មាន​ធ្មេញ ដុំ​ឆក់ ខ្សែ​កាប​រាយប្រវែងប្រមាណ៥០០ម៉ែត្រឬលើសពីនេះដោយប្រើអាគុយ​ដើម្បីឆក់សត្វ ជាដើម ខណៈអន្ទាក់​ទាំងនោះចូលមកតំបន់កាន់តែច្រើន ហើយក្រុមជនខិលខូចបានពួនសម្ងំប្រព្រឹត្ត។

តំណាងអង្គការ Birdlife នៅកម្ពុជា លោក ប៊ូ វរសក្ស លើកឡើងថា នៅខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​កំពង់ធំ មានភាពសកម្មនូវការចរាចរ​សត្វព្រៃ​ទៅលក់​នៅទីផ្សាស្រុកក្រៅច្រើន។ លោកស្នើ​ឱ្យមានការទប់ស្កាត់ការលក់សត្វព្រៃ បង្កើនយន្តការលើកទឹកចិត្ត​ឱ្យ​សហគមន៍​ចូល​រួម​ទប់​ស្កាត់ឧបករណ៍​ចាប់សត្វព្រៃ អន្ទាក់ និងទាមទារឱ្យដាក់ទោសឱ្យបានធ្ងន់ធ្ងរលើជនល្មើស។

លោកថា៖ «ជាសំណូមពរ​របស់​អង្គការ Birdlife នៅ​កម្ពុជា សូម​ឱ្យ​ក្រសួង​បរិស្ថាន និង​ក្រសួងកសិកម្ម [១] ទប់ស្កាត់កុំឱ្យមានការលក់សត្វព្រៃដោយចំហខ្លាំងពេក នៅទីផ្សារ នៅតាម​ផ្លូវ យើង​ឃើញ​ទាំង​អស់គ្នា។ [២] សូមឱ្យលើកទឹកចិត្តដល់សហគមន៍មូលដ្ឋាន ជាពិសេសសហគមន៍ព្រៃឈើដែ​ល​ការពារ​តំបន់ការ​ពារ​ធម្មជាតិ អ៊ីចឹងទេគួរតែមានយន្តការក្នុងការលើកទឹកចិត្តពួកគាត់ឱ្យខំបន្តទៀត»។

ចំណែកតំណាងអង្គការមូលនិធិសត្វព្រៃពិភព​លោក (WWF) លោក សេង ទៀក ប្រាប់វីអូឌីថា អន្ទាក់ដែល​មន្ត្រីឧទ្យានុរក្ស និងសហគមន៍​​ដោះបាន គឺប្រមាណតែ ២០% ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១នេះ បើគិតតាមដង់ស៊ីតេវាយតម្លៃ ខណៈ ៨០% ​ទៀតនៅក្នុងព្រៃនៅឡើយ។

លោកបន្តថា ពីមុន ក្រុមជនល្មើសបាន​ដាក់​អន្ទាក់​​បែបប្រពៃណី ដូចជា ធ្វើពីវល្លិ ពីខ្សែ ជាដើម ប៉ុន្តែ​ថ្មីៗមាន​​ការ​នាំចូល​អន្ទាក់​ទំនើបដែល​ផលិតនៅក្រៅប្រទេស​និងមានប្រសិទ្ធភាព​ ដែលជា​ប្រភេទរ៉ឺស័រឆក់ និង​អង្គប់ ហើយមានតម្លៃត្រឹមតែប្រមាណ៥​​​ដុល្លារ។

លោក​បន្ថែម​ថា៖ «ខ្ញុំមិនចង់ថាលើកប្រទេសខាងណាខាងណី [អន្ទាក់នោះត្រូវបាននាំចូលពីប្រទេសណា] ទេ! អន្ទាក់អស់ហ្នឹង គឺជាអន្ទាក់នាំចូល ហើយវាមានប្រសិទ្ធភាពណាស់ បានន័យថា គេ upgrade [ឡើងស៊េរី]»។

លោក សេង ទៀក បន្តថា បើក្រសួង​ពាក់ព័ន្ធ​មិន​ចាត់​វិធានការ​ច្បាប់​លើជនល្មើសឱ្យបាន​ម៉ឺង​ម៉ាត់​ទេ នោះបទល្មើសសត្វព្រៃនៅតែមាន និងកើនឡើងជាលំដាប់ឈានដល់ការអស់សត្វព្រៃតែម្ដង។ យ៉ាងណា លោកចង់ឃើញរដ្ឋាភិបាលរៀបចំឱ្យមានមជ្ឈមណ្ឌលថែរក្សាសុខភាពសត្វ មានមន្ត្រីអនុវត្តច្បាប់ដោយតម្លាភាពនិងសកម្មដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ។

លោក​បន្តថា៖ «ឥលូវអន្ទាក់ហ្នឹងវានាំចូលមកអ៊ីចឹង ហើយតំបន់ការពារដែលនៅជិតៗហ្នឹង វាមានផលប៉ះពាល់​ខ្លាំងជាងគេ ហើយវាចាប់ផ្ដើមចូលមកខាងក្នុង ទៅភាគខាងកើត ភាគខាងជើង ហើយរហូតទៅដល់ជួរភ្នំក្រវាញអី អន្ទាក់អស់ហ្នឹងអាចរកឃើញនៅហ្នឹងទៀត។ អន្ទាក់ហ្នឹងគឺ បើថាមនុស្ស គឺវាយបាក់ស្មង ហើយបើថាអាអង្គប់ហ្នឹងក៏ដូចគ្នាហ្នឹង វាយគឺជាប់នៅហ្នឹង អត់ងាយដោះអត់បាន ប្រភេទអន្ទាក់សម្លាប់តែម្ដង»។

អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោក គឹម ណុង លើកឡើងថា កន្លងមក ប្រជាជនកម្ពុជា​មានទម្លាប់​នៃការពឹងអាស្រ័យលើអនុផលព្រៃឈើ ខណៈពួកគាត់មួយចំនួនបានចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងមួយចំនួនទៀតមិនបានចូលរួម ដែលទាមទារឱ្យមានការអប់រំ និងដាក់ទោសទណ្ឌលើជនប្រព្រឹត្ត។

លោកថា៖ «សម្រាប់ច្បាប់ យើងពិន័យជាទោសទណ្ឌ ពី១ឆ្នាំដល់៥ឆ្នាំ ហើយពិន័យពី១៥លានដល់១៥០លាន​[រៀល]។ ប៉ុន្តែដូចខ្ញុំប្រាប់អ៊ីចឹង ដោយសារពលរដ្ឋយើងមួយចំនួនគាត់រស់នៅតាមតំបន់ការពារធម្មជាតិ អ៊ីចឹងយើងតែងតែអប់រំគាត់ យើងតែងតែប្រាប់ពួកគាត់ទាំងអស់។ អាការប្រាប់ហើយ តែខ្លះគាត់នៅតែប្រព្រឹត្ត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ