ពលរដ្ឋ​ជាង​៣០​គ្រួសារ​នៅ​កំពត​ចោទ​ក្រុមហ៊ុន​សូរងួន​ថា​រំលោភ​យក​ដីធ្លី​ពួកគេ

ពលរដ្ឋជាង៣០គ្រួសារនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អះអាងថា ឧកញ៉ា សូរ ងួន កំពុង​ធ្វើសកម្មភាពរំលោភដីធ្លីរបស់ពួកគេដែលបានកាន់កាប់ជាង២០ឆ្នាំ។ (ផ្ដល់ឱ្យ)

ពលរដ្ឋជាង៣០គ្រួសារនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានចោទ​ក្រុមហ៊ុនរបស់លោកឧកញ៉ា សូរ ងួន ថាកំពុង​ធ្វើសកម្មភាពរំលោភដីធ្លីរបស់ពួកគេដែលបានកាន់កាប់ជាង២០ឆ្នាំ។

លោក ក្រុង រិទ្ធីយ៉ា​ រស់នៅភូមិទួលដូនតី ឃុំត្រពាំងភ្លាំង ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ដីពលរដ្ឋជាង៣០ហិកតារបស់អ្នកភូមិ៣៦គ្រួសារ មានជម្លោះជាមួយក្រុមហ៊ុន​ សូរងួន​ តាំងពីឆ្នាំ២០២១ ខណៈដីនោះ អ្នកភូមិបាន​ចូលទៅកាន់កាប់តាំងពីមុនសម័យសមាហរណ​កម្ម ដោយ​ដីពលរដ្ឋមួយ​ចំនួន​ទទួល​បាន​បណ្ណកម្មសិទ្ធិ​ស្រប​ច្បាប់​ទៀត​ផង។

លោក ក្រុង រិទ្ធីយ៉ា ដែលអះអាងថាមានដីជាង៤ហិកតា​ពេញដោយដំណាំហូបផ្លែ បានឱ្យដឹងថា កន្លង​មក ក្រុមហ៊ុន​បាន​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ​លើ​ដី​ប្រជាពលរដ្ឋអស់៦គ្រួសារ​ហើយ ដោយ​មិន​បាន​ដោះស្រាយ​សំណង​ផលប៉ះពាល់ជូនពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «​ក្រុមបងប្អូនខ្ញុំនៅហ្នឹង គាត់ម៉េច​សុខ​ចិត្ត បើ​ពួក​គាត់​រស់​នៅ​និង​កាន់​កាប់​នៅហ្នឹង​តាំង​ពីលោក ​​សូរ ងួន មិនដឹងនៅណាផង។ បើលោក សូរ ងួន ចេញមកយកដីពលរដ្ឋតាំងពីសម័យប៉ុល​ពត សូរងួន មិនបាននៅរស់ដល់ឥលូវនេះទេ។ ប៉ុន្តែឥលូវនេះដោយសារប្រទេសជាតិយើងសុខសាន្ត ស្រាប់តែមានអ្នកមាន​លុយ ពួកសេដ្ឋីអស់ហ្នឹង​មកធ្វើរំលោភយកដីពួកយើង យើងជាប្រជាពលរដ្ឋ យើងមានការឈឺចាប់ណាស់»

បើតាមលោក ក្រុង រិទ្ធីយ៉ា ដំណោះស្រាយដែលរូបលោក ក៏ដូចជាពលរដ្ឋផ្សេងទៀតចង់បាន គឺ​ទាមទារឱ្យ​មាន​​ការ​កាត់​ឆ្វៀល​ដី​ពួក​គាត់​ចេញ​ពី​ដី​ក្រុម​ហ៊ុន និង​ចេញបណ្ណកម្មសិទ្ធិជូនពួកគាត់ទាំងអស់គ្នា​នៅ​តំបន់នោះ។

អនុភូមិទួលដូនតី លោក ឯម ជីម មានប្រសាសន៍ថា ពលរដ្ឋ៣៦គ្រួសារនោះបានចូលទៅរស់នៅនិងបង្ក​បង្កើន​ផល​​លើដីជម្លោះនោះតាំងពីឆ្នាំ១៩៩៧ បន្ទាប់ពីសមាហរណ​កម្ម មុនក្រុមហ៊ុន សូរងូន ​ទទួលបានដី​សម្ប​ទាន​សេដ្ឋកិច្ច​ពីរដ្ឋាភិបាល។

អនុភូមិរូបនេះបន្ត​ថា ពាក់​ព័ន្ធជម្លោះដីធ្លីរវាង​ពលរដ្ឋនិង​ក្រុមហ៊ុននេះ ខាង​អាជ្ញាធរឃុំ​កំពុងចុះស្រង់​ស្ថិតិនិង​ធ្វើរបាយការណ៍ជា​ក់​លាក់​ដាក់​ទៅថ្នាក់ស្រុកនិងខេត្តពិចារណាក្នុងការដោះស្រាយ។

លោកបន្ថែមថា៖ «ខ្ញុំធ្លាប់បានរាយការណ៍ប្រាប់អភិបាលរងខេត្តដែរថា ប្រវត្តិ​ដីនេះ គឺពលរដ្ឋបានម​ក​ពីសម័យ​សមាហរណ​កម្ម​នយោបាយឈ្នះៗរបស់ប្រមុខដឹកនាំយើង។ អ៊ីចឹង​បាន​ជាពួកគាត់​នៅរស់រាន​មានជីវិត​ហ្នឹង ហើយ​គាត់​បាន​មក​រស់នៅមុខក្រុមហ៊ុន ហើយកាលជំនាន់ហ្នឹង​ និសិត្សចុះវាស់វែងនោះ​ គេមិនបាន​បំពេញឯកសារជូនពួកគាត់គ្រប់គ្នាទេ»

អភិបាលខេត្តកំពតថ្មី លោក ម៉ៅ ធនិន មានប្រសាសន៍ថា លោកកំពុងឱ្យមន្ត្រីចុះស្រាវជ្រាវឱ្យបានច្បាស់​លាស់​ ដើម្បីឈានទៅរកការដោះស្រាយបញ្ចប់។

លោកបន្ថែមថា៖ «ខ្ញុំនឹងធ្វើការងារនេះ។ ខ្ញុំបានប្រាប់ទៅអភិបាលស្រុកហើយ​ឱ្យផ្អាកសកម្មភាពទាំងសងខាងសិន ដើម្បីយើងបញ្ជាក់ប្លង់​សិន»

វីអូឌី មិនអាចរកការឆ្លើយពីតំណាងក្រុមហ៊ុន សូរងូន​ ដែលរងការចោទ​បានទេ នៅថ្ងៃសុក្រនេះ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ ​ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយ​រក​ឃើញ​​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១៧ ០៣៣​គ្រួសារ បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ដែល​​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។

សមាគមមួយនេះបញ្ជាក់​ថា ការរំលោភដីធ្លី​របស់​ប្រជាពលរដ្ឋដែលលេចធ្លោជាង​គេ​​នាពេលនោះ គឺ​បុគ្គល​មានអំណាចចំនួន៦៦ករណី និងបុគ្គលអ្នក​មានទ្រព្យចំនួន២៧ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ