គណបក្ស​នយោបាយ​មួយ​ប្រកាស​មិន​ចូលរួម​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ប្រកាស​ថា នឹង​មិន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ឆ្នាំ២០២២​នេះ​ឡើយ។

យោងតាមសេចក្តីជូនដំណឹងមួយ ដែលវីអូឌីទទួលបាននៅយប់ថ្ងៃសៅរ៍ ទី៥ ខែមីនា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានជូនដំណឹងដល់​អ្នកគាំទ្ររបស់ខ្លួនថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​នឹងមិនចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតនេះឡើយ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) យល់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានរឹតត្បិតនូវលទ្ធភាពរបស់គណបក្សនយោបាយ​ក្នុង​ការទទួលបាននូវទម្រង់លទ្ធផលឆ្នោតបឋមតាមការិយាល័យបោះឆ្នោត ឬ ទម្រង់លទ្ធផលឆ្នោតបឋម ១១០២ (ទ.១១០២) ដោយផ្ទាល់ មកភ្នាក់ងារ​គណបក្សនយោបាយភ្លាមៗនៅក្រោយពីការរាប់សន្លឹកឆ្នោតរួចរាល់ឡើយ។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា គ.ជ.ប បានតម្រូវឱ្យភ្នាក់ងារគណបក្ស​ទៅយកទម្រង់លទ្ធផលឆ្នោតបឋម ឬ ទម្រង់ ១១០២ នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ដែលខុសប្លែកពីការបោះឆ្នោតនាពេលកន្លងមក។ ម្យ៉ាងវិញទៀត គណបក្សនេះបានលើកឡើងថា អ្វីដែលគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្លាប់ស្នើទៅ គ.ជ.ប អំពីការកំណត់សុពលភាពសន្លឹកឆ្នោត​បានការនោះ ក៏ គ.ជ.ប នៅតែបន្តអនុវត្តការទទួលស្គាល់សុពលភាពសន្លឹកឆ្នោតតាមនីតិវិធីចាស់ដដែល។

វីអូឌី នៅមិនទាន់អាចទាក់ទងតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដើម្បីបញ្ជាក់ពីព័ត៌មាននេះបន្ថែមបាននៅឡើយទេ។

កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅ គណបក្សនយោបាយចំនួន ៦ ក្នុងនោះរួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្ស​កែទម្រង់កម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន ក៏បានធ្វើញត្តិរួមគ្នាទាមទារឲ្យ គ.ជ.ប រក្សាទុកទម្រង់​កំណត់​ហេតុនៃការរាប់សន្លឹកឆ្នោត (១១០២) ឲ្យនៅដដែល ដោយរក្សាខ្ទង់ព័ត៌មានអំពីតួលេខសំខាន់ៗ ដូចជា សន្លឹកឆ្នោតដែលទទួលបាន សន្លឹកឆ្នោតដែល​មិន​បានប្រើ សន្លឹកឆ្នោតដែលខូច និងមានការចែកជូនកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់ ១១០២ ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន នៅការិយាល័យរាប់សន្លឹកឆ្នោតដូចការបោះឆ្នោតមុនៗ។

សូមជម្រាបជូនថា នៅថ្ងៃដំបូងនៃការ​ដាក់​​បញ្ជី​​បេក្ខភាពឈរឈ្មោះបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃសុក្រ ទី៤ ខែមីនា មានគណបក្សនយោបាយចំនួន ១១ ហើយបានដាក់បញ្ជីបេក្ខភាពដើម្បីចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើស​​រើស​​​ក្រុម​​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ខាងមុខ។

យោងប្រតិទិនដែលចេញដោយ គ.ជ.ប បញ្ជាក់ថា ការបោះឆ្នោតជ្រើស​រើស​ក្រុម​​ប្រឹក្សា​ឃុំ-​​សង្កាត់​​នេះ នឹង​​ត្រូវ​​​ធ្វើឡើងនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ