លោក សៀម ភ្លុក នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​រឿង​ក្លែង​បន្លំ​ស្នាម​មេ​ដៃ​ស្នើ​សុំ​ចុះបញ្ជី​​«​គណ​បក្ស​បេះ​ដូង​ជាតិ​»

សកម្មភាពពលរដ្ឋនាំគ្នាធ្វើដំណើរឆ្លងកាត់មុខសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ស្ថាបនិក​ «គណបក្សបេះដូងជាតិ» អះអាងថា នឹងចូលបំភ្លឺនៅតុលាការតាមពេលវេលាកំណត់ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិក ដើម្បីយកទៅដាក់ស្នើសុំចុះបញ្ជីគណបក្សបេះដូងជាតិនៅក្រសួងមហាផ្ទៃ។

ស្ថាបនិក​ «គណបក្សបេះដូងជាតិ»  លោក សៀម ភ្លុក មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា តុលាការបានចេញដីកាកោះរូបលោក ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធនឹងរឿងក្លែងបន្លំស្នាមមេដៃសមាជិក ដើម្បីយកទៅដាក់ស្នើសុំចុះបញ្ជីគណបក្សបេះដូងជាតិនៅក្រសួងមហាផ្ទៃ។

ករណីនេះ លោក សៀម ភ្លុក អះអាងថា គាត់នឹងចូលបំភ្លឺតាមដីកាកោះ ពីព្រោះរូបលោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោកមានប្រសាសន៍«បើគេឱ្យយើងចូលបំភ្លឺ យើងនងចូលបំភ្លឺ ពីព្រោះអី យើងអត់មានចេតនាធ្វើអ្វីខុសច្បាប់ទេ ឬក្លែងបន្លំស្នាមមេដៃទាំងអស់ហ្នឹងទេ។ ខ្ញុំគិតថា ក្រសួងមហាផ្ទៃនិងគណបក្សកាន់អំណាចគួរតែបោះបង់ ឬទម្លាក់ការចោទប្រកាន់ដែលមិនមានតម្លៃផ្លូវច្បាប់ និងប្រទេសជាតិ»។

គណបក្សបេះដូងជាតិ ដែលគេសង្ស័យថា លោក សម រង្ស៊ី ស្ថិតនៅ​​ពីក្រោយ​​នៃការ​បង្កើត​​គណ​​បក្សថ្មីថ្មោងមួយនេះ ត្រូវបានក្រសួងមហាផ្ទៃចោទប្រកាន់ថា «ក្លែងស្នាមមេដៃ និងមានចេតនាទុច្ចរិត»

បើទោះជាបែបណា ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានបដិសេធជាញឹកញយថា ខ្លួនមិន​​បាន​​ប្រ​​ព្រឹត្ត​ដូចការចោទប្រកាន់របស់ក្រសួងនោះ​​ឡើយ។ ផ្ទុយទៅវិញ លោកថា ដោយ​សារករណី​​នេះជារឿងនយោបាយ ហេតុនេះគេរកវិធីគ្រប់ល្បិចកលធ្វើយ៉ាងណាកុំឱ្យ​​គណ​​បក្សបេះ​ដូង​ជាតិអាច​លេចចេញជារូបរាងឡើង ដើម្បីឈានទៅរកការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុខបាន។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបានសម្រេចបដិសេធចំពោះការស្នើសុំចុះឈ្មោះក្នុងបញ្ជីបង្កើតគណបក្សនយោបាយ របស់ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក។

បន្ទាប់មក នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សៀម ភ្លុក ក៏បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូល ដើម្បីតវ៉ាចំពោះករណីនេះ ប៉ុន្តែត្រូវបានតុលាការកំពូលសម្រេចបិទផ្លូវតវ៉ានៅចុងឆ្នាំ២០២១។

ក្រោយមក នៅថ្ងៃទី២ ខែមីនា ​ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ក៏បានប្រកាសលុបឈ្មោះ «គណបក្សបេះដូងជាតិ»របស់លោក សៀម ភ្លុក ចេញពីបញ្ជីគណបក្សនយោបាយតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ