កូដករក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ដែលមិនមានឈ្មោះបញ្ឈប់ពីការងារបានឱ្យដឹងថា ពួកគេនៅតែបន្តធ្វើកូដកម្ម និងពហិការមិនចូលធ្វើការតាមការអំពាវនាវរបស់ក្រុមហ៊ុននោះទេ បើទោះបីជាក្រុមហ៊ុនគំរាមកាត់ប្រាក់ខែ និងបញ្ឈប់ពួកគេយ៉ាងណាក៏ដោយ។
កូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា និយាយថា កាលពីពេលថ្មីៗនេះ ភាគីក្រុមហ៊ុនបានអំពាវនាវឱ្យក្រុមកូដករចំនួន៣៦៥នាក់ ដែលក្រុមហ៊ុនបញ្ឈប់ពីការងារកន្លងមក ត្រូវទៅបើកលុយអតីតភាពការងារយ៉ាងយូរត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ។
ដោយឡែក កូដករប្រហែល ៧០០នាក់ទៀត ដែលចូលរួមកូដកម្មតវ៉ាទាមទារសិទ្ធិសេរីភាពការងារនិងឱ្យក្រុមហ៊ុនណាហ្គាវើលគោរពសិទ្ធិសេរីភាពរបស់សហជីព ត្រូវចូលទៅធ្វើការងារវិញនៅថ្ងៃទី៩ ខែមីនានេះ។ បើពុំដូច្នោះទេ ក្រុមហ៊ុននិងបញ្ឈប់ពួកគេពីការងារផងដែរ ។
ប៉ុន្តែកញ្ញាបញ្ជាក់ថា ក្រុមកូដករ៣៦៥នាក់ នឹងមិនទៅបើកលុយអតីតភាពការងារនោះទេ ដរាបណាមិនមានការដោះលែងតំណាង និងសកម្មជនសហជីពឱ្យមានសេរីភាពវិញ។
កញ្ញាបញ្ជាក់ថា៖ «និយាយរួមបើមិនដោះលែងតំណាង១១នាក់ ឱ្យមានសេរីភាពវិញ ហើយក្រុមហ៊ុនមិនព្រមចូលតុចចារ ដាច់ខាតពួកគាត់ទាំងអស់គ្នាមិនទៅបើកលុយទេ»។
ប្រភពដដែលបន្តថាចំណែក ក្រុមកូដករប្រមាណ៧០០នាក់ ដែលធ្វើកូដករទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិសេរីភាពការងារ នៅតែបន្តធ្វើកូដកម្មដដែល ដោយមិនខ្លាចក្រុមហ៊ុនបញ្ឈប់ពួកគាត់ពីការងារនោះទេ ពីព្រោះពួកគាត់ ធ្វើកូដកម្មស្របតាមច្បាប់ ។
កញ្ញាបន្តថា ៖ «ពួកខ្ញុំអត់មានការភ័យខ្លាចគេបញ្ឈប់ពីការងារទេ ពីព្រោះថា ទីមួយអ្វីដែលក្រុមហ៊ុនចេញសារលិខិតមក គឺជាសារលិខិតគំរាមកំហែង។ អញ្ចឹងហើយ បើតាមច្បាប់ការងារពួកយើងធ្វើតាមច្បាប់អស់ហើយ បើវិវាទនេះមិនត្រូវបានបញ្ចប់ មិនត្រូវបានដោះស្រាយរួច ក្រុមហ៊ុនគ្មានសិទ្ធិបញ្ឈប់បុគ្គលិកណាមួយឡើយ»។
កូដករម្នាក់ទៀត លោក លី ឡុងហ៊ាង បង្ហាញការសោកស្តាយដែលក្រុមហ៊ុនចេញសារដាក់កំហិតក្រុមកូដករទៅបើកលុយ និងបង្ខំឱ្យកម្មករចូលធ្វើការងារវិញត្រឹមថ្ងៃទី៩ ខែមីនា ដោយមិនទាន់ដោះលែងតំណាងចំនួន១១នាក់ចេញពីពន្ធនគារវិញ។
ទោះជាយ៉ាងណា លោកអះអាងថា លោកមិនធ្វើតាមការអំពាវនាវរបស់ក្រុមហ៊ុននោះទេ បើសិនជាក្រុមហ៊ុនមិនដំណោះស្រាយជូនកម្មករឱ្យមានភាពយុត្តិធម៌។
កូដកររូបនោះ ព្រមានថា បើក្រុមហ៊ុនមិនដោះស្រាយជូនកម្មករទេនោះពួកគាត់នៅតែបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយ។
លោកព្រមានដូចនេះថា៖ «ពួកយើងនៅតែបន្តធ្វើកូដកម្មរហូតមានដំនោះស្រាយ រហូតដល់តំណាងពួកយើងទាំង១១នាក់ដែលកំពុងនៅក្នុងឃុំរហូតពួកគាត់ចេញមកក្រៅវិញ ព្រោះអ្វីដែលយើងធ្វើ យើងធ្វើស្របតាមច្បាប់»។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា បើសិនជាវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍និងកម្មករ មិនត្រូវបានដោះស្រាយឱ្យមានតម្លាភាព ស្របតាមច្បាប់ការងារទេ ហើយក្រុមហ៊ុននៅតែបន្តគំរាមកំហែងក្រុមកូដករឱ្យទទួលយកតាមការទាមទាររបស់ក្រុមហ៊ុន នឹងធ្វើឱ្យគេមើលឃើញពីភាពកម្សោយរបស់រដ្ឋាភិបាល និងក្រសួងការងារ ។
លោកស្រីមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលក្តី ឬក្រសួងការងារ អមត្ថិភាពក្នុងការការពារសិទ្ធិសេរីភាពរបស់សហជីពនៅកន្លែងធ្វើការ បង្ហាញឱ្យច្បាស់ថា និយោជកមានអំណាចពេញលេញក្នុងការរំលោភសិទ្ធិកម្មករ ដោយមិនញញើតច្បាប់ អញ្ចឹងវាបង្ហាញពីភាពកម្សោយពីការការពារពីរដ្ឋមកលើកម្មករនិយោជិត ដោយសារតែច្បាប់អត់អាចដាក់ទោសទណ្ឌមកលើនិយោជកទាំងអស់នោះបាន»។
កាលពីថ្ងៃ២៤ ខែកុម្ភៈ អង្គការសមាគមចំនួន ៥១ស្ថាប័នដែលចេញសេចក្តីថ្លែងការណ៍រួម លើកឡើងថា មួយរយៈមកនេះ កូដករណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី បានរងនូវអំពើហិង្សា ការបៀតបៀនផ្លូវភេទ រួមទាំងការប្រើវិធានសុខាភិបាលមិនត្រឹមត្រូវពីសំណាក់អាជ្ញាធរដែលចុះទប់ស្កាត់ការធ្វើកូដកម្មដោយអហិង្សា។
ពួកគេចាត់ទុកទង្វើរបស់អាជ្ញាធរថា បានអនុវត្តផ្ទុយទៅនឹងអនុវត្តអនុសញ្ញា ស៊ី-ដ ដែលតម្រូវឱ្យរដ្ឋជាសមាជិកធានាពេញលេញនូវសិទិ្ធសេរីភាពជួបជុំ ការបញ្ចេញមតិ គ្មានការរំលោភបំពាន និងតាមដានត្រួតពិនិត្យ ឬចាប់ពិរុទ្ធ។ ប៉ុន្តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញច្រានចោលការចោទប្រកាន់នេះ។
ក្រោយមក នៅថ្ងៃទី២៥ ខែកុម្ភៈ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍ថា កន្លងមក ក្រុមកូដករជាច្រើននាក់ដែលចូលរួមកូដកម្មបានអនុវត្តតាមវិធានការ សុខាភិបាលត្រឹមត្រូវ ដោយពាក់ម៉ាស់ រក្សាគម្លាតពីគ្នា និងបានធ្វើតេស្ត កូវីដ-១៩ ថែមទៀត។ តែអាជ្ញាធរបានរុញច្រាន និងចាប់ខ្លួនកូដករបញ្ចូលក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ក្រោមហេតុផលថា បំពានវិធានសុខាភិបាល ហើយបានឃុំខ្លួនពួកគេនៅកន្លែងមណ្ឌលចត្តាឡីស័កដោយគ្មានអនាម័យសមរម្យ និងមិនបានផ្ដល់ទឹកសម្រាប់ឱ្យពួកគេបរិភោគជាដើម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកូដករថា បានបំពានវិធានការកូវីដ-១៩នោះថា ធ្វើឡើងដោយមិនសមហេតុផលឡើយ ហើយករណីនេះ គ្រាន់តែជារឿងបិទបាំងចំពោះការបញ្ឈប់កូដកម្មរបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរតែប៉ុណ្ណោះ។
កូដករណាហ្គាវើលដ៍បានចេញតវ៉ាជាថ្មីទៀតចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១មក ក្រោយពីថៅកែរបស់ខ្លួនបានបញ្ឈប់បុគ្គលិកជាង១ ៣០០នាក់ ដែលភាគច្រើនពួកគេជាថ្នាក់ដឹកនាំសហជីព។ ក្រុមកូដករទាំងនោះអះអាងថា ការបញ្ឈប់នេះ ថៅកែធ្វើឡើងដោយមិនអនុលោមតាមច្បាប់ស្តីពីការងារនោះទេ។ ប៉ុន្តែវិវាទដែលបានអូសបន្លាយជាង២ខែមកនេះ ជំរុញឱ្យថ្នាក់ដឹកនាំសហជីពជាច្រើននាក់ត្រូវបានចាប់ឃាត់ខ្លួន ក្នុងនោះមេដឹកនាំនិងសកម្មជនសហជីព ១១នាក់កំពុងជាប់ពន្ធនាគារ៕