អាជ្ញាធរជាតិអប្សរា​មិនគាំទ្រ​ការយក​ទង់ជាតិខ្មែរ​មកច្នៃ​ជាម៉ូដ​សម្លៀកបំពាក់

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាជាតិអប្សរា។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា)

អាជ្ញាធរជាតិអប្សរា មិនគាំទ្រ​ការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ ព្រោះអាចជាការប្រមាថ​និងប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិទៅវិញ។

អ្នកនាំពាក្យ​អាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ត្រូវបាន​ស្រង់ប្រសាសន៍មកចុះផ្សាយលើ​ទំព័រ​ហ្វេស​ប៊ុករបស់​អាជ្ញាធរជាតិអប្សរា កាលពី​ថ្ងៃចន្ទម្សិលមិញថា ទង់ជាតិ​​ត្រូវបានគោរព ដោយ​ស្មារតី​​ស្នេហា​​ជាតិ ស្រឡាញ់ទឹកដី ជាតិ​មាតុ​ភូមិ​​។ លោកបន្តថា ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយស​​សម្រាប់​​វីរជន យុទ្ធជន ​និង​យុទ្ធនារី ដែល​បានពលីជីវិតនៅពេលបានចេញ​ច្បាំងការ​ពារ​ជាតិ ទឹកដី ឬទៅបំពេញ​បេសកកម្ម​មនុស្សធម៌​នៅក្រៅ ហើយ​ជាតិ​តែង​​យកទង់ជាតិទៅគ្រងពីលើ ដើម្បី​សម្ដែងការគោរព​និងដឹងគុណជាដើម។

​​​​​អ្នកនាំពាក្យរូបនេះបន្តថា ការយករូបភាពទង់ជាតិខ្មែរ​មកច្នៃធ្វើ​ជាម៉ូដសម្លៀកបំពាក់មិនសមរម្យនោះ​ទេ ពីព្រោះនៅពេលដែលគេស្លៀកពាក់ហាក់បី​ដូចជាអង្គុយលើទង់តំណាងឱ្យជាតិទាំងមូល ឬក៏​នៅពេលដែល​សម្លៀក​បំ​ពាក់​នោះ​ប្រឡាក់ ពលរដ្ឋខ្លះ​មិនបានយក​ទៅ​បោក​សម្អាតទេ តែ​បែរជា​យក​​ទៅ​​ទុកចោល​ ជាដើម​ ដែលអាចប្រមាថនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិ។

លោក ឡុង កុសល បញ្ជាក់ថា ​ប្រសិនបើចង់បង្ហាញ​ឱ្យឃើញពី​ទឹក​ចិត្ត​ស្រឡាញ់ជាតិ​ពិត​មែននោះ គឺ​នៅ​ពេល​​មកទស្សនាតំបន់អង្គរដែលជាសម្បត្តិវប្បធម៌និង​បេតិ​ក​ភណ្ឌ​របស់មនុស្ស​ជាតិ ប្រជាពលរដ្ឋគួរ​​ជួយ​ចូល​រួមការពារបរិស្ថាន កុំបោះសំរាមចោល​នៅក្នុងរមណីយដ្ឋាន​អង្គរ​ ត្រូវ​ធ្វើ​ដំណើរ​ថ្មើរជើង​ចូល​តំបន់​អង្គរ កុំ​ដើរជាន់ស្មៅ​ដែលនាំឱ្យខូចសោភ័ណភាព កុំយកអាហារទៅ​ទទួល​ទាន​​នៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌ កុំទិញ​លក់ដី និងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារ ដើម្បីកុំឱ្យខូចខាត​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ស្ទះផ្លូវជាដើម។

វីអូឌី មិនអាចសុំការបញ្ជាក់​បន្ថែមពី​លោក ឡុង កុសល បានទេ នៅរសៀលថ្ងៃអង្គារនេះ។

អាជីវករលក់សម្លៀកបំពាក់នៅតំបន់ប្រាសាទអង្គវត្ត សុំមិនបញ្ចេញឈ្មោះ និយាយថា គាត់គាំទ្រនឹងការលើកឡើងរបស់អាជ្ញាធរជាតិអប្សរា ដែលថា ការយករូបភាពទង់ជាតិខ្មែរ​មកច្នៃធ្វើ​ជាម៉ូដសំលៀកបំពាក់ អាចប្រមាថនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសជាតិ។

ប៉ុន្តែអាជីវកររូបនោះស្នើទៅអាជ្ញាធរពាក់ព័ន្ធត្រូវទប់ស្កាត់កុំឱ្យមានអ្នកផលិតសម្លៀកបំពាក់ដាក់រូបអង្គរនៅពីលើ និងទប់ស្កាត់កុំឱ្យក្រុមហ៊ុនស្រាបៀរអង្គរយករូបអង្គរវត្តដាក់​លើកំប៉ុង ដើម្បីបង្ហាញ​ពីតម្លាភាព កុំឱ្យប៉ះពាល់កិត្តិយសរបស់ជាតិដូចគ្នាផងដែរ ។

អាជីវកររូបនោះនិយាយថា៖ «បើគាត់ [អាជ្ញាធរអប្សរា] លើកហេតុផលអ៊ីចឹង​ ចុះបើ​អា​វ​យឺត​គេ​ដាក់រូប​ប្រាសាទ​អង្គរវត្ត​នៅតាម​អាវ​យឺត ដែលគេដាក់លក់ដែរនោះ ប៉ុន្មានឆ្នាំហើយ ម៉េចមិនឃើញបិទ? ចុះបើស្រាបៀរអង្គរ គេយកកំប៉ុងទៅជាន់ ម៉េចមិនថាផង? ហើយយើង [សម្លៀកបំពាក់ទង់ជាតិខ្មែរ] នេះ មិនឃើញគេយកស្បៃយកទៅជាន់បន្តិចអីផង…ពេលអ៊ីចឹងវាអត់សមហេតុផល បើជ្រុលអត់ឱ្យ អត់ទាំងអស់គ្នា»។

ចំណែកប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ក៏បាន​គាំទ្រនឹងការលើក​ឡើង​របស់​អាជ្ញាធរជាតិ​អប្សរាដែរ ប៉ុន្តែលោកជំរុញទៅ​រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើត​គោលកា​រណ៍ ឬពិធីសារឱ្យបានច្បាស់លាស់ជុំវិញការប្រើប្រាស់ទង់ជាតិ ដើម្បីកុំឱ្យពលរដ្ឋយកប្រើប្រាស់ខុស នាំឱ្យប៉ះពាល់ដល់អត្តសញ្ញាណរបស់ជាតិ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរពាក់ព័ន្ធ ជាពិសេសខាងរដ្ឋសភា ត្រូវបង្កើតគោលការណ៍ ឬពិធីសារនៃការប្រើប្រាស់ទង់ជាតិដែលជានិមិត្តសញ្ញាណរបស់ជាតិឱ្យបានលម្អិតទៅ ហើយធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានដឹង»។

លោកមានប្រសាសន៍បន្ថែមថា៖ «ទីពីរ គួរតែពិចារណាដករូបប្រាសាទអង្គរវត្តពីកំប៉ុងស្រាបៀរ ឬផលិតផលដទៃទៀត ពីព្រោះកាលណាយើងយកនិមិត្តរូបរបស់ជាតិទៅដាក់ធ្វើជាឡូហ្គោ ឬក៏ផ្លាកសញ្ញា ឬក៏ផលិតផលរបស់ឯកជន វាអត់ត្រូវទេ វាធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃរបស់ជាតិ ហើយក៏មានទំនាស់ផលប្រយោជន៍នៅក្នុងហ្នឹង​ផងដែរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ