បទយកការណ៍៖ ប្ដីប្រពន្ធ​ពិការភ្នែក​ប្ដេជ្ញា​ឱ្យ​កូន​បាន​រៀន​រហូត​ដល់​ចប់​សាកលវិទ្យាល័យ

លោក ឡូយ លុយ និងអ្នកស្រី អឿត ហ៊ីម ជាមួយកូនប្រុសឈ្មោះ លុយ លីហៀង នៅឈរជុំគ្នានៅកន្លែងរៀបចំភេសជ្ជៈត្រៀមលក់ នៅសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្ដីប្រពន្ធ១គូដែលពិការភ្នែកទាំងពីរ ប្ដេជ្ញាប្រឹងប្រែងរកលុយដោយលក់ភេសជ្ជៈនៅក្នុងក្រុងសៀមរាប ដើម្បីឱ្យកូនប្រុសម្នាក់អាចរៀនចប់ដល់សាកលវិទ្យាល័យ ដើម្បីមានចំណេះដឹងជួយខ្លួនឯងកុំឱ្យលំបាកដូចពួកគាត់ និងអាចប្រើចំណេះដឹងទាំងនេះជួយដល់សង្គមជាតិផងដែរ។​

មានជំនាញម៉ាស្សា ព្យាបាលសរសៃ ដោយទទួលបានការបណ្ដុះបណ្ដាលពីអង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែអំឡុងពេលនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ មិនមានភ្ញៀវទៅម៉ាស្សាទៀតទេ។ បញ្ហានេះធ្វើឱ្យប្ដីប្រពន្ធដែលមានពិការភាពទាំងពីរបាត់បង់ចំណូលទាំងស្រុង ទើបពួកគាត់ងាកមកប្រឹងប្រែងលក់ភេសជ្ជៈជំនួសវិញ។

នៅលើរទេះរុញមួយដែលមានធុងទឹកកកផ្ទុកពេញដោយភេសជ្ជៈ និងមានលក់នំនែកខ្លះសម្រាប់កុមារនោះ លោក ឡូយ លុយ និងអ្នកស្រី អឿត ហ៊ីម ​អង្គុយក្បែរនោះ ដោយមិនអាចហៅអ្នកធ្វើដំណើរតាមផ្លូវឱ្យជួយទិញដូចអ្នកលក់ផ្សេងៗទៀតដែលមានភ្នែកភ្លឺនោះទេ គឺពួកគាត់ប្រើត្រចៀក នៅពេលដែលអ្នកទិញដើរទៅជិតដល់ គាត់ឮសម្រិបជើង ទើបគាត់សួរអតិថិជនថារកទិញអី ឬអតិថិជនសួរ​ទៅកាន់ប្ដីប្រពន្ធពិការនេះមុន។​

លោក ឡូយ លុយ អាយុ៣៥ឆ្នាំ មានបញ្ហាខ្សោយភ្នែកតាំងពីកុមារភាព ហើយបញ្ហានេះបន្តកើនឡើងរហូតដល់ប្រមាណ៣ឆ្នាំចុងក្រោយនេះ ភ្នែករបស់គាត់ងងឹតស្ទើរទាំងស្រុង គឺសូម្បីតែមើលក្រដាសលុយក៏មិនស្គាល់ ហើយមិនអាចធ្វើដំណើរដោយខ្លួនឯងបានទេ។

ចំណែកអ្នកស្រី អឿត ហ៊ីម ជាប្រពន្ធ អាយុ៣២ឆ្នាំ មានបញ្ហាងងឹតភ្នែកទាំងស្រុងតាំងពីកំណើត។ អ្នកទាំងពីរសុទ្ធតែកើតចេញពីគ្រួសារក្រីក្រដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ខណៈប្រពន្ធកើតនៅក្នុងស្រុកមួយក្នុងខេត្តសៀមរាប ហើយបានស្គាល់គ្នានៅសាលាអង្គការមួយ ហើយក៏បានរៀបការគ្នាជាប្ដីប្រពន្ធ។​

បច្ចុប្បន្ន អ្នកទាំង២មានកូនប្រុសម្នាក់ឈ្មោះ លុយ លីហៀង អាយុ១០ឆ្នាំ រៀនថ្នាក់ទី៤។ ត្បិតតែ លីហៀង រៀននៅសាលាអង្គការ ប៉ុន្តែក៏ត្រូវបង់មួយខែ៣ម៉ឺនរៀលដែរ។ ប្រាក់៣ម៉ឺនរៀលសម្រាប់អ្នកមានជីវភាពធូរធារមិនជាបញ្ហាទេ តែសម្រាប់គ្រួសារប្ដីប្រពន្ធដែលមានពិការភាពភ្នែកទាំងពីរនេះ គឺជាបញ្ហាដែលពួកគាត់ត្រូវត្រៀមលុយដកពីការចំណាយម្ហូបអាហារ បន្ទប់ជួល និងការចំណាយផ្សេងៗទៀត ទុកសម្រាប់បង់ឱ្យកូនរៀន។

ទោះជាប្រាក់៣ម៉ឺនរៀលស្ថិតនៅក្នុងផែនការចំណាយរបស់គ្រួសារ​ក៏ដោយ ពេលខ្លះពួកគាត់រកបង់មិនទាន់ពេលកំណត់ ហើយសុំខាងសាលាពន្យារពេលដែរ ដោយសារតែឥទ្ធិពលនៃមេរោគកូវីដ ធ្វើឱ្យពួកគាត់រកចំណូលមិនបាន។​

អ្នកស្រី អឿត ហ៊ីម ថ្លែងថា កាលពីនៅកុមារភាព ជីវិតគាត់លំបាក ហូបអាហារមិនបានគ្រប់គ្រាន់ ហើយមិនដែលស្គាល់រហូតដល់៥០០០រៀលទេ គឺគាត់ទើបស្គាល់លុយ៥០០០រៀលកាន់ក្នុងដៃនៅពេលដែលគាត់រៀបការហើយ ចេះជំនាញម៉ាស្សា និងលក់ភេសជ្ជៈ។​ អ្នកស្រីបញ្ជាក់ថា ដោយសារតែអតីតកាលខ្លួនលំបាកបែបនេះ ទើបចង់ឱ្យកូនខំរៀនសូត្រកុំឱ្យលំបាកដូចរូបគាត់ទៀត។​

អ្នកស្រី អឿត ហ៊ីម៖ «ខ្ញុំយល់ថា កូនរៀនកាន់តែខ្ពស់ កាន់តែយល់ខ្លាំង អាចជួយខ្លួនឯង។ សម្រាប់ខ្ញុំមួយមិនបានជួយ ក៏ខ្ញុំមិនតូចចិត្តដែរ ធ្វើម៉េចឱ្យតែចម្លងខ្លួនឯងផុតទៅបានហើយ»។​

ប្ដីប្រពន្ធទាំង២នាក់នេះរំពឹងថា កូនប្រុសរបស់គាត់បន្ទាប់ពីបញ្ចប់ការសិក្សាហើយ អាចក្លាយជាគ្រូបង្រៀន។ លោក ឡូយ លុយ យល់ឃើញថា កាលណាកូនក្លាយជាគ្រូបង្រៀន គឺអាចជួយដល់សង្គម ហើយកូនអាចជួយខ្លួនឯងបាន។​​

លោក ឡូយ លុយ៖ «ក្ដីស្រមៃខ្ញុំចង់ឱ្យគាត់ក្លាយជាគ្រូបង្រៀនណាបង។ គ្រូបង្រៀនអាចជួយដល់សង្គមផងដែរ»។​

ចំណែកអ្នកស្រី អឿត ហ៊ីម លើកឡើងថា រូបគាត់ស្រមៃចង់ក្លាយជាគ្រូបង្រៀនតាំងពីតូច ប៉ុន្តែដោយសារគាត់រៀនមិនបានចប់ ទើបមិនបានប្រឡងធ្វើជាគ្រូបង្រៀន។ អ្នកស្រីបន្តថា ពេលនេះគាត់ចង់ឱ្យកូនជួយសម្រេចក្ដីស្រមៃរបស់គាត់។​

អ្នកស្រី អឿត ហ៊ីម៖ «សម្រាប់ខ្ញុំចង់ឱ្យធ្វើគ្រូដែរ ព្រោះតាំងពីខ្ញុំតូចរហូតដល់ប៉ុណ្ណឹង ខ្ញុំតែងតែចង់ធ្វើជាគ្រូបង្រៀន នឹកឃើញថា ពេលដែលយើងបានជួយពន្យល់កូនគេ យើងសប្បាយចិត្តណាស់។ ខ្ញុំចង់ណាស់ តែក្ដីស្រមៃធ្វើអត់បាន»។​

កុមារា លុយ លីហៀង ក្នុងវ័យ១០ឆ្នាំ ហាក់ដូចជាមិនទាន់ដឹងថាខ្លួនចង់ធ្វើអ្វីឱ្យប្រាកដនៅថ្ងៃអនាគតនោះទេ ប៉ុន្តែពេលដែលសួរថាចង់ធ្វើការងារអ្វី? គាត់ថាចង់ធ្វើជាគ្រូដូចឪពុកម្ដាយចង់បានដែរ។​

ពិនិត្យលើក្ដីស្រមៃរបស់ប្ដីប្រពន្ធ១គូនេះហាក់នៅមិនជិតប៉ុន្មានទេ ខណៈស្ថានភាពបច្ចុប្បន្នរបរលក់ដូរភេសជ្ជៈរបស់គាត់បានចំណូលមិនច្បាស់លាស់ឡើយ គឺមួយផ្នែកធំអាស្រ័យលើសិស្សសាលាគថ្លង់ ជួយទិញ និងមួយផ្នែកទៀត គឺអ្នកធ្វើដំណើរតាមផ្លូវសាលដឺហ្គោល។ ប៉ុន្តែក្នុងអំឡុងដែលសាលាបិទទ្វារ ហើយភ្ញៀវទេសចរមានចំនួនតិចនោះ គ្រួសារនេះស្ទើរតែដាច់ពោះ ពីព្រោះការរស់នៅពឹងប្រាក់ឧបត្ថម្ភពីរដ្ឋនិងអ្នកជិតខាងជួយ​។​

គិតមកត្រឹមដើមខែមីនា ឆ្នាំ២០២២នេះ ស្ថានការណ៍កូវីដហាក់ធូរស្រាលបន្តិច សាលារៀនបើកដំណើរការវិញ ហើយមានអ្នកដំណើរគួរសមនៅតាមផ្លូវ ហើយគ្រួសារលោក ឡូយ លុយ និងអ្នកស្រី អឿត ហ៊ីម ក៏លក់បានចំណូលគួរសមវិញដែរ។ ប៉ុន្តែបើសួរថាបានចំណេញប៉ុន្មានក្នុង១ថ្ងៃ អ្នកស្រី អឿត ហ៊ីម ផ្ទុះសំណើចឡើងដោយបញ្ជាក់ថា រកចំណេញមិនឃើញទេ គ្រាន់តែទប់អាហារប្រចាំថ្ងៃប៉ុណ្ណោះ ហើយសល់ប៉ុន្មានយកទៅទិញអីវ៉ាន់ថែមទៀត។​

អ្នកស្រី អឿត ហ៊ីម៖ «ខ្ញុំរកចំណេញអត់ឃើញទេ ដោយសារអី? យើងទិញបណ្ដើរៗ អត់មានលុយទិញទុក បានមកយកទៅទិញវិញអស់»។​

ក្នុងស្ថានភាពងងឹតទាំងអស់គ្នា ពេលខ្លះដែលកូនមិននៅ ប្ដីប្រពន្ធទាំង២នាក់ដឹកដៃគ្នាពីបន្ទប់ជួលទៅកន្លែងលក់ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រ គឺប្រពន្ធពឹងប្ដីមើលឃើញព្រាលៗ ហើយប្ដឹពឹងលើផ្លូវដែលចាំធ្លាប់ដើរ អាស្រ័យលើការស្ទាបខ្លះ ហើយពេលខ្លះក៏ធ្លាក់ជង្ហុកខ្លះ ដួលខ្លះ ហើយក៏មានរបួសខ្លះដែរ។​

នៅកន្លែងលក់ ទាំងប្ដីទាំងប្រពន្ធ ពេលមានអ្នកទិញទៅដល់ គាត់ចាប់ផ្ដើមស្ទាបលើនំឬភេសជ្ជៈ ឬអ្នកទិញដែលមានភ្នែកភ្លឺអាចរើសខ្លួនងឯ ហើយសួរតម្លៃទៅប្ដីប្រពន្ធនោះវិញ។ នៅថ្ងៃដែលក្រុមការងារយើងទៅសម្ភាសនោះ ដោយនៅអង្កេតទីនោះឃើញកុមារម្នាក់យកនំមួយកញ្ចប់ ហើយហុចលុយក្រដាស១ ០០០រៀលឱ្យ លោក ឡូយ លុយ បានដកក្រដាស១ ០០០រៀលអាប់ឱ្យកុមារនោះវិញ ហើយកុមារតូចនោះក៏រត់ចូលក្នុងសាលាគថ្លង់វិញបាត់។

លោក ឡូយ លុយ បញ្ជាក់ថា គាត់ស្មានថាលុយដែលគាត់ហុចឱ្យកុមារនោះជាលុយក្រដាស៥០០រៀល។ បើតាមលោក ឡូយ លុយ ករណីអាប់ច្រឡំនេះកើតមានញឹកញាប់ដែរ ដោយពេលខ្លះ អ្នកទទួលលុយច្រឡំដែរ ហើយពេលខ្លះគាត់ថាអ្នកទិញមានចេតនាបន្លំពួកគាត់។​

មើលទៅស្ថានភាពនៃការរកចំណូលរបស់ពួកគាត់ជួបការលំបាក ហើយនៅពេលឆ្លងរាលដាលមេរោគកូវីដក៏កាន់តែលំបាកថែមទៀត ប៉ុន្តែសួរថា គាត់បោះបង់ក្ដីស្រមៃចង់ឱ្យកូនរៀនដល់ចប់សាកលវិទ្យាល័យទេ បើលំបាកបែបនេះ? គាត់ថាមិនបោះបង់ឡើយ។​

អ្នកស្រី អឿត ហ៊ីម៖ «កូនកាន់តែធំ ចំណាយកាន់តែច្រើន តែខ្ញុំអត់បោះបង់ទេ ខ្ញុំនៅតែតស៊ូ»

ចៅសង្កាត់ស្លក្រាម លោក ខៀវ សត ថ្លែងថា គ្រួសារលោក ឡូយ លុយ និងអ្នកស្រី អឿត ហ៊ីម ពិតជាស្ថិតនៅក្នុងស្ថានភាពលំបាក ដោយបាត់បង់ចំណូលពីការម៉ាស្សា និងព្យាបាលសរសៃ ហើយអាជ្ញាធរបានផ្ដល់បណ្ណក្រីក្រឱ្យ ដែលអាចឱ្យគ្រួសារពួកគេទទួលការជួយឧបត្ថម្ភខ្លះក្នុងស្ថានភាពលំបាក។ ​

លោក ខៀវ សត កោតសរសើរដល់គ្រួសារប្ដីប្រពន្ធដែលមានពិការភាពមួយគូនេះថា មិនត្រឹមតែមិនបង្កបញ្ហាអីក្នុងសង្គមទេ ថែមទាំងធ្វើជាពលរដ្ឋគំរូក្នុងការបណ្ដុះបណ្ដាលអប់រំកូនឱ្យរៀនសូត្របានទៀងទាត់បានល្អទៀតផង។​

លោក ខៀវ សត៖ «ជាគំរូមួយ ត្បិតតែគាត់ពិការមែន ប៉ុន្តែគាត់មានស្មារតីបណ្ដុះបណ្ដាលចំណេះដឹងដល់កូន ដើម្បីកុំឱ្យកូនមានបញ្ហាលំបាកដូចគាត់ទៀត»។​

របាយការណ៍របស់ក្រសួងសង្គមកិច្ច ឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧ ​ជនមានពិការភាពនៅកម្ពុជាមានជិត១លាននាក់។​

លោកស្រី ម៉ាក់ ម៉ូលីកា នាយិកាអង្គការជនពិការកម្ពុជា មានប្រសាសន៍ថា ជនពិការគឺជាក្រុមមនុស្សដែលជួបការលំបាកស្រាប់នៅក្នុងសង្គម បើប្រៀបធៀបជាមួយពលរដ្ឋទូទៅមិនពិការ។ លោកស្រីបន្តថា នៅក្នុងបរិបទនៃការឆ្លងរាលដាលមេរោគកូវីដ-១៩ ក្រុមជនពិការកាន់តែជួបការលំបាកខ្លាំងឡើងថែមទៀត ដែលក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់។

ងាកមកស្ថានភាពគ្រួសារប្ដី និងប្រពន្ធពិការភ្នែកនេះវិញ អះអាងថា ការដែលគាត់ប្រឹងប្រែងចង់ឱ្យកូនរៀនបានខ្ពស់នោះ ដោយមិនចង់បានអ្វីពីកូនទេ ព្រោះយល់ថា នេះជាកាតព្វកិច្ចដែលបង្កើតកូនហើយត្រូវបណ្ដុះបណ្ដាលឱ្យមានជំនាញនិងមានអនាគតល្អ។​

អ្នកស្រី អឿត ហ៊ីម៖ «កាលណាយើងបង្កើតគេហើយ យើងត្រូវចម្លងគេឱ្យផុត ទោះលំបាកប៉ុនណាក៏ដោយ។ ប្រទេសយើងរាល់ថ្ងៃរកតែអ្នកចេះទេ កាលណាយើងមិនចេះ មានតែរើសអេដចាយ ធ្វើសំណង់»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ