បក្សភ្លើងទៀន​ចោទ​មេឃុំ​បក្សកាន់អំណាច​ពី​បទ​រារាំង​បេក្ខភាព​ដែល​ឈរឈ្មោះ​មេឃុំ​ចៅសង្កាត់

លោក ថាច់ សេដ្ឋា អនុប្រធានទី១ គណបក្សភ្លើងទៀន ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សភ្លើងទៀន Candlelight Party)

គណបក្សភ្លើងទៀន ចោទប្រកាន់អាជ្ញាធរនៅតាមមូលដ្ឋានមកពីគណបក្សប្រជាជនកម្ពុជានៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនថា នៅបន្តគំរាមកំហែងនិងបំភិតបំភ័យបេក្ខជនដែល​​ឈរឈ្មោះឱ្យគណបក្ស​​ក្រៅរដ្ឋាភិបាល​​មួយ​​នេះ​​ក្រោមរូបភាពផ្សេងៗ។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន បានប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា មានបេក្ខជន​​ដែលឈរឈ្មោះជាមេឃុំ-ចៅសង្កាត់ឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះ នៅតែត្រូវបាន​​អាជ្ញាធ​​រ​​មូល​ដ្ឋានបន្តគំរាមកំហែងនៅឡើយ។ លោកបន្តថា រូបភាពនៃការយាយីនេះកើតឡើងច្រើន​​ជាង​​គេ ក្នុងពេលបច្ចុប្បន្ន គឺទីក្រុងភ្នំពេញ។ ក្រៅពីនេះមានខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និងត្បូង​​ឃ្មុំ​​ ជាដើម។

លោកបន្តថា៖ «​ភ្នំពេញកាន់ច្រើនជាងគេ មានសង្កាត់នៅខាងទួលគោក មានសង្កាត់ផ្សារដេប៉ូ១ មានខាងទឹកល្អក់ មានខាងដេប៉ូ២ និងផ្សារចាស់។ តាមពិតទៅ នៅមានហូរហែច្រើនណាស់ យើង​​ពិ​​បាក​​រៀប​​រាប់ បើរៀបរាប់ទៅ វាច្រើនគួរសម​​។ ប៉ុន្តែបើទោះជាយ៉ាង​ណា ពួកយើងនៅតែ​ជម្នះ។ មាន​​អ្នកខ្លះខ្លាច ហើយក៏មានអ្នកខ្លះមិនខ្លាចទេ។ អ្នកណាខ្លាច យើងរកអ្នកបំពេញបន្ថែមទៅ»។

យ៉ាងនេះក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តែងបដិសេធ​​​​ថា មិនមាន​​រូប​​ភាពនៃការគំរាមកំហែងដូចការលើកឡើងរបស់គណបក្សនយោបាយមួយចំនួនទេ។ លោកបន្តថា ការព្យាយាមបញ្ចេញព័ត៌មានអំពីរឿងរសើបនេះ វាតែងកើតឡើងនៅមុនថ្ងៃបោះ​​ឆ្នោត​​ប៉ុណ្ណោះ​​។ ​​មិន​តែប៉ុណ្ណោះ នេះជាវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាឱ្យអ្នកបោះឆ្នោតបាត់បង់ជំនឿចិត្តលើ​​​គណ​​ប​​ក្ស​​​​​កាន់អំណាចតែម្ដង។

លោកបន្តថា៖ «ឥលូវម្នាក់ៗសុទ្ធតែមានទូរសព្ទនៅនឹងហោប៉ៅរៀងៗខ្លួនហើយ។ ដូច្នេះ បើមាន​​បញ្ហា​អី អ្នកណាគំរាមកំហែងអី ថតឱ្យជាប់មក ហើយដាក់ទៅ គ.ជ.ប ទៅ។ អាហ្នឹងគឺថាគេនឹងដោះ​ស្រាយ​​ជូន​​​ហើយ។ វាអត់មានករណីហ្នឹងផង រហូតមកដល់ថ្ងៃនេះហើយ ខ្ញុំអត់មានឮព័ត៌មាន ទើបតែ​ឮប្អូ​​ន​​​និយាយមិញនេះឯង»។

យ៉ាងនេះក្ដី លោក ថាច់ សេដ្ឋា ឱ្យដឹងថា មកដល់ពេលនេះ គណបក្សនៅមិនទាន់ទទួលបានពីតួលេខពិតប្រាកដអំពីបេក្ខជនឈរឈ្មោះដែលត្រូវបានគេគំរាមកំហែង និងអ្នកដែលដើរចេញព្រោះតែការបំភិតបំភ័យ ហើយ​​​ត្រូវដាក់អ្នកថ្មី​​ជំ​​នួសនៅឡើយទេ។

រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល មាត្រា៤២ កំណត់ថា ប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគម និងគណបក្សនយោបាយ ហើយសិទ្ធិនេះត្រូវបានកំណត់និងធានាដោយច្បាប់។ ក្រៅពីនេះ ច្បាប់​​ស្ដីពី​​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់វិញ ក៏ពុំមានមាត្រាណាមួយដែល​​បើកផ្លូវ​​ឱ្យ​​មាន​​ការដកហូតសិទ្ធិ​​​បេក្ខជនដែលឈរឈ្មោះឱ្យគណបក្សនយោបាយណាមួយដែរ ប្រសិនបើមិន​​ខុស​​លក្ខន្តិកៈដែលកំណត់ដោយគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។

មាត្រា៣៦ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ហាមឃាត់​​មិន​​ឱ្យ​​ឈរ​​ឈ្មោះជាបេក្ខជនមេឃុំ-ចៅសង្កាត់ទៅបាន លើកលែងតែសមាជិករដ្ឋសភា ព្រឹទ្ធសភា សមា​​ជិក​​​​​ក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គច្រៅក្រម សមាជិករដ្ឋាភិបាល និងចៅ​​ក្រម​​​ជាដើម។

បើទោះជាបែបណា ក្រៅពីការគំរាមកំហែងចំពោះបេក្ខជនដែលឈរឈ្មោះហើយ នៅមានស្លាកសញ្ញាគណ​​បក្សនយោបាយនៅតាមបណ្ដារាជធានី ខេត្តមួយចំនួនក៏ត្រូវរងការយាយីដែរ។ ការ​​បំផ្លាញ​​ផ្លា​​ក​​​​​​​​គណបក្សនយោបាយនេះកើតឡើងទាំងមុននិងក្នុងពេលយុទ្ធនាការនៃការ​​ចុះបញ្ជី​​បេក្ខ​​ជ​ន​មេឃុំ-ចៅសង្កាត់។

​​ស្លាកគណ​​បក្ស​​នយោបាយដែលគេសង្កេតឃើញមានការកាប់បំផ្លាញឬផ្ដួលរំលំដោយជនមិន​​ស្គាល់អត្ត​​សញ្ញា​​ណ​​ ភាគច្រើនគឺគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

ទាក់ទិនបញ្ហនេះ នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី ចាត់ទុកថា អ្នកដែលគំរាម​​កំហែងនេះ គឺកំពុង​​តែ​អនុវត្តផ្ទុយពីស្មារតីនៃច្បាប់យ៉ាងធ្ងន់ធ្ងរ។

មួយវិញទៀត បេក្ខជនដែលឈរឈ្មោះតំណាង​​ឱ្យគណ​បក្ស​​​​​នយោបាយណាមួយ វាជាការអនុវត្ត​​ស្រប​ទៅ​តាមនីតិវិធី ដូចមាន​​កំណត់​​នៅ​​ក្នុងច្បាប់ជាតិផង និង​​អន្តរជាតិផង។ បើតាមលោក សំ គន្ធា​មី ផ្ទុយទៅវិញ អាជ្ញាធរមូលដ្ឋានទេដែល​​​ជា​​អ្នក​​ខុស​​ច្បាប់ ព្រោះនេះជាការបិទសិទ្ធិសេរីភាពនិង​​សិទ្ធិនយោបាយរបស់នីតិបុគ្គលដែលត្រូវបានធានា​​ដោយ​​ច្បាប់​។

លោកបន្តថា៖ «ឈរឈ្មោះគណបក្សនយោបាយណាមួយក៏ដោយ គាត់ប្រើសិទ្ធិនយោបាយ​​របស់​​គាត់​​ គាត់ឈរឈ្មោះឱ្យគេបោះឆ្នោតណា អាហ្នឹងគឺសិទ្ធិមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ និងកតិកា​​សញ្ញាស្អីទាំងអស់ ហើយច្បាប់អន្តរជាតិក៏​​មានដែរ។ អ្នកគំរាមកំហែងគេ ខុសច្បាប់ហើយ មិនអាចទៅ​​គំរាម​គេមិនឱ្យឈរឈ្មោះស្អីៗ ឬរារាំងគេអ៊ីចឹងទេ។ វារំលោភសិទ្ធិនយោបាយរបស់បុគ្គល​​ម្នាក់ៗ​​ហ្នឹង​ហើយ»។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប បានចេញរបាយការណ៍បណ្ដោះអាសន្នរបស់ខ្លួនកាលពី​​ថ្ងៃ​ទី៨ ខែមីនា អំពីគណបក្ស​​ន​យោ​បាយដែលបានចុះបញ្ជីបេក្ខភាពមេឃុំ-ចៅសង្កាត់មានចំនួន១៧គណបក្សនយោបាយ។ តាមរយៈសេចក្ដីប្រកាសនេះ គណៈកម្មការឃុំសង្កាត់រៀបចំការបោះ​​ឆ្នោត សម្រេចយល់ព្រមឬបដិសេធលើពាក្យសុំនោះក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ បន្ទាប់​​ពី​​បាន​​ទ​​ទួ​​ល​ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ