តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅឃុំ​របស់​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គា​៨រូប

សហជីពណាហ្គាវើលដ៍ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ត្រូវបាននាំមកសវនាការសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងករណីកូដករណាហ្គាវើលដ៍ធ្វើកូដកម្មទាមទារដំណោះស្រាយ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។ (ជន ចាន់រ៉ែន)

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ចំនួន៨នាក់ នៅព្រឹកមិញនេះ ក្រោមហេតុផលថា ការអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំអាចបង្កចលាចលក្នុងសង្គម។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃនេះ បានបើកសវនាការអសាធារណៈលើបណ្ដឹងសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍ទាំង៨រូបដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅក្នុងពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។

សហមេធាវីការពារក្ដីឱ្យថ្នាក់ដឹកនាំសហជីពទាំង៨រូប បានប្រាប់អ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍ថា ប្រធានក្រុមប្រឹក្សាជម្រះបានសម្រេចមិនឱ្យកូនក្ដីរបស់ពួកគាត់បាននៅក្រៅឃុំឡើយ ដោយសម្អាងថា ការអនុញ្ញាតឱ្យនៅក្រៅឃុំអាចនឹងបង្កចលាចលក្នុងសង្គម ខណៈសំណុំរឿងជិតឈានទៅបើកសវនាការជំនុំជម្រះទៅហើយនោះ។

ថ្នាក់ដឹកនាំសហជីពទាំង៨រូប មានដូចជា កញ្ញា ឈឹម ស៊ីថរ, អ្នកនាង សុន ស្រីពេជ្,រ លោក សុខ ណារិទ្ធ, អ្នកស្រី ទូច សិរីមាស, អ្នកស្រី រី សុវណ្ណឌី, អ្នកស្រី ឃ្លាំង សុបិន្ត, អ្នកស្រី ឈឹម សុខន និងអ្នកស្រី ហៃ សុភាព។

តំណាងសហជីពនៃកូដករក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៨រូប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» បន្ទាប់ពីពួកគេបានធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេល​​ជិត១ឆ្នាំ​មក​ហើយ។ ការអូសបន្លាយនេះឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីពសរុប១១នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមក ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករ និងសហ​ជីព៕

កែតម្រូវ៖ កថាខណ្ឌទី២ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទៅជា «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ