តំណាងពលរដ្ឋជិត២០នាក់ដែលអះអាងថាកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង កំពុងជាប់បណ្ដឹងនៅតុលាការ ក្រោយពួកគេនាំតវ៉ាដីធ្លីជាមួយក្រុមហ៊ុនមួយនេះ។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង លោក វ៉ៃ ភីរម្យ បានកោះហៅតំណាងពលរដ្ឋ១៨នាក់ រួមមានលោក ឈឹម សាផាន, អ្នកស្រី រុន ភាព, លោក ជុំ ឈឺន, អ្នកស្រី ជុំ ស្រីនៅ, អ្នកស្រី កុយ យឿន, អ្នកស្រី ជឹម ផន, អ្នកស្រី ផល ឆិន, អ្នកស្រី លុយ ស្រីពណ៌, អ្នកស្រី ណុប ស្រីផា, អ្នកស្រី ភាព តេង និងតំណាងពលរដ្ឋផ្សេងទៀតឱ្យចូលបំភ្លឺនៅក្នុងខែមីនា ឆ្នាំ២០២២នេះជាបន្តបន្ទាប់ ក្រោមបទចោទដូចគ្នាគឺ «បានបង្កចលាចល និងធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ» ក្នុងភូមិសាស្ត្រខេត្តកោះកុង។
លោក ឈឹម សាផាន ដែលអះអាងថាជាតំណាងពលរដ្ឋជិត១ ០០០គ្រួសារ (៨៤៣) ប្រាប់វីអូឌីថា នៅថ្ងៃព្រហស្បតិ៍នេះ អ្នកភូមិប្រហែល២០០នាក់បានប្រមូលផ្ដុំឈរលើកបដានៅសាលាដំបូងខេត្តកោះកុង ដើម្បីគាំទ្រនិងទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពួកគេ ខណៈតំណាងពលរដ្ឋពីរនាក់ មានអ្នកស្រី ជុំ ស្រីនៅ និងអ្នកស្រី ភាព តេង ចូលបំភ្លឺចំពោះមុខតុលាការផងដែរ។
តំណាងពលរដ្ឋ លោក ឈឹម សាផាន ដែលកំពុងជាប់បណ្ដឹងនៅតុលាការដែរនោះ បានចាត់ករណីតុលាការកោះហៅរូបលោក និងតំណាងពលរដ្ឋផ្សេងទៀតនេះ ថាជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងមិនឱ្យពលរដ្ឋហ៊ានចេញតវ៉ាដីធ្លីទៀតតែប៉ុណ្ណោះ។ លោកថា ពួកគាត់បានបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក ដោយអាជ្ញាធរមិនបានដោះស្រាយ និងបានប្ដឹងពួកគាត់ទៅតុលាការថែមទៀត។
លោកបន្ថែមថា៖ «យកដីពួកគាត់ហើយ ប្ដឹងពួកគាត់ទៅតុលាការថែមទៀត។ សួរថាវាយុត្តិធម៌ឬអយុត្តិធម៌? អ៊ីចឹងរដ្ឋាភិបាលធ្វើរាល់ថ្ងៃដើម្បីអី? គ្រប់ប្រជាពលរដ្ឋរងគ្រោះដូចៗគ្នា អត់មានអ្នកណាកេណ្ឌមនុស្ស អត់មានអ្នកណាញុះញង់ពលរដ្ឋណាម្នាក់ទៅផ្ដុំគ្នាធ្វើបាតុកម្ម ឬក៏ធ្វើនយោបាយទេ។ នេះយើងធ្វើដើម្បីទាមទារឆ្នាំងបាយយើងដែលបាត់បង់ប៉ុណ្ណោះ»។
តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី ជុំ ស្រីនៅ ដែលត្រូវចូលបំភ្លឺនៅម៉ោង២រសៀលនេះ និយាយថា អ្នកស្រីបានត្រៀមខ្លួនរួចហើយសម្រាប់ការចូលបំភ្លឺចំពោះមុខតុលាការ។ អ្នកស្រីថា អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ដោយថា អ្វីដែលអ្នកស្រី និងពលរដ្ឋកំពុងតវ៉ានោះ គឺគ្រាន់តែទាមទារដីធ្លីរបស់ពួកគាត់ដែលក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ បានរំលោភយកកាលពីឆ្នាំ២០០៦ ដោយមិនបានដោះស្រាយសំណងសមរម្យតែប៉ុណ្ណោះ។
តំណាងពលរដ្ឋរូបនេះបន្តថា ពេលបានឆ្លើយតបជាមួយតុលាការ អ្នកស្រីនឹងស្នើដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ទាំង១៨នាក់ និងស្នើដល់តុលាការឱ្យចុះស្រាវជ្រាវនិងដោះស្រាយផលប៉ះពាល់ដីធ្លីជូនពលរដ្ឋ ដោយឈើគោលការណ៍យុត្តិធម៌និងតម្លាភាពផងដែរ។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំត្រៀមសំណូមពរទៅតុលាការទម្លាក់ចោលការចោទប្រកាន់លើតំណាងពលរដ្ឋមានជម្លោះដីធ្លី ពីព្រោះពួកគាត់ជាអ្នកបាត់បង់ដីធ្លីពិតប្រាកដមែន។ ហើយយើងក៏មិនបានញុះញង់ ឬធ្វើសកម្មភាពបង្កឱ្យប៉ះពាល់ដល់សង្គមដែរ។ តែរឿងនេះ តុលាការគាត់មិនបានដោះស្រាយជូនពលរដ្ឋទេ គាត់បែរជាចេញដីកាមកគំរាមកំហែង និងដាក់បន្ទុកមិនឱ្យពលរដ្ឋតវ៉ាទៅវិញ»។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលស្រុកបទុមសាគរ បានចេញសេចក្ដីជូនដំណឹងមួយ ដោយអះអាងថា ដីធ្លីដែលក្រុមពលរដ្ឋកំពុងតវ៉ានោះ ជាដីឯកជនរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សេចក្ដីជូនដំណឹងដដែលបន្តថា ពលរដ្ឋកំពុងតវ៉ាទាមទារយកដីរដ្ឋដោយខុសច្បាប់ ហើយអាជ្ញាធរស្រុកបទុមសាគរបានព្រមានចាត់វិធានការរដ្ឋបាលចំពោះពលរដ្ឋទាំងអស់នោះផងដែរ។
អភិបាលស្រុកបទុមសាគរ លោក ហាក់ ឡេង ប្រាប់វីអូឌីថា អាជ្ញាធរស្រុកមិនបានប្ដឹងតំណាងពលរដ្ឋទៅតុលាការនោះទេ។ លោកថា មានពលរដ្ឋ៣ក្រុមកំពុងតវ៉ាដីធ្លី ដោយអះអាងថា ក្រុមហ៊ុនរបស់លោក លី យ៉ុង ផាត់ រំលោភយក ស្របពេលក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកោះកុង បានចេញលិខិតបដិសេធមិនដោះស្រាយឱ្យជាច្រើនដងមកហើយ ដោយថា ក្រុមពលរដ្ឋទាំងនោះទទួលបានការដោះស្រាយពីអាជ្ញាធររួចជាយូរឆ្នាំមកហើយ។
មន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ធ្លាប់លើកឡើងថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លី មិនមែនជាដំណោះស្រាយនិងជាវិធីល្អដើម្បីឱ្យពលរដ្ឋឈប់តវ៉ាឡើយ ប៉ុន្តែផ្ទុយទៅវិញ វាបានធ្វើឱ្យពលរដ្ឋឈឺចាប់និងស្អប់អាជ្ញាធរទៅវិញទេ។
មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវច្បាស់លាស់ និងដោះស្រាយតាមនីតិវិធី ជាជាងប្រើប្រព័ន្ធតុលាការចាត់វិធានការលើពលរដ្ឋមានជម្លោះដីធ្លីបែបនេះ។
លោកបន្ថែមថា៖ «ដើម្បីកុំឱ្យប្រជាជនធ្វើការតវ៉ា ក៏ដូចជាការទាមទារផ្សេងៗ អ៊ីចឹងអាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ថាតើប្រជាពលរដ្ឋពិតជាប្រជាពលរដ្ឋរងគ្រោះពិតប្រាកដដែរឬក៏អត់? ពួកគាត់ពិតជាបានបាត់បង់ដីពិតប្រាកដមែនឬក៏អត់? ដើម្បីដោះស្រាយជូនពួកគាត់ទៅតាមផ្លូវច្បាប់ ឬក៏ធ្វើការសម្របសម្រួលណាមួយ។ ការប្រើប្រព័ន្ធតុលាការមកលើប្រជាពលរដ្ឋ វាកាន់តែធ្វើឱ្យប្រជាពលរដ្ឋមានកំហឹង និងខឹងមកលើអាជ្ញាធរបន្ថែមទេ»។
កាលពីថ្ងៃទី៨ ខែកុម្ភៈ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយការណ៍មួយដោយរកឃើញថា ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត២ម៉ឺនគ្រួសារ (១៧ ០៣៣) បានរងផលប៉ះពាល់ដោយសារវិវាទដីធ្លីដែលមានទំហំជាង៥០ ០០០ហិកតា (៥២ ៦០១,៨៧ហិកតា)។
អាដហុកឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លី១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីតុលាការ ខណៈជនរងគ្រោះ ១៧នាក់ទៀតកំពុងឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន៕