លោក ស ខេង ថា​​បច្ចុប្បន្ន​រក​ព្រៃឈើ​សម្រាប់​បាំង​ថ្ងៃ​មិន​បាន​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia)

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ដោយ​រម្លឹក​អំពី​ភាព​សម្បូរហូរហៀ​នៃ​ព្រៃឈើ​នៅ​កម្ពុជា​កាល​ពី​អតីតកាល ខណៈ​បច្ចុប្បន្ន លោកថា ព្រៃឈើ ដែល​ជា​ធនធាន​ធម្មជាតិ នៅសល់​តិចតួច​ប៉ុណ្ណោះ ដោយ​រក​តែ​ព្រៃ​សម្រាប់​បាំង​ថ្ងៃ​មិន​បាន។

ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពីធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

លោក ស  ខេង បានថ្លែងថា កាលពីដើមខេត្តបាត់ដំបង និងបណ្តាស្រុកមួយចំនួននៅតាមព្រំដែន សុទ្ធតែព្រៃឈើ  ប៉ុន្តែមកដល់បច្ចុប្បន្ន លោកថា ព្រៃឈើ ដែលជាធនធានធម្មជាតិ នៅសល់តិចតួចប៉ុណ្ណោះ។

លោកបន្តថា  ព្រៃឈើចាប់ពីស្រុកសំឡូតខេត្តបាត់ដំបង រហូតទៅដល់ព្រំប្រទល់ខេត្តកោះកុង កំពុងរងការទន្រ្ទាន។ ករណីនេះ លោកបានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ចុះទៅពិនិត្យមើលការទន្ទ្រាន និងការកាប់បំផ្លាញព្រៃឈើក្នុងស្រុកសំឡូត ក្នុងនោះ លោកណែនាំអាជ្ញាធរស្នើសុំឧទ្ធម្ភាគចក្រ (Helicopter) ណាមួយ ឬយន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីថតមើលពីខាងលើក្នុងតំបន់ព្រៃឈើ ដែលរងការទន្ទ្រាននោះ។

ជាមួយគ្នានោះ លោក ស ខេង ក៏បានរម្លឹកពីភាពសម្បូរហូរហៀនៃព្រៃឈើនៅកម្ពុជា កាលពីអតីតកាល។ លោកថា ព្រៃឈើពីមុនមើលមេឃមិនឃើញ មើលថ្ងៃមិនឃើញទេ តែឥឡូវនេះ រកន្លែងជ្រកបាំងថ្ងៃអត់បានដែរ។

លោកថា៖ «ធនធានធម្មជាតិឥឡូវសល់តិចតួចទេ។  យើងដឹងហើយបាត់ដំបង់មួយប៉ែក ហើយសុ្រក ថ្មីសុទ្ធតែព្រៃ ទោះមកទល់នឹងឆ្នាំ៩០ ជាងហើយ ​ក៏នៅព្រៃច្រើនដែរ ប៉ុន្តែឥឡូវអត់ទេ។ ពីមុន មើលមេឃមិនឃើញទេ មើលថ្ងៃមិនឃើញទេ ប៉ុន្តែឥឡូវរកកន្លែងជ្រកបាំងថ្ងៃអត់បាន​។ នៅសល់ខ្លះមួយជួរសំឡូត ​ទៅជាប់នឹងកោះកុង ប៉ុន្តែកំពុងតែមានការទន្ទ្រាន​»

មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន បានចាត់ទុកថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាក់ផ្ទុយពីក្រសួងបរិស្ថានដែលតែងតែច្រានចោលរបាយការណ៍របស់អង្គការសង្គមស៊ីវិល និងសហគមន៍ដែលរកឃើញពីបទល្មើសធនធានធម្មជាតិ។ យ៉ាងណា លោកចាត់ទុកប្រសាសន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងបង្ហាញក្ដីបារម្ភអំពីវិនាសសកម្មព្រៃឈើនៅកម្ពុជា។ មួយវិញទៀត លោកថា ការថ្លែងរបស់លោក ស ខេង ក៏ជាការរំលឹកទៅអាជ្ញាធរឱ្យពង្រឹងការទប់ស្កាត់ផងដែរ។

លោកថា៖ «ខ្ញុំឆ្ងល់ក្រសួងបរិស្ថានដែលធ្វើកិច្ចការងារទៅលើវិស័យព្រៃឈើនៅកម្ពុជា ហេតុអ្វីបានជាក្រសួងបរិស្ថានមើលមិនឃើញពីវិនាសសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា បែរជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃគាត់អ្នកមើលឃើញអំពីបញ្ហាវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជាទៅវិញ។ អ៊ីចឹងពួកគាត់ធ្វើការរបៀបម៉េចបានជាពួកគាត់មិនដឹងបញ្ហាហ្នឹង»

លោក អូត ឡាទីន បន្តថា បើសិនជារដ្ឋាភិបាលមើលឃើញអំពីវិនាសកម្មព្រៃឈើហើយ ប៉ុន្តែមិនមានវិធានការតឹងរឹងទប់ស្កាត់ទេ លោកថា ព្រៃឈើនៅកម្ពុជានឹងបាត់បង់អស់ឆាប់ៗ ខណៈសង្គមស៊ីវិល និងសហគមន៍ដែលសកម្មក្នុងការការពារធនធានធម្មជាតិនៅតែត្រូវបានក្រសួងបរិស្ថាន និងអាជ្ញាធររារាំងក្នុងការចុះល្បាតនោះ។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានកាលពីខែកញ្ញា ឆ្នាំ២០២១ថា នៅក្នុងឆ្នាំ១៩៦៥ ផ្ទៃដីកម្ពុជាចំនួន ៧៣% គ្របដណ្តប់ដោយព្រៃឈើ ប៉ុន្តែមកដល់ត្រឹមឆ្នាំ២០១៨ ព្រៃឈើបានថយមកនៅសល់ក្រោម ៤៧% ប៉ុណ្ណោះ។ ដោយឡែក បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​​ ចេញផ្សាយកាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​នេះវិញ បាន​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​លើ​​ផ្ទៃដីកម្ពុជា​​ជាង ៦ ០០០​​ហិកតា ​បាន​រង​នូវ​ការ​​កាប់​​បំផ្លាញ​នៅ​តំបន់​ការពារ​ព្រៃឡង់ និង​​ព្រៃ​ព្រះ​រកា​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ