គណបក្សភ្លើងទៀន​នៅ​ស្រុកក្រឡាញ់ ចោទ​មេឃុំ​បក្សកាន់អំណាច​ថា​រារាំង​ការលើកផ្លាក

មន្ត្រីមូលដ្ឋានរបស់គណបក្សភ្លើងទៀន ជជែកវែកញែកជាមួយមេឃុំក្រឡាញ់ ពាក់ព័ន្ធនឹងការលើកផ្លាកគណបក្សភ្លើងទៀន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

តំណាងគណបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប ចោទ​មេឃុំក្រឡាញ់​ មកពីគណបក្ស​​ប្រ​​​ជាជ​ន​កម្ពុជា ថា​បាន​បិទ​សិទ្ធិ​សេរី​​ភាព​គណបក្សក្រៅរដ្ឋាភិបាលមួយ​នេះ មិនឱ្យ​​លើក​​​ផ្លាក​​គណ​​បក្ស​​ក្បែ​រ​​ផ្លូវសាធារណៈ។

ប្រធានក្រុមការងារគណបក្សភ្លើងទៀន​ប្រចាំខេត្តសៀមរាប លោក សុខ គឹមសេង បានប្រាប់​ វីអូឌី នៅថ្ងៃ​ចន្ទ​នេះថា កាល​​​ពី​​​ថ្ងៃ​ទី​១២ ខែមីនា ​​​គណ​​បក្សភ្លើងទៀន បាន​​​​​សម្រេច​​ចិត្ត​លើកផ្លាក​​គណ​​បក្ស​នៅមុខ​​ដីឡូត៍មួយកន្លែងដែលជាកម្មសិទ្ធិ​របស់សកម្ម​​ជន​​គណបក្ស​​ភ្លើង​​​ទៀន ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​​លេខ​​៦អា ក្នុងឃុំក្រឡាញ់ ​​ស្រុក​​​​ក្រឡាញ់​​​ ខេត្ត​​សៀម​រាប។

លោក​បន្តថា នៅពេលដែលលើកផ្លាកនោះ ស្រាប់តែមេឃុំ​​ក្រ​ឡាញ់មកពីគណបក្សកាន់អំណាច លោក ដោ វឿ ​បាន​​ចុះ​ទៅ​រារាំ​ង ដោយថា ពួកគេលើកផ្លាកខុសទីតាំង។

លោកបន្តថា៖ «គាត់[មេឃុំ]តម្រូវ​ឱ្យយើង​ដាក់ចូលក្នុង​ចូល​អ៊ីចឹង​ទៅ។ ប៉ុន្តែរូ​បភា​ពជា​ក់ស្ដែង ​យើង​ដាក់​ចូល​ក្នុង​ចំណីផ្លូវទេ ហើយឆ្ងាយពីផ្លូវ»។

លោក សុខ គឹមសេង បាន​ចាត់​ទុកការរារាំងលើកផ្លាកគណបក្សនេះ ថា​ជា​ចេតនា​នយោបាយ បង្កឡើង​​ដោយ​​​​​អាជ្ញាធរនៅ​ថ្នាក់​​​​មូលដ្ឋាន ដែល​​មានបំណងមិនចង់​​ឱ្យគណ​​បក្ស​​ភ្លើង​​​ទៀនមាន​​​ឱកាស​ក្នុងការ​ចូលរួម​ការ​បោះ​​ឆ្នោតឃុំសង្កាត់​​ខាង​​មុខ​នេះ។​​

បើតាមលោក សុខ គឹមសេង ការលើកផ្លាកគណបក្សនយោបាយនៅតាមទីសាធារណៈនេះ មិន​​មែន​​មាន​​តែគណបក្សភ្លើងទៀនមួយទេ ពោលគឺមានគណបក្សនយោបាយច្រើនណាស់ រួមទាំង​​គ​​ណ​​​បក្សប្រជាជនកម្ពុជាខ្លួនឯងផង។

ឆ្លើយតបចំពោះការចោទប្រកាន់នេះ មេឃុំក្រឡាញ់​ លោក ដោ វឿ ទទួល​ស្គាល់​ថា អាជ្ញាធរ​មូល​ដ្ឋានពិត​ជា​បានចុះទៅហាមឃាត់​ការលើកផ្លាកគណបក្ស​​នេះ​​មែន​។ ប៉ុន្តែលោកថា បញ្ហានេះ ភាគី​ទាំង​ពីរបាន​ដោះស្រាយ​​​បញ្ចប់​ការខ្វែងគំនិតគ្នារួចអស់ហើយ មក​​ដល់​​ពេល​​នេះ។

បើតាមលោក ដោ វឿ នេះមិនមែនជាការរឹតត្បិតសេរីភាព​នៃការធ្វើសកម្មភាព​​នយោ​​បាយ​​​អ្វីនោះទេ ប៉ុន្តែ​គ្រាន់តែមានការយល់ច្រឡំគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។

លោកបន្តថា៖ «ខ្ញុំមិនមែនចង្អៀតចង្អល់អីទេ។ ​ក្រោយមក គាត់បានសួរខ្ញុំលើក​របៀប​ម៉េច ​រួច​ខ្ញុំ​ថា​បើ​​​លើ​​ក​រួចទៅហើយ មិនដឹងធ្វើម៉េច! ខ្ញុំក៏ហីទៅ មិនដឹងធ្វើម៉េច​។ ខ្ញុំមិនមែនថា ​វាប្រកាន់អញ្ចេះ​​អ​​ញ្ចុះ​​​​​​អីទេ»។

តាមរយៈវីដេអូ​ឃ្លីបដែលវីអូឌី​ទើបទទួលបាននៅថ្ងៃ​ចន្ទនេះ បង្ហាញពីសកម្មភាព​នៃការចុះទៅ​​រា​​រាំង​ការលើកផ្លាកគណបក្សរបស់មេឃុំ លោក ដោ វឿ អមជាមួយកម្លាំង​​ប្រជា​​ការពារ​​ភូមិ​​​ផង​​។​​ នៅក្នុងវីដេអូឃ្លីប ភាគីទាំងពីរបានប្រកែកគ្នារកត្រូវរៀងខ្លួន។

នាយកប្រតិបត្តិ​អង្គការនិចហ្វិក លោក សំ គន្ធាមី បញ្ជាក់ថា ការធ្វើដូច្នេះរបស់អាជ្ញាធរមូលដ្ឋាន បង្ហាញពីភាពមិនទាន់មានភាពចាស់ទុំខាងផ្នែកនយោបាយ។ មួយវិញទៀត លោកថា នេះ​ជា​ការ​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​​​​កា​​​​ររំលោភអំណាចធ្ងន់ធ្ងរ នៅមុនថ្ងៃបោះឆ្នោតមកដល់។

បើតាមលោក សំ គន្ធាមី ប្រសិន​​បើ​​ស​​កម្ម​​​ភាព​នៅតែបន្តរបៀបនេះទៀតនៅតាមមូល​ដ្ឋាន នោះ​នឹង​ជំរុញ​​ឱ្យមានការរិះគន់កាន់តែច្រើនអំពីដំណើរការ​នៃការ​បោះឆ្នោតនា​ពេល​​ខាង​​​មុខនេះ។

លោកបន្តថា៖ «អត់ទេ! គេអនុញ្ញាតឱ្យដាក់​ផ្លាកគណបក្សនយោបាយហ្នឹង​នៅ​តំបន់​សាធារណៈ​ តាម​មាត់​ថ្នល់​មាត់អីហ្នឹង។ យើងឃ្លាំមើល ឃើញគណបក្សប្រជាជន​​កម្ពុជា គេដាក់បានគ្រប់​​តែគ្នា​ហ្នឹង​! ហើយ​អ៊ិលឌីភី​អី គេ​ដាក់បាន​​គ្រប់តែគ្នាតើ!​​ នេះយើង​​មើលក៏យើង​​ដឹងដែរ។ វាមាន​ទៅប៉ះ​​ពាល់​​អី ដូចយើងឃើញស្រាប់ហើយ គេដាក់គ្រប់តែគណបក្សហ្នឹង រឿងលើកផ្លាកនេះ»។

តំណាងគណបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប លោក សុខ គឹមសេង បញ្ជាក់ថា គណបក្ស​​ក្រៅ​​រដ្ឋា​​ភិបាលមួយនេះបានដាក់បញ្ជីបេក្ខភាពមេឃុំ-ចៅសង្កាត់ ដែលបម្រើឱ្យការបោះឆ្នោតឃុំ​​សង្កាត់​​ខាង​​មុខនេះ បានទាំង១០០ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់សរុប​នៅទូទាំងខេត្តសៀមរាប​​។​​ ប៉ុន្តែ លោក​​អះអាងថា ថ្វីត្បិតបញ្ជីបេក្ខភាពមេឃុំ-ចៅសង្កាត់ ត្រូវបាន​​​ស្ថា​ប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតទទួល​ស្គាល់​ជាផ្លូវការហើយក្ដី ក៏​រូបភាពនៃការគំរាមកំហែង បំភិត​​បំ​​ភ័យ និង​ទិញ​ទឹក​ចិត្ត​បេក្ខភាព​ដែល​ឈរ​ឈ្មោះឱ្យគណបក្សភ្លើងទៀន នៅតែបន្តកើត​​មាន​​ជារៀង​​រាល់​​ថ្ងៃ។

ជុំវិញការលើកផ្លាកគណបក្សនយោបាយនៅតាមទីសាធារណៈឬកន្លែងឯកជននេះ គណៈ​​កម្មា​​ធិការជាតិរៀបចំការបោះឆ្នោតបានជូនដំណឹងគ្រប់អាណត្តិនៃការបោះឆ្នោត​ ឱ្យសហការ​​គ្នារវាង​​អាជ្ញា​​ធរ​​​មូល​​ដ្ឋាន និងសាម៉ីគណបក្ស ដើម្បី​ចៀសវាងបាតុភាពណាមួយ​​កើតឡើង ដែល​នាំ​ឱ្យ​មាន​ជម្លោះ​​​នយោ​​​បាយ​​។ បើតាម​តាមរយៈសេចក្ដីជូនដំណឹងរបស់​ គ.ជ.ប គណបក្សនយោបាយនីមួយៗអាច​មានសិទ្ធិ​លើក​ផ្លាក​គណបក្សរ​បស់​ខ្លួន​បាន ទាំងនៅទីសាធារណៈ និងទីកន្លែងឯកជន ទៅ​​តាម​​លំដាប់​មុន-ក្រោយ ឬមានការយល់ព្រមពីម្ចាស់ទីតាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ