បុគ្គលិក​និង​អតីត​បុគ្គលិក​អាដហុក​៥រូប​នឹង​ចូល​សវនាការ​លើ​សំណុំ​រឿង​សូកប៉ាន់​សាក្សី​នៅចុងខែនេះ

អតីតមន្រ្តីអាដហុកលោក នី ចរិយា (ឆ្វេង) និងមន្ត្រីការពារសិទ្ធិមនុស្សអាហុក លោក ណៃ វ៉ង់ដា (កណ្ដាល) លោក យី សុខសាន្ត (ស្ដាំ)

បុគ្គលិក​ និងអតីត​បុគ្គលិក​សមាគម​អាដហុកចំនួន៥នាក់ ប្រកាសពីការចូលរួម​សវនាការ​សាលាឧទ្ធរណ៍រាជធានីភ្នំពេញ​ ទៅតាមដីកាកោះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុង​សំណុំ​រឿង​​សូក​ប៉ាន់សាក្សី។

សេចក្ដីប្រកាសព័ត៌មានរបស់សមាគម​​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ ហៅ​កាត់​ថា អាដហុក នៅថ្ងៃអង្គារនេះ បាន​ឱ្យដឹងថា ​បុគ្គ​លិក​​សមាគម​​អាដ​ហុក​ចំនួន​​៣​រូប​ រួម​មាន​ លោក ​នី​ សុខា​ លោក យី សុខសាន្ត និង​​លោក​ស្រី លឹម មុន្នី និង​អតីត​បុគ្គ​លិក​អាដ​ហុក​២​​រូប​​ទៀត ​គឺ​លោក ណៃ វ​ង់ដា និង​លោក នី ចរិយា ​នឹង​​​ចូល​​រួម​សវ​នា​ការ​សា​លា​ឧទ្ធរណ៍​រាជធានី​ភ្នំ​ពេញ​ នៅថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ២០២២​ របស់​មហា​អយ្យ​ការ​អម​សា​លា​ឧទ្ធរណ៍រាជធានី​​ភ្នំពេញ​ ដើ​ម្បី​ជំនុំ​ជម្រះពី​បទ​ “អំ​ពើ​សូក​ប៉ាន់​សា​ក្សី”។

កាល​ពី​ថ្ងៃ​ទី​​២៣ ​ខែ​តុ​លា ​ឆ្នាំ​២០១៨​ អ្នក​ទាំង​៥​រូប​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍ ​ដោយ​មិន​សុខ​ចិត្ត​ទៅ​នឹង​សាល​ក្រម​ព្រហ្ម​ទណ្ឌ ចុះ​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា ​ឆ្នាំ​២០១៨​ របស់​សា​លា​ដំ​បូង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​សម្រេច​ផ្ដន្ទា​ទោស​ពួក​គេ​ដាក់​ពន្ធ​នា​គារ​ ម្នាក់ៗ​កំ​ណត់​៥​​ឆ្នាំ​ ដោយ​ត្រូវ​អនុ​វត្ត​ក្នុង​ពន្ធ​នា​គារ​រយៈ​ពេល​១៤​​ខែ ​និង​សល់​ប៉ុន្មាន​​ព្យួរ​ ពី​បទ ​“សូក​ប៉ាន់​សា​ក្សី”​ ក្នុង​សំណុំរឿង​ «នាង ខុម ចាន់តារាទី» ហៅ «ស្រីមុំ»។

អ្នក​ទាំង​៥រូប​ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គ​ភាព​ប្រ​ឆាំង​អំពើ​ពុករ​លួយ​​ កាល​ពី​ថ្ងៃ​ទី​​២៧​ ខែ​មេ​សា​ ឆ្នាំ​២០១៦​ ពី​បទ​ “សូក​ប៉ាន់​សាក្សី​” តាម​មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គា​ព្រៃ​ស ​”ម១”​  នៅ​ថ្ងៃ​ទី​០១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែ​មិ​ថុ​នា ​ឆ្នាំ​២០១៧​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ