អាជ្ញាធរ​រារាំង​អ្នកភូមិ​មិន​ឱ្យ​ទៅ​ដាក់ញត្តិ​នៅ​សាលាខេត្ត​ព្រះវិហារ ដើម្បី​រក​ដំណោះស្រាយ​ដីធ្លី

ពលរដ្ឋដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ចិន «ហេង​ហ៊្វូ គ្រុប ស៊ូ​ហ្គឺរ អីន​ដាស្ទ្រី (Hengfu Group Sugar Industry)» ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធររារាំងមិនឱ្យទៅដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តព្រះវិហារ បាន​រារាំងអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន មិនឱ្យទៅដាក់ញត្តិនៅសាលាខេត្ត​ ដើម្បី​សុំអន្តរាគមន៍ពីអភិបាលខេត្ត​ជួយដោះ​ស្រាយវិវា​ទ​ដីធ្លី ខណៈជម្លោះនោះអូសបន្លាយជិត១០ឆ្នាំមក​ហើយ។

លោក សឿន ថា​ ដែលអះអាងថាជាប្រធានសហគមន៍ប្រើសក្អក បានប្រាប់ វីអូឌី ថាអ្នកភូមិប្រហែល២០០នាក់ មកពី៧សហគមន៍​ ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​​ចិន «ហេង​ហ៊្វូ គ្រុប ស៊ូ​ហ្គឺរ អីន​ដាស្ទ្រី (Hengfu Group Sugar Industry)» ស្ថិតក្នុងខេត្តព្រះវិហារ នៅថ្ងៃអង្គារនេះ បាន​នាំគ្នាជិះ​គោយន្ត​ទៅ​ដាក់ញត្តិ​នៅ​សាលាខេត្តព្រះវិហារ ដើម្បីសុំឱ្យអភិបាលបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ជួយដោះ​ស្រាយ​ដីធ្លី ប៉ុន្តែត្រូវរារាំងដោយអាជ្ញាធរស្រុកត្បែងមានជ័យ។

ប្រធាន​សហគមន៍​រូបនេះបានបង្ហាញការខកចិត្តចំពោះអាជ្ញាធរដែលមិនបានជួយរកដំណោះស្រាយវិវាទដីធ្លី និងបានរារាំងពួកគាត់មិនឱ្យទៅជួបអភិបាលខេត្តថែមទៀត។

លោកបន្ថែមថា៖ «ខ្ញុំគិតថា វាហាក់បីដូចជាអយុត្តិធម៌សម្រាប់ពួកខ្ញុំមែនទែន ព្រោះពួកខ្ញុំជាជនរងគ្រោះបាត់បង់ដីធ្លីដោយសារក្រុមហ៊ុនរំលោភយក ហើយពួកខ្ញុំឡើងទៅនេះ ដើម្បីសុំឱ្យអភិបាលខេត្តលោកជួយដោះស្រាយ ប៉ុន្តែ​បែរជាសមត្ថកិច្ចលោកចុះមក​រារាំង​ពួកយើងទៅវិញ។ ខ្ញុំមានការខកចិត្តចំពោះពួកគាត់ជា​ខ្លាំង»

តំណាងសហគមន៍សម្បូរ លោក ផាន់ វណ្ណធី និយាយថា អ្នកភូមិ​មិន​​បាន​​​ទៅ​​បង្ក​​បញ្ហា​អ្វី​នោះ​ទេ ដោយ​​ពួកគាត់​គ្រាន់តែទៅដាក់ញត្តិសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍កាត់ឆ្វៀលដីសហគមន៍ និង​​ដីអាស្រ័យ​​ផល​​របស់​​ពួកគាត់ ចេញ​ពីដី​របស់​ក្រុម​ហ៊ុន​តែប៉ុណ្ណោះ។

តំណាងសហគមន៍រូបនេះលើកឡើង​ថា អ្នកភូមិខ្លះបាន​ចូល​ទៅ​អាស្រ័យ​ផល​លើដី​របស់​ខ្លួន​ទាំង​ភ័យ​ខ្លាច និង​ខ្លះទៀត​​ខកខានចូល​អាស្រ័យ​ផល​ជា​ច្រើន​ឆ្នាំ​ហើយ ក្រោយក្រុមហ៊ុនប្ដឹងពលរដ្ឋទៅតុលាការ។

លោកបន្ថែមថា៖ «ចង់ឱ្យគាត់ [អភិបាលខេត្ត]​ កាត់ឆ្វៀល​ឱ្យពួកយើង ​កុំឱ្យយើង​ធ្វើអាស្រ័យ​ផល​ទាំង​ភ័យ​ខ្លាច។ សព្វថ្ងៃ អ្នកខ្លះបានធ្វើ អ្នកខ្លះក៏អត់ វា[ក្រុមហ៊ុន]មិនទាន់ប្រគល់ឱ្យយើងធ្វើពេញសិទ្ធិអីណា»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាល​ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និង​ស្នងការនគរបាលខេត្តព្រះវិហារ លោក សួស​ សុខដារ៉ា បានទេ នៅថ្ងៃអង្គារនេះ ខណៈ​លោកស្រី នួន វលក្ខណ៍ នាយក​រង​រដ្ឋ​បាល​សាលា​ខេត្ត​ព្រះវិហារ បដិសេធអត្ថាធិប្បាយ។

មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ ចាត់​ទុក​ករណី​អាជ្ញាធររារាំងពលរដ្ឋមិនឱ្យទៅដាក់ញត្តិ​​នេះ ថាជា​ការ​រឹត​ត្បិត​សិទ្ធិសេរីភាពបញ្ចេញមតិ និង​សិទ្ធិ​ដាក់ពាក្យ​បណ្ដឹងរបស់​ពលរដ្ឋ ដែលទង្វើនេះធ្វើឡើងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា។

លោកបន្ថែមថា៖ «អាជ្ញាធរគាត់គួរណាតែរកដំណោះស្រាយជូនពលរដ្ឋ​ ជាពិសេស​រឿង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃមួយ​នេះ​មិនត្រូវបានដោះស្រាយទេ។ អាជ្ញាធរគួរណា​ហៅ​ភាគី​ពាក់​ព័ន្ធ​មក​ចរចា​រក​ដំណោះស្រាយ​ ជា​ជាងរារាំង​ពួក​គាត់បែ​ប​នេះ»

ក្រុមហ៊ុន​​ចិន ហេងហ៊្វូ​ គ្រុប ស៊ូហ្គឺរ អីន​ដាស្ទ្រី តំណាងឱ្យក្រុមហ៊ុនចំនួន៥ មាន​ក្រុម​ហ៊ុន ​ឡាន​ហ្វេង, ក្រុមហ៊ុន រូយ​ហ្វេង, ក្រុម​ហ៊ុន ​ហេង​ណុង, ក្រុម​ហ៊ុន ​ហេង​យូ និងក្រុមហ៊ុន​ ហេង​រូយ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជាង៤ម៉ឺនហិកតា​ពីរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំ២០១១ ដើម្បី​ដំណើរ​ការ​ឧស្សាហកម្ម​ស្ករស​នៅ​ខេត្ត​​ព្រះ​វិហារ ដោយ​បង្ក​ឱ្យមាន​ជម្លោះដីធ្លី​ជាមួយ​ពលរដ្ឋចំនួន​៣ស្រុក រួម​មាន ​ស្រុក​ឆែប ស្រុក​ត្បែង​មានជ័យ និងស្រុក​រវៀង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ