សង្គមស៊ីវិល​ប្រារព្ធ​ទិវា​ព្រៃឈើ​ពិភពលោក ដើម្បី​ការពារ​ឱ្យ​រួចផុត​ពីការ​ធ្វើអាជីវកម្ម​ខុសច្បាប់

រថយន្តដឹកឈើដឹកជញ្ជូនឈើនៅក្នុងព្រៃឡង់ខេត្តក្រចេះ កាលពីដើមឆ្នាំ ២០១៩។ (អ៊ូច ឡេង)

អង្គការសង្គមស៊ីវិល សមាគម រួមទាំងសហគមន៍មូលដ្ឋាន នាំគ្នាប្រារព្ធ​ទិវាព្រៃឈើពិភពលោក ឆ្នាំ២០២២ ​ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការចូលរួមការពារព្រៃឈើ ធនធានធម្មជាតិ ឱ្យរួចផុតពីការកាប់បំផ្លាញនិងធ្វើអាជីវកម្មដោយខុសច្បាប់​ ខណៈព្រៃឈើបច្ចុប្បន្នប្រឈមការបាត់បង់កាន់តែខ្លាំង។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច បាននាំគ្នាប្រារព្ធកម្មវិធីទិវាព្រៃឈើពិភពលោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី៣០​ ខែដដែលនេះ ក្រោមប្រធានបទ ស្ដីពី “យើងមានសិទ្ធិចូលរួមការពារព្រៃឈើ ដើម្បីជីវិតនៅលើភពផែនដី”

លោក គឹមហុង បញ្ជាក់ថា កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងចូលរួមព្រៃឈើប្រកបដោយនិរន្តរភាព ការកៀរគរប្រជា​សហគមន៍ យុវជន ដើម្បីចូលរួមក្នុងកិច្ចការពារព្រៃឈើ ធនធានធម្មជាតិ ឱ្យរួចផុតពីការកាប់បំផ្លាញ និងការធ្វើអាជីវកម្មខុសច្បាប់។ លើសពីនេះ ស្នើឱ្យក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន គោរពសិទ្ធិក្នុងការចូលរួមការពារព្រៃឈើនិងធនធានធម្មជាតិ ដោយបញ្ឈប់ការរារាំងសកម្មភាពប្រជាពលរដ្ឋ យុវជន និងសង្គមស៊ីវិល ​ដែលមានបំណងចូលរួម​ការពារធនធានធម្មជាតិ​។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍បន្ថែមថា ការប្រារព្ធទិវាព្រៃឈើពិភពលោក ឆ្នាំ២០២២ មាន៣ទម្រង់ រួមមាន ទីមួយ ធ្វើតាមរយៈបណ្ដាញសង្គម ទីពីរ លោកថា មានជួបជុំគ្នាដោយផ្ទាល់នៅតាមសហគមន៍ ដោយមានមនុស្សជាង៤០០នាក់ និងទីបី ស្នើសុំជួបថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដើម្បីជជែកពីបញ្ហាប្រឈមរបស់សង្គមស៊ីវិលនិងប្រជាសហគមន៍ជាមួយអាជ្ញាធរ ដោយសារតែធ្វើការងារមិនចុះសម្រុងគ្នា ពាក់ព័ន្ធនឹងការចុះទប់ស្កាត់បទល្មើសព្រៃឈើនិងធនធានធម្មជាតិកន្លងមក។

លោកមានប្រសាសន៍ថា៖ «យើងដឹងហើយ កន្លងមក សង្គមស៊ីវិល សហគមន៍មូលដ្ឋាន មិនអាចចូលរួមសកម្មភាពទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិបានទេ»។

លោកបន្ថែមថា៖ «ដូច្នេះ ក្នុងឱកាសទិវាព្រៃឈើពិភពលោកឆ្នាំ២០២២នេះ ពួកយើងស្នើសុំជួបជជែកជាមួយក្រសួងបរិស្ថាន ដើម្បីស្វែងរកមធ្យោបាយរួម ធ្វើយ៉ាងណាដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា។ ហើយយើងចង់ដឹងថា តើហេតុអ្វីក្រសួងបរិស្ថានរឹតត្បិតសេរីភាពសហគមន៍មូលដ្ឋានមិនឱ្យចូលរួមការពារព្រៃឈើ»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា​ បានទេ នៅរសៀលថ្ងៃទី១៥ ខែមីនានេះ។

ក្នុងពីធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តសម្រាប់ឆ្នាំថ្មី របស់រដ្ឋបាលខេត្តបាត់ដំបង កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ថ្លែង​ដោយ​រម្លឹក​អំពី​ភាព​សម្បូរហូរហៀ​រនៃ​ព្រៃឈើ​នៅ​កម្ពុជា​កាល​ពី​អតីតកាល ខណៈ​បច្ចុប្បន្ន លោកថា ព្រៃឈើនៅសល់​តិចតួច​ប៉ុណ្ណោះ ដោយ​រក​តែ​ព្រៃ​សម្រាប់​បាំង​ថ្ងៃ​មិន​បានផង។

បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​​ ចេញផ្សាយកាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​ បាន​បង្ហាញ​​​ថា ក្នុ​ង​ឆ្នាំ​២០២១ ព្រៃឈើ​​​លើ​​ផ្ទៃដីកម្ពុជា​​ជាង៦ ០០០​​ហិកតា បាន​រង​នូវ​ការ​​កាប់​​បំផ្លាញ​ នៅ​តំបន់​ការពារ​ព្រៃឡង់ និង​​ព្រៃ​ព្រះ​រការ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុករលួយ​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។

ជាមួយគ្នានេះ ក្នុងសេចក្ដីថ្លែងការណ៍របស់សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ក្នុងឱកាស ទិវាព្រៃឈើអន្តរជាតិ ២១ មីនា ឆ្នាំ២០២១  បញ្ជាក់ថា មានមូលហេតុចម្បងមួយដែលធ្វើឱ្យ​ព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» រងការវិនាសបន្ថែមទៀត គឺការហាមឃាត់មិនឱ្យប្រជាសហគមន៍ចូលរួមការពារតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ