បេក្ខភាព​មេឃុំ​ចៅសង្កាត់​បក្ស​កម្ពុជានិយម​ត្រូវ​បាន​ផ្ដល់​សុពលភាព ក្រោយ​មាន​ភាព​ចម្រូងចម្រាស

បុរសម្នាក់ពាក់អាវគណបក្សកម្ពុជានិយម។ (ហ្វេសប៊ុក​៖ គណបក្សកម្ពុជានិយម-Kampucheaniyum Party)

គណៈកម្មាឃុំសង្កាត់រៀបចំការបោះឆ្នោត​ ប្រចាំខេត្តព្រៃវែង បានផ្ដល់សុពលភាព​​ចំពោះ​​បេក្ខ​​ភាព​​​មេឃុំ-ចៅសង្កាត់ដែលឈរឈ្មោះឱ្យ «គណបក្សកម្ពុជា​​និយម» រួចហើយ បន្ទាប់ពីមាន​​ភាពចម្រូង​​​ចម្រាសរឿងឈរឈ្មោះជាបេក្ខភាពមេឃុំចៅ-សង្កាត់កន្លងមក។

ប្រធានគណបក្សកម្ពុជានិយម ប្រចាំខេត្តព្រៃវែង លោក ស៊ុំ ជុន ប្រាប់ វីអូឌី នៅថ្ងៃអង្គារ​​នេះ​​ថា បេក្ខ​​ភាពដែលឈរឈ្មោះជាមេឃុំ-ចៅសង្កាត់ ទាំង៦រូប ត្រូវបានគណៈកម្មការ​ឃុំសង្កាត់រៀប​​ចំ​​ការ​​​​បោះ​​ឆ្នោត ខេត្ត​​​ព្រៃវែង ផ្ដល់សុពលភាពរួចរាល់​ហើយ​​​​​​​។

ការទទួល​​​ស្គាល់​​ជាបេក្ខ​​​ភាព​​មេ​​​ឃុំ​​​-ចៅសង្កាត់នេះ ត្រូវបាន​លោក ស៊ុំ ជុន អះអាងថា នៅ​​បន្ទាប់​ពីមានការសម្របសម្រួល និងអង្កេត​​​ដោយ​ម៉ត់ចត់ ទៅលើ​​​បណ្ដឹង​​​ជំទាស់​​ពីតំណាង​​ពល​​រដ្ឋ ពីគណៈកម្មការឃុំសង្កាត់រៀបចំការ​​បោះឆ្នោត។ ប្រភពដដែលបន្តថា នៅពេលនេះ គណៈកម្មការឃុំសង្កាត់ ​​រៀបចំការបោះឆ្នោត បាន​​ចេញ​​បណ្ណដែលជាប្រភេទទម្រង់ ១១​​០​​៨ សម្គាល់ជូនបេក្ខភាពដែលឈរឈ្មោះឱ្យ​​គណបក្ស​​កម្ពុ​​ជា​​និយមរួចរាល់ហើយ។

លោកបន្តថា៖ «តាំងពីមានប្រតិកម្មថ្ងៃហ្នឹងមក ឥលូវនេះស្ងាត់ឈឹងហើយ។ អ្នកខ្លះប្រាប់ថា ​​បើ​​​​​ខ្ញុំ​​មិនដកម៉េច បើខ្ញុំរកតែដេកមិនលក់ផង! មានគេតេ! ដល់ឥលូវនេះស្ងាត់ឈឹង។​​​ ពេល​នេះ​​​នៅ​​ដូចគោលការណ៍ដើមដដែលទេ។ តម្លាភាពវិញហើយ ស្ងាត់ឈឹង»។

កាលពីថ្ងៃទី៩ ខែមីនា មេឃុំស្ដីទី នៃឃុំ​​កន្សោ​ម​អក លោក វ៉ា សារឿន បានចេញលិខិត​​អ​​​ញ្ជើ​ញ​​​​តំណាងគណបក្ស​​​កម្ពុជានិយម ប្រចាំខេត្ត​​ព្រៃវែង លោក ថោ ចន្ធី និងលោក ស៊ុំ ជុន ឱ្យ​​ចូលខ្លួន​​ដោះ​​ស្រាយបណ្ដឹងដែលប្រជាពលរដ្ឋប្ដឹងសុំដកឈ្មោះចេញពី​​បញ្ជី​​បេក្ខ​​ជន​​​ឈរឈ្មោះបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់វិញ។

បេក្ខភាពដែលឈរឈ្មោះឱ្យគណបក្សកម្ពុជានិយម ទាំង៦នាក់ ដែលត្រូវរងបណ្ដឹង​​សុំដក​​ឈ្មោះ​ចេញនោះ រួមមាន លោក ឥត អ៊ាន មកពីភូមិព្រៃអណ្ដូង ឈរលេខរៀងទី៧, លោក ទៀប សាវ៉ុន នៅភូមិតាទាំង ឈរ​​លេខ​​រៀង​ទី៤, លោក ចាន់ រិទ្ធ ឈរលេខរៀងទី១០, លោក ឈិត ម៉ៅ ឈរលេខរៀងទី១៩, និងលោក សែម សុជា ឈរលេខរៀងទី៥ ដែលអ្នកទាំងបីរូបនេះ មកពីភូមិជ្រួល រួម​ទាំ​​ង​លោក ឌុក សេង នៅភូមិត្រពាំងរុន ឈរលេខរៀងទី៣។ ​បេក្ខ​​ជន​​ទាំង​​៦រូបនេះ រស់​​នៅ​​ក្នុង​​ឃុំ​កន្សោ​​ម​​អក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ