លោក​ ស​ ខេង​ ​ប្រាប់​អ្នក​ជំនាញ​UN​ថា​លោក​បាន​ជំរុញ​ឱ្យ​ដោះស្រាយ​វិវាទ​ណា​ហ្គាវើលដ៍​ហើយ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជួបប្រជុំពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា តាមប្រព័ន្ធវីដេអូនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។(ហ្វេសប៊ុក៖ លោក ស ខេង)

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ទៅអ្នករាយការណ៍ពិសេស​នៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា លោកកំពុងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈថ្នាក់ដឹកនាំសហជីពក្រុមហ៊ុននេះ ៨នាក់ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង  បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែមីនានេះថា ​លោកបានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយអ្នករាយការណ៍ពិសេសសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)។

លោក ស ខេង បន្តថា  ក្នុងជំនួបនាថ្ងៃអង្គារនេះ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន  បានលើកឡើងដោយផ្ដោតលើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែលោកបានប្រាប់ទៅអ្នករាយការណ៍ពិសេសវិញថា ពាក់ព័ន្ធនឹងវិវាទការងារក្រុមហ៊ុនល្បែងមួយនេះ រូបលោកបានអំពាវនាវ និងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចាដើម្បីឈានទៅរកដំណោះស្រាយ។

ជាមួយគ្នានេះលោកថា តុលាការក៏បានដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះ​អាសន្ន ហើយលោកនៅតែបន្តលើកទឹកចិត្ត​ឱ្យស្វែងរកការចរចា​បន្ថែមទៀត ​ដើម្បីឈានទៅបញ្ចប់ជម្លោះ​។

ទំព័រហ្វេសប៊ុក លោក ស ខេង សរសេរថា៖ «​ពេលនេះមានការដោះលែងអ្នកពាក់ព័ន្ធមួយចំនួនឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីស្វែងរកការចរចាបន្តក្រោមការសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយសម្ដេចក៏នៅតែបន្តលើកទឹកចិត្តនិងជំរុញឱ្យមានការចរចាដើម្បីឈានទៅបញ្ចប់បញ្ហានេះឱ្យបានឆាប់ដែរ»។

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តុលាការបានដោះលែងថ្នាក់​ដឹក​នាំ​សហជីព​ណា​ហ្គា​វើលដ៍​ចំនួន ៨​នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈសមាជិកសហជីព ៣នាក់ទៀតមិនទាន់ដោះលែងទេ។

ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ទាំង ៨នាក់ ដែលបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ​មានដូចជា  ឈ្មោះ ឈឹម ស៊ីថរ, ឈ្មោះ រី សុវណ្ណឌី, ឈ្មោះ សុន ស្រីពេជ្រ, ឈ្មោះ ហៃ សុភាព, ឈ្មោះ ទូច សិរីមាស, ឈ្មោះ ឃ្លាំង សុបិន្ត, ឈ្មោះ ឈឹម សុខន, និងឈ្មោះ សុខ ណារិទ្ធ។

អ្នកទាំង ៨នាក់ ត្រូវបានសមត្ថកិច្ចចាប់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីខែមករា ឆ្នាំ២០២២ ក្រោមបទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ដោយឡែក សមាជិកសហជីពចំនួន ៣នាក់ទៀត ដែលកំពុងជាប់ឃុំនៅពន្ធនាគារភ្នំពេញ ឬPJ ​តុលាការចោទបានប្រកាន់ពួកគេពីបទល្មើសច្បាប់វិធានការសុខាភិបាលប្រឆាំងជំងឺកូវី-ដ១៩ នៅមិនទាន់ដោះលែង​នោះទេ។

យ៉ាងណា បើតាមសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល​នៅថ្ងៃទី១៥ ខែមីនានេះ បានឱ្យដឹងថា កូដករដែលកំពុងជាប់ឃុំ ៣នាក់ទៀត ក្រសួងការងារក៏បានរៀបចំសំណើដាក់ទៅកាន់ក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាលដើម្បីពិនិត្យនិងរកអន្តរាគមន៍ដោះលែងតាមផ្លូវច្បាប់។

ការចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និងសមាជិកក្រុមហ៊ុនណាហ្គាវើលដ៍ទាំង១១នាក់  ធ្វើឡើងបន្ទាប់ពួកគេបាននាំគ្នាធ្វើកូកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនដោះស្រាយវិវាទការងារ និងទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ។

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលដដែលបញ្ជាក់ថា ក្រសួងការងារនិងធ្វើការសម្របសម្រួលដើម្បីស្វែងរកដំណោះស្រាយវិវាទការងារក្រុមហ៊ុនល្បែងមួយនេះ ដោយបានអញ្ជើញភាគីទាំងពីរមកប្រជុំដោះស្រាយបន្តនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ