មន្រ្តីសុខាភិបាល៖ អ្នកធ្លាប់ឆ្លង​​កូវីដ-១៩​មួយ​ចំនួន អាច​នៅ​​មាន​​រោគ​សញ្ញា​​សេស​​សល់​​ខ្លះ​​ក្រោយ​​ជា​​សះ​​ស្បើយ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកធ្លាប់ឆ្លង​ជំងឺកូវីដ-១៩​មួយចំនួន អាច​នៅ​មាន​រោគ​​សញ្ញា​​ដែល​នៅ​សេស​សល់​បន្ត​ក្នុងរយៈពេល​ប្រហែល១ឆ្នាំ ក្រោយ​ពីបានជា​សះ​ស្បើយ​ពី​ជំងឺ​នេះ​ ដូច​​ជា ឆាប់​នឿយ​ហត់ ពិបាក​ដកដង្ហើម បញ្ហា​ផ្លូវចិត្ត និង​អាការៈ​មួយ​ចំនួន​ទៀត ទៅ​តាម​ស្ថាន​ភាព​​សុខភាព​របស់​បុគ្គលម្នាក់ៗ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​លើក​ឡើង​​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ២០២២នេះថា តាមការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បរទេស​មួយចំនួន លើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន ដែលគេសង្កេតឃើញប្រហែល​ជា ២៣ ​ទៅ​២៦% គឺមានបញ្ហា​ផ្លូវចិត្ត​ ដូចជា បញ្ហា​ឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។

ទន្ទឹម​នឹង​នេះ លោកស្រីថា ភាពឆាប់នឿយ​ហត់ឬមានអារម្មណ៍ថាមិនសូវមានកម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួន​ទៀត ក៏មានការ​ឆាប់​ទទួលបាន​នូវការ​ឆ្លង​ជំងឺកូវីដ-១៩ ឡើងវិញផងដែរ។

លោកស្រី ឱ វណ្ណឌីន បានពន្យល់ថា៖ «ករណីនេះ អាស្រ័យ​លើ​សរីរាង្គរបស់​បុគ្គលម្នាក់​ៗ​ដែល​មានការ​ឆ្លើយ​តប និងការវិវត្តន៍កើតមានមិនដូចគ្នា​នោះឡើយ ជាពិសេស​ស្ថានភាព​នៃ​អង់​ទីគ័​រ​​របស់​​បុគ្គលឆ្លើយ​តបទប់ទល់​ទៅ​នឹង​ជំងឺ​នេះ ហើយ​ក៏អាស្រ័យ​លើស្ថាន​ភាព​ដែល​បុគ្គល​​បា​ន​ឆ្លង​កា​ត់​​សភាព​ជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ»។

បើតាមការសិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​បរទេស​មួយចំនួន ដែលលោកស្រី ឱ វណ្ណ​ឌីន លើក​យក​មក​បង្ហាញ​នេះ អ្នក​ជា​សះស្បើយពីជំងឺកូវីដ-១៩ ក៏អាច​នៅមាន​រោគ​សញ្ញា​ដែល​នៅ​សេស​សល់បន្ត​ក្រោយជាសះស្បើយដែរ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដូច​ជា មាន​អារម្មណ៍​ថា​ខ្សោយ​​ជាង​មុន​​ពេល​​ឈឺ ដកដង្ហើមមិនបានវែងៗឬមានអារម្មណ៍រៀងថប់ៗដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺ​សន្លាក់​ដៃ​ជើង អាច​មានឈឺដើមទ្រូងខ្លះៗ មានបញ្ហាការចងចាំ និង​បញ្ហា​សម្រាន្ត​មិន​លក់ ឈឺ​សាច់​ដុំ​ឬ​ឈឺ​ក្បាល បេះដូងដើរញាប់ជាងមុន និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមាន​អារម្មណ៍​ព្រួយ​ច្រើន​ជាដើម។

លោកស្រីបញ្ជាក់បន្ថែមថា៖ «រោគសញ្ញាខាងលើ​ នឹងប្រហែល​ជា​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ៦​ទៅ​១២​ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ​ ឬមិនបាត់ទៅវិញ អាស្រ័យ​លើការ​បន្តថែទាំសុខភាព​របស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ១៩ និងការធ្វើលំហាត់​ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេស​ចាំបាច់​ត្រូវចៀស​វាង​កុំបណ្តោយ​ឱ្យ​ខ្លួនមានការឆ្លងជំងឺនេះឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់​មិន​ល្អដល់សរីរាង្គណាមួយ​របស់​បុគ្គលដូចជា ប្រព័ន្ធសសៃប្រសាទ បេះដូង ថ្លើម និង​តម្រង​នោម​ជាដើម»។

ទោះយ៉ាងណា លោកស្រីថា អ្នកវិទ្យាសាស្រ្ត ក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយថា​តើ​ផល​ប៉ះ​ពាល់​សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គបុគ្គលដែលបានជាសះស្បើយ​ពីជំងឺកូវីដ-១៩ នៅក្នុង​កម្រិត​ណា​​ និងរយៈពេលយូរប៉ុណ្ណានោះ ដែលតម្រូវឱ្យមានការ​សិក្សា​ច្បាស់លាស់​ជាបន្តបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងសុខាភិបាលរូបនេះ ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ការ​ពារ​ខ្លួន​កុំឱ្យ​ឆ្លង​វីរុស​កូវីដ-១៩ និង​ជំរុញនិងលើកទឹកចិត្តដល់​ប្រជាពលរដ្ឋ​ ទៅចាក់​វ៉ាក់សាំង​ដូសទី៣ ឬដូសជំរុញឱ្យ​បានគ្រប់ៗគ្នា ដើម្បីបង្កើននូវកងការពារ​ក្នុងសរីរាង្គរបស់បុគ្គល និងចៀសផុតពីផលវិបាក​នានា ពីជំងឺកាចសាហាវមួយនេះ។

លោកស្រីឱ វណ្ណឌីន គូសបញ្ជាក់ថា៖ «សូមកុំភ្លេចថា សរីរាង្គកាយយើង ប្រហែលជានឹង​អាចមាន​ការ​ប៉ះពាល់​សុខភាពទោះតិចក្តី ឬច្រើនក្តី ក្រោយពីបានឆ្លងជំងឺកូវីដ១៩ ប្រសិន​បើ​យើង​មិមានកងការពារ​ខ្លួន​យើងរឹងម៉ាំទេនោះ»។

បើ​តាម​ក្រសួង​សុខាភិ​បាល គិតត្រឹមព្រឹកថ្ងៃ​ពុធម្សិលមិញ​ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន ១៣៤ ៤៩២នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន ១៣០ ០២៨​នាក់ និង​អ្នកស្លាប់​ចំនួន​ ៣ ០៤៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ