លោក ហ៊ុន សែន ចង់​ឱ្យ​​មាន​ការ​វះកាត់​ប្តូរ​សរីរាង្គ​​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យ​លោកសង្ឃ នៅព្រឹក​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនស្របច្បាប់នៅក្នុងប្រទេស ខណៈមន្ទីរពេទ្យមួយចំនួនមានសមត្ថភាពគ្រប់គ្រាន់លើរឿងនេះ ប៉ុន្ដែមិនអនុញ្ញាតឱ្យមានការជួញដូរសរីរាង្គមនុស្សនៅកម្ពុជាឡើយ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈឬពេទ្យលោកសង្ឃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ហ៊ុន​ សែន ថា ចាប់តាំងពីឆ្នាំ២០១០ កម្ពុជាមានសមត្ថភាពក្នុងការដូរក្រលៀន ដែលមាននៅមន្ទីរពេទ្យព្រះកេតុមាលា ​ គ្រាន់តែមិនមានការផ្សព្វផ្សាយឲ្យបានទូលំទូលាយតែប៉ុណ្ណោះ។ ការមិនផ្សព្វផ្សាយនេះ លោកថា ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមិនដឹង ហើយពេលមានជំងឺខូចក្រលៀន តម្រូវឱ្យពួកគាត់ចេញទៅក្រៅប្រទេស ដើម្បីដូរសិរីរាង្គទាំងនេះ។

លោក ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន បានចេញទៅប្រទេសក្រៅ ដែលត្រូវចំណាយលុយច្រើន។ អីចឹងទេខ្ញុំមិនដឹងថា តើថ្ងៃក្រោយគួរយើងធ្វើយ៉ាងម៉េចអំពីបញ្ហានេះ ព្រោះបើយើងមិន   ឱ្យដូរ ក៏គាត់ទៅដូរនៅប្រទេសក្រៅ។ អីចឹងទេ តើយើងគួរដោះស្រាយបញ្ហានេះ ក្នុងប្រទេសរបស់យើងដោយផ្តល់លទ្ធភាព ឱ្យក្លាយជាភាពស្របច្បាប់តែម្តង សូមឱ្យគិតគូរលើបញ្ហានេះ»

​លោកបន្ថែមថា កន្លងទៅក៏មានជនបរជនមកប្តូរក្រលៀននៅប្រទេសកម្ពុជាផងដែរ។ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា យ៉ាងណាមិនអនុញ្ញាតឱ្យមានការជួញដូរសិរីរាង្គនោះទេ ដោយវិធីសាស្ត្រ​ប្តូរសរីរាង្គនេះត្រូវរកចេញពីក្រុមគ្រួសាររបស់អ្នកជំងឺ ឬអ្នកដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ​

លោកបន្ថែមថា ៖«[…]ប៉ុន្ដែកុំឱ្យមានការជួញដូរសរីរាង្គ ឧទាហរណ៍ដើម្បីឱ្យវាត្រូវគ្នារវាងអ្នកត្រូវទទួលការដោះដូរជាមួយនឹងអ្នកដែលផ្ដល់ វាត្រូវតែមានគ្រុបឈាមដូចគ្នា ត្រូវតែរកចេញពីក្រុមគ្រួសារ ឬអ្នកដទៃទៀតដែលមានការស្ម័គ្រចិត្តដើម្បីនឹងផ្ដល់»

បើតាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធនេះ មានសមត្ថភាពក្នុងការវះកាត់ប្តូរក្រលៀន និងប្តូរថ្លើម រួមទាំងអវៈយវៈមួយចំនួនទៀតផងដែរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃ​ ​ត្រូវបានសាងសង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង៨០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។

​យ៉ាង​ណាក៏ដោយ កាលពីពេលថ្មីៗនេះ មនុស្សពីរនាក់ ដោយម្នាក់ជាបុរសជនជាតិចិន​ និងម្នាក់ទៀតជាស្ត្រីជនជាតិថៃ​ បាន​អះអាងដាច់ដោយឡែកពីគ្នាថា ពួកគេត្រូវបានបូមឈាមយកលក់ ដោយប្រតិបត្តិករនៃក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងក្រុងព្រះសីហនុ ដោយចោទប្រកាន់ថា ពួកគេអាចនឹងអាចប្រឈមការជួញដូរសរីរាង្គថែមទៀតផង ប្រសិនបើពួកគេមិនត្រូវបានជួយសង្រ្គោះ។

ទោះជាបែបនេះក្តី ​​ក្រោយព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ​​​ អ្នក​ទាំង​ពីរ​ចេញមុខបដិសេធ​រឿង​ទាំង​នេះវិញ ដោយ​និយាយ​ថា ​ពួក​គេ​ប្រតិដ្ឋ​រឿង​ទាំងនោះឡើង ​ដើម្បី​ទទួល​បាន​ជំនួយ និងការជួយសង្រ្គោះចេញពីកម្ពុជា​ឱ្យបានឆាប់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ